មាន​ពេល​មួយ ខ្ញុំ​បាន​ដើរ​រក​មើល​សៀវភៅ នៅ​ក្នុង​បណ្ណា​ល័យ​មួយ នៅ​ជាន់​ផ្ទាល់​ដី នៃ​មជ្ឈ​មណ្ឌល​សហគមន៍​ថ្មី។ ពេល​នោះ ខ្ញុំ​ក៏​បាន​ឮ​សម្លេង​ប៉ះ​ទង្គិច​ដ៏​ខ្លាំង​មួយ ធ្វើ​ឲ្យ​ញ័រ​បន្ទប់​ទំាង​មូល។ ពីរ​បី​នាទី​ក្រោយ​មក ខ្ញុំ​ក៏​បាន​ឮ​វា​ម្តង​ហើយ​ ម្តង​ទៀត។ ទី​បំផុត បណ្ណា​រក្ស​ដែល​កំពុង​តែ​មិន​សប្បាយ​ចិត្ត ក៏​បាន​ពន្យល់​ថា កន្លែង​លើក​ដុំ​ដែក ស្ថិត​នៅ​ជាន់​ខាង​លើ​បណ្ណាគារ ហើយ​សម្លេង​រំខាន​នេះ​បាន​កើត​ឡើង រៀង​រាល់​ពេល​ដែល​នរណា​ម្នាក់​ទម្លាក់​ដុំដែក​នៅ​លើ​កម្រាល​ឥដ្ឋ។ ស្ថាបត្យករ និង​អ្នក​រចនា​ប្លង់ទាំង​ឡាយ​បាន​គូរ​ប្លង់ និង​រៀប​ចំ​ផ្នែក​ជា​ច្រើន របស់​អគារ​ដ៏​ល្អ​ប្រណិត​នេះ យ៉ាង​ប្រុង​ប្រយ័ត្ន តែ​គេ​បាន​ភ្លេច​ជ្រើស​រើស​ទីតាំង​បណ្ណាគារ​នេះ ​ឲ្យ​នៅ​ឆ្ងាយ​ពី​កន្លែង​លើក​សាច់​ដុំ​នេះ។​

ក្នុង​ជីវិត​យើង​ក៏​យ៉ាង​ដូច្នោះ​ដែរ។ ផែន​ការ​របស់​យើង​ច្រើន​តែ​មាន​ភាព​ខ្វះ​ចន្លោះ។ យើង​ច្រើន​តែ​មើល​រំលង​ចំណុច​ល្អ​ជា​ច្រើន​។ យើង​មិន​បាន​រៀប​ចំ​ផែន​ការ ដោយ​គិត​ដល់​គ្រោះ​ថ្នាក់ ឬ​រឿង​ដ៏​ភ្ញាក់​ផ្អើល​នោះ​ឡើយ។ ការ​រៀប​ផែន​ការ​ជួយ​ឲ្យ​យើងជៀស​វាង​ការ​ខ្វះ​ខាត​ផ្នែក​ហិរញ្ញ​វត្ថុ ការ​ខាត​បង់​ពេល​វេលា និង​បញ្ហា​សុខ​ភាព​ជា​ដើម តែ​សូម្បី​តែ​យុទ្ធ​សាស្រ្ត​ដែល​ល្អិត​ល្អន់បំផុត ក៏​នៅ​តែ​មិន​អាច​លុប​បំបាត់​បញ្ហា ក្នុង​ជីវិត​យើង​បាន​ឡើយ។ ព្រោះ​យើង​កំពុង​រស់​នៅ​ក្នុង​ពិភព​លោក ក្រោយ​សម័យសួន​ច្បារ​អេដែន។

តែ​ដោយ​ជំនួយ​មក​ពី​ព្រះ​ នោះ​យើង​អាច​រក​ឃើញ​តុល្យភាព​រវាង ការ​ធ្វើ​គម្រោង​សម្រាប់​ពេល​អនាគត​(សុភាសិត ៦:៦-៨) និង​ការ​ឆ្លើយ​តប ចំពោះ​ទុក្ខ​លំបាក។ ព្រះ​ទ្រង់​ច្រើន​តែ​មាន​គោល​បំណង សម្រាប់​បញ្ហា​ដែល​ព្រះ​អង្គ​អនុញ្ញាត​ឲ្យ​កើត​ឡើង ក្នុង​ជីវិត​យើង។ ព្រះ​អង្គ​អាច​ប្រើ​វា ដើម្បី​នាំ​ឲ្យ​យើង​មាន​ចិត្ត​អត់​ធ្មត់ ដើម្បី​បង្កើន​ជំនឿ​យើង​ ឬ​គ្រាន់​តែ​ដើម្បី​នាំ​យើង​ចូល​ទៅជិត​ព្រះ​អង្គ។ ព្រះ​គម្ពីរ​បាន​រំឭក​យើង​ថា “នៅ​ក្នុង​ចិត្ត​មនុស្ស តែង​មាន​គំនិត​គិត​ធ្វើ​ជា​ច្រើន​យ៉ាង មាន​តែ​ដំបូន្មាន​នៃ​ព្រះយេហូវ៉ា​ប៉ុណ្ណោះ ដែល​នឹង​ស្ថិតស្ថេរ​នៅ”(សុភាសិត ១៩:២១)។ ខណៈ​ពេល​ដែល​យើង​ថ្វាយ​គោល​ដៅ និង​ក្តី​សង្ឃឹម​របស់​យើង សម្រាប់​ពេល​អនាគត ដល់​ព្រះ​យេស៊ូវ ព្រះ​អង្គ​នឹង​បង្ហាញ​យើង នូវ​អ្វី​ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​នឹង​សម្រេច​ ក្នុង​យើង និង​តាម​រយៈ​យើង។—Jennifer Benson Schuldt