មានពេលមួយអ្នកស្រីប៊ីតា(Beata) បានរំឭកអំពីពេលដែលនាងបានអត់ឱនទោសឲ្យលោកម៉ាណាសេ(Manasseh) ដែលបានសម្លាប់ស្វាមី និងកូនរបស់នាង ក្នុងអំពើប្រល័យពូជសាសន៍នៅប្រទេសរវ៉ាន់ដា។ នាងថា “ខ្ញុំបានអត់ឱនទោសឲ្យគេ ដោយយកគំរូតាមព្រះយេស៊ូវ។ ព្រះអង្គបានទទួលយកទោស នៃអំពើបាបរបស់យើងរាល់គ្នា។ ឈើឆ្កាងព្រះអង្គ ជាកន្លែងដែលយើងរកឃើញជ័យជម្នះ គឺគ្មានកន្លែងណាផ្សេងឡើយ!” លោកម៉ានាសេបានសរសេរសំបុត្រផ្ញើពីក្នុងគុក ជាច្រើនដង ដើម្បីសុំអង្វរនាង និងព្រះ ឲ្យអត់ទោសឲ្យគាត់ ហើយគាត់ក៏បានរៀបរាប់អំពីសុបិនអាក្រក់ ដែលបានញាំញីគាត់រៀងរាល់យប់ បន្ទាប់ពីគាត់បានប្រព្រឹត្តខុស។ ពីដំបូងនាងមិនអាចអត់ទោសឲ្យគាត់ ដោយនិយាយថា នាងស្អប់គាត់ ដោយសារគាត់បានសម្លាប់ក្រុមគ្រួសារនាង។ ប៉ុន្តែ បន្ទាប់មក ព្រះយេស៊ូវក៏បានធ្វើការក្នុងចិត្តនាង ហើយដោយជំនួយមកពីព្រះអង្គ ពីរឆ្នាំក្រោយមក នាងក៏បានអត់ទោសឲ្យគាត់។
ត្រង់ចំណុចនេះ អ្នកស្រីប៊ីតាបានអនុវត្តតាមការបង្រៀនរបស់ព្រះយេស៊ូវ ឲ្យពួកសាវ័កអត់ទោសឲ្យអ្នកដែលបានប្រែចិត្ត។ គឺដូចដែលព្រះអង្គមានបន្ទូលថា “បើគាត់ធ្វើបាបនឹងអ្នក៧ដងក្នុង១ថ្ងៃ ហើយត្រឡប់មកនិយាយនឹងអ្នក៧ដងថា ខ្ញុំប្រែចិត្តហើយ នោះត្រូវឲ្យអ្នកអត់ទោសដល់គាត់ជាកុំខាន”(លូកា ១៧:៤)។ ការអត់ទោសឲ្យគេ អាចមានការពិបាកក្រៃលែង ហេតុនេះហើយបានជាពួកសាវ័កបានឆ្លើយតបចំពោះព្រះបន្ទូលព្រះអង្គ ដោយទូលសូមព្រះអង្គ ចម្រើនសេចក្តីជំនឿរបស់ពួកគេ(ខ.៥)។
ជំនឿរបស់អ្នកស្រីប៊ីតាបានកើនឡើង ខណៈពេលដែលនាងខិតខំអធិស្ឋាន សូមព្រះអង្គជួយនាង ឲ្យអាចអត់ទោសឲ្យគេ។ ដូចនេះ បើយើងពិបាកអត់ទោសឲ្យគេ នោះយើងអាចទូលសូមព្រះអង្គ ឲ្យជួយយើងអត់ទោសឲ្យគេ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ។ ព្រះអង្គជួយយើងឲ្យអត់ទោសឲ្យគេ ខណៈពេលដែលជំនឿយើងកើនឡើង។—Amy Boucher Pye