“នាង​មាន​លក្ខណៈ​ដែល​អាច​ឲ្យ​ខ្ញុំ​ទ្រាំ​ទ្រ​បាន តែ​មិន​មាន​សម្រស់​គ្រប់​គ្រាន់ ដើម្បី​ល្បួង​ខ្ញុំ​ទេ”។ នេះ​ជា​ពាក្យ​សម្តី​ដែល​លោក ដាស៊ី(Darcy) បាន​និយាយ​ចេញ​មក ក្នុង​រឿង អំណួត និង​បុរេវិន្និច្ឆ័យ ដែល​អ្នក​ស្រីចេន អូស្ទីន(Jane Austen) បាននិពន្ធ និង​ជា​មូល​ហេតុ ដែល​ខ្ញុំ​មិន​ដែល​ភ្លេច​រឿង​ប្រលោម​លោក​នេះ និង​ឥទ្ធិ​ពល ដែល​វា​មាន​មក​លើ​ខ្ញុំ។ បន្ទាប់​ពី​ខ្ញុំ​បាន​អាន​ពាក្យមួយ​ប្រយោគ​នេះ​ហើយ ខ្ញុំ​ក៏​បាន​គិត​ច្បាស់​ថា ខ្ញុំ​មិន​អាច​ចូល​ចិត្ត​តួ​អង្គ​ឈ្មោះ​ដាស៊ី​បាន​ទេ។

តែ​ខ្ញុំ​បាន​គិត​ខុស។ ខ្ញុំ​ក៏​មាន​ការ​ផ្លាស់​ប្តូរ​គំនិត​របស់​ខ្ញុំ​បន្តិច​ម្តង​ៗ ដោយ​ការ​ស្ទាក់​ស្ទើរ​ខ្លះ​ៗ គឺ​មិន​ខុស​ពី​តួអង្គ អេលីហ្សាប៊ែត បេននេត(Elizabeth Bennet) នោះ​ឡើយ។ ខ្ញុំ​ក៏​ដូច​គាត់​នៅ​ត្រង់​ចំណុច​ដែល​ថា ខ្ញុំ​មិន​ចង់​ស្គាល់​ចរិក​លក្ខណៈ​របស់លោក​ដាស៊ី​ឲ្យ​បាន​ច្បាស់ ហេតុ​នេះ​ហើយ ខ្ញុំ​ចូល​ចិត្ត​បញ្ចេញ​ប្រតិ​កម្ម ចំពោះ​ចំណុច​អាក្រក់​បំផុត​របស់​គាត់។ ពេល​ដែល​ខ្ញុំបាន​អាន​រឿង​នេះ​ចប់ ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា តើ​មាន​នរណា​ខ្លះ ដែល​បាន​ធ្វើ​នូវ​កំហុស​ដូច​នេះ នៅ​ក្នុង​ជីវិត​ពិត? តើ​ខ្ញុំ​បាន​បាត់​បង់​ឱកាស​មាន​មិត្ត​ភាព​ណា​ខ្លះ ដោយ​សារ​ការ​ចូល​ចិត្ត​ថ្កោល​ទោស​អ្នក​ដទៃ?

នៅ​ក្នុង​ចំណុច​ស្នូល​នៃ​ជំនឿ​លើ​ព្រះ​យេស៊ូវ គឺ​មាន​ការ​ទត​ឃើញ ការ​ស្រឡាញ់ និង​ការ​ឱប​ក្រសោប ពី​ព្រះ​អង្គ​សង្រ្គោះ​នៃយើង ទោះ​យើង​មាន​លក្ខណៈ​អាក្រក់​បំផុត​ក៏​ដោយ​(រ៉ូម ៥:៨ និង ១យ៉ូហាន ៤:១៩)។ យើង​ចាំ​បាច់​ត្រូវ​ដឹង​ថា យើង​អាច​លះចោល​ជីវិត​ចាស់ និង​ក្លែង​ក្លាយ​របស់​យើង ដើម្បី​ទទួល​យក​អត្ត​សញ្ញាណ​ដ៏​ពិត នៅ​ក្នុង​ព្រះ​គ្រីស្ទ​(អេភេសូរ ៤:២៣-២៤)។ ហើយ​យើង​ក៏​មាន​អំណរ ពេល​ដែល​បាន​ដឹង​ថា យើង​មិន​នៅ​ដាច់​តែ​ឯង​ទៀត​ឡើយ តែ​ជា​ផ្នែក​មួយ នៃ​មហា​គ្រួសារ​ នៃ​អ្នកដែល​រៀន​ដើរ​តាម “ផ្លូវ​នៃ​ក្តី​ស្រឡាញ់” ដ៏​ពិត និង​ឥត​លក្ខ​ខ័ណ្ឌ​(៥:២)។

ពេល​ណា​យើង​នឹក​ចាំ អំពី​ការ​អ្វី​ដែល​ព្រះ​គ្រីស្ទ​បាន​ធ្វើ​សម្រាប់​យើង(ខ.២) តើ​យើង​ចង់​មើល​ទៅ​អ្នក​ដទៃ ដូច​ដែល​ព្រះ​អង្គបាន​ទត​មើល​យើង​ឬ​ទេ?—Monica La Rose