មានពេលមួយ ខ្ញុំបានដើររកមើលសៀវភៅ នៅក្នុងបណ្ណាល័យមួយ នៅជាន់ផ្ទាល់ដី នៃមជ្ឈមណ្ឌលសហគមន៍ថ្មី។ ពេលនោះ ខ្ញុំក៏បានឮសម្លេងប៉ះទង្គិចដ៏ខ្លាំងមួយ ធ្វើឲ្យញ័របន្ទប់ទំាងមូល។ ពីរបីនាទីក្រោយមក ខ្ញុំក៏បានឮវាម្តងហើយ ម្តងទៀត។ ទីបំផុត បណ្ណារក្សដែលកំពុងតែមិនសប្បាយចិត្ត ក៏បានពន្យល់ថា កន្លែងលើកដុំដែក ស្ថិតនៅជាន់ខាងលើបណ្ណាគារ ហើយសម្លេងរំខាននេះបានកើតឡើង រៀងរាល់ពេលដែលនរណាម្នាក់ទម្លាក់ដុំដែកនៅលើកម្រាលឥដ្ឋ។ ស្ថាបត្យករ និងអ្នករចនាប្លង់ទាំងឡាយបានគូរប្លង់ និងរៀបចំផ្នែកជាច្រើន របស់អគារដ៏ល្អប្រណិតនេះ យ៉ាងប្រុងប្រយ័ត្ន តែគេបានភ្លេចជ្រើសរើសទីតាំងបណ្ណាគារនេះ ឲ្យនៅឆ្ងាយពីកន្លែងលើកសាច់ដុំនេះ។
ក្នុងជីវិតយើងក៏យ៉ាងដូច្នោះដែរ។ ផែនការរបស់យើងច្រើនតែមានភាពខ្វះចន្លោះ។ យើងច្រើនតែមើលរំលងចំណុចល្អជាច្រើន។ យើងមិនបានរៀបចំផែនការ ដោយគិតដល់គ្រោះថ្នាក់ ឬរឿងដ៏ភ្ញាក់ផ្អើលនោះឡើយ។ ការរៀបផែនការជួយឲ្យយើងជៀសវាងការខ្វះខាតផ្នែកហិរញ្ញវត្ថុ ការខាតបង់ពេលវេលា និងបញ្ហាសុខភាពជាដើម តែសូម្បីតែយុទ្ធសាស្រ្តដែលល្អិតល្អន់បំផុត ក៏នៅតែមិនអាចលុបបំបាត់បញ្ហា ក្នុងជីវិតយើងបានឡើយ។ ព្រោះយើងកំពុងរស់នៅក្នុងពិភពលោក ក្រោយសម័យសួនច្បារអេដែន។
តែដោយជំនួយមកពីព្រះ នោះយើងអាចរកឃើញតុល្យភាពរវាង ការធ្វើគម្រោងសម្រាប់ពេលអនាគត(សុភាសិត ៦:៦-៨) និងការឆ្លើយតប ចំពោះទុក្ខលំបាក។ ព្រះទ្រង់ច្រើនតែមានគោលបំណង សម្រាប់បញ្ហាដែលព្រះអង្គអនុញ្ញាតឲ្យកើតឡើង ក្នុងជីវិតយើង។ ព្រះអង្គអាចប្រើវា ដើម្បីនាំឲ្យយើងមានចិត្តអត់ធ្មត់ ដើម្បីបង្កើនជំនឿយើង ឬគ្រាន់តែដើម្បីនាំយើងចូលទៅជិតព្រះអង្គ។ ព្រះគម្ពីរបានរំឭកយើងថា “នៅក្នុងចិត្តមនុស្ស តែងមានគំនិតគិតធ្វើជាច្រើនយ៉ាង មានតែដំបូន្មាននៃព្រះយេហូវ៉ាប៉ុណ្ណោះ ដែលនឹងស្ថិតស្ថេរនៅ”(សុភាសិត ១៩:២១)។ ខណៈពេលដែលយើងថ្វាយគោលដៅ និងក្តីសង្ឃឹមរបស់យើង សម្រាប់ពេលអនាគត ដល់ព្រះយេស៊ូវ ព្រះអង្គនឹងបង្ហាញយើង នូវអ្វីដែលព្រះអង្គសព្វព្រះទ័យនឹងសម្រេច ក្នុងយើង និងតាមរយៈយើង។—Jennifer Benson Schuldt