មាន​ពេល​មួយ​អ្នក​ស្រី​ប៊ីតា(Beata) បាន​រំឭក​អំពី​ពេល​ដែល​នាង​បាន​អត់​ឱន​ទោស​ឲ្យ​លោក​ម៉ាណាសេ(Manasseh) ដែល​បាន​សម្លាប់​ស្វាមី​ និង​កូន​របស់​នាង​ ក្នុង​អំពើ​ប្រល័យ​ពូជ​សាសន៍​នៅ​ប្រទេស​រវ៉ាន់ដា។ នាង​ថា “ខ្ញុំ​បាន​អត់​ឱន​ទោសឲ្យ​គេ ដោយ​យក​គំរូ​តាម​ព្រះ​យេស៊ូវ។ ព្រះ​អង្គ​បាន​ទទួល​យក​ទោស នៃ​អំពើ​បាប​របស់​យើង​រាល់​គ្នា។ ឈើ​ឆ្កាង​ព្រះ​អង្គ​ ជា​កន្លែងដែល​យើង​រក​ឃើញ​ជ័យ​ជម្នះ គឺ​គ្មាន​កន្លែង​ណា​ផ្សេង​ឡើយ!” លោក​ម៉ានាសេ​បាន​សរសេរ​សំបុត្រ​ផ្ញើ​ពី​ក្នុង​គុក ជា​ច្រើន​ដង ដើម្បី​សុំ​អង្វរ​នាង និង​ព្រះ ឲ្យ​អត់​ទោស​ឲ្យ​គាត់ ហើយ​គាត់​ក៏​បាន​រៀប​រាប់​អំពី​សុបិន​អាក្រក់ ដែល​បាន​ញាំញី​គាត់​រៀង​រាល់​យប់ បន្ទាប់​ពី​គាត់​បាន​ប្រព្រឹត្ត​ខុស។ ពី​ដំបូង​នាង​មិន​អាច​អត់​ទោស​ឲ្យ​គាត់ ដោយ​និយាយ​ថា នាង​ស្អប់​គាត់ ដោយ​សារ​គាត់​បាន​សម្លាប់​ក្រុម​គ្រួសារ​នាង។ ប៉ុន្តែ បន្ទាប់​មក ព្រះ​យេស៊ូវ​ក៏​បាន​ធ្វើ​ការ​ក្នុង​ចិត្ត​នាង ហើយ​ដោយ​ជំនួយ​មក​ពី​ព្រះ​អង្គ ពីរ​ឆ្នាំ​ក្រោយមក នាង​ក៏​បាន​អត់​ទោស​ឲ្យ​គាត់។

ត្រង់​ចំណុច​នេះ អ្នក​ស្រី​ប៊ីតា​បាន​អនុវត្ត​តាម​ការ​បង្រៀន​របស់​ព្រះ​យេស៊ូវ ឲ្យ​ពួក​សាវ័ក​អត់​ទោស​ឲ្យ​អ្នក​ដែល​បាន​ប្រែ​ចិត្ត។ គឺដូច​ដែល​ព្រះ​អង្គ​មាន​បន្ទូល​ថា “បើ​គាត់​ធ្វើ​បាប​នឹង​អ្នក​៧​ដង​ក្នុង​១​ថ្ងៃ ហើយ​ត្រឡប់​មក​និយាយ​នឹង​អ្នក​៧​ដង​ថា ខ្ញុំ​ប្រែ​ចិត្ត​ហើយ នោះ​ត្រូវ​ឲ្យ​អ្នក​អត់​ទោស​ដល់​គាត់​ជា​កុំ​ខាន”(លូកា ១៧:៤)។ ការ​អត់​ទោស​ឲ្យ​គេ អាច​មាន​ការ​ពិបាក​ក្រៃ​លែង ហេតុនេះ​ហើយ​បាន​ជា​ពួក​សាវ័ក​បាន​ឆ្លើយ​តប​ចំពោះ​ព្រះ​បន្ទូល​ព្រះ​អង្គ ដោយ​ទូល​សូម​ព្រះ​អង្គ ចម្រើន​សេចក្តី​ជំនឿ​របស់​ពួក​គេ​(ខ.៥)។

ជំនឿ​របស់​អ្នក​ស្រី​ប៊ីតា​បាន​កើន​ឡើង ខណៈ​ពេល​ដែល​នាង​ខិត​ខំ​អធិស្ឋាន សូម​ព្រះ​អង្គ​ជួយ​នាង ឲ្យ​អាច​អត់​ទោស​ឲ្យ​គេ។ ដូច​នេះ បើ​យើង​ពិបាក​អត់​ទោស​ឲ្យ​គេ នោះ​យើង​អាច​ទូល​សូម​ព្រះ​អង្គ ឲ្យ​ជួយ​យើង​អត់​ទោស​ឲ្យ​គេ តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​។ ព្រះ​អង្គ​ជួយ​យើង​ឲ្យ​អត់​ទោស​ឲ្យ​គេ ខណៈ​ពេល​ដែល​ជំនឿ​យើង​កើន​ឡើង។—Amy Boucher Pye