“នាងមានលក្ខណៈដែលអាចឲ្យខ្ញុំទ្រាំទ្របាន តែមិនមានសម្រស់គ្រប់គ្រាន់ ដើម្បីល្បួងខ្ញុំទេ”។ នេះជាពាក្យសម្តីដែលលោក ដាស៊ី(Darcy) បាននិយាយចេញមក ក្នុងរឿង អំណួត និងបុរេវិន្និច្ឆ័យ ដែលអ្នកស្រីចេន អូស្ទីន(Jane Austen) បាននិពន្ធ និងជាមូលហេតុ ដែលខ្ញុំមិនដែលភ្លេចរឿងប្រលោមលោកនេះ និងឥទ្ធិពល ដែលវាមានមកលើខ្ញុំ។ បន្ទាប់ពីខ្ញុំបានអានពាក្យមួយប្រយោគនេះហើយ ខ្ញុំក៏បានគិតច្បាស់ថា ខ្ញុំមិនអាចចូលចិត្តតួអង្គឈ្មោះដាស៊ីបានទេ។
តែខ្ញុំបានគិតខុស។ ខ្ញុំក៏មានការផ្លាស់ប្តូរគំនិតរបស់ខ្ញុំបន្តិចម្តងៗ ដោយការស្ទាក់ស្ទើរខ្លះៗ គឺមិនខុសពីតួអង្គ អេលីហ្សាប៊ែត បេននេត(Elizabeth Bennet) នោះឡើយ។ ខ្ញុំក៏ដូចគាត់នៅត្រង់ចំណុចដែលថា ខ្ញុំមិនចង់ស្គាល់ចរិកលក្ខណៈរបស់លោកដាស៊ីឲ្យបានច្បាស់ ហេតុនេះហើយ ខ្ញុំចូលចិត្តបញ្ចេញប្រតិកម្ម ចំពោះចំណុចអាក្រក់បំផុតរបស់គាត់។ ពេលដែលខ្ញុំបានអានរឿងនេះចប់ ខ្ញុំក៏បានឆ្ងល់ថា តើមាននរណាខ្លះ ដែលបានធ្វើនូវកំហុសដូចនេះ នៅក្នុងជីវិតពិត? តើខ្ញុំបានបាត់បង់ឱកាសមានមិត្តភាពណាខ្លះ ដោយសារការចូលចិត្តថ្កោលទោសអ្នកដទៃ?
នៅក្នុងចំណុចស្នូលនៃជំនឿលើព្រះយេស៊ូវ គឺមានការទតឃើញ ការស្រឡាញ់ និងការឱបក្រសោប ពីព្រះអង្គសង្រ្គោះនៃយើង ទោះយើងមានលក្ខណៈអាក្រក់បំផុតក៏ដោយ(រ៉ូម ៥:៨ និង ១យ៉ូហាន ៤:១៩)។ យើងចាំបាច់ត្រូវដឹងថា យើងអាចលះចោលជីវិតចាស់ និងក្លែងក្លាយរបស់យើង ដើម្បីទទួលយកអត្តសញ្ញាណដ៏ពិត នៅក្នុងព្រះគ្រីស្ទ(អេភេសូរ ៤:២៣-២៤)។ ហើយយើងក៏មានអំណរ ពេលដែលបានដឹងថា យើងមិននៅដាច់តែឯងទៀតឡើយ តែជាផ្នែកមួយ នៃមហាគ្រួសារ នៃអ្នកដែលរៀនដើរតាម “ផ្លូវនៃក្តីស្រឡាញ់” ដ៏ពិត និងឥតលក្ខខ័ណ្ឌ(៥:២)។
ពេលណាយើងនឹកចាំ អំពីការអ្វីដែលព្រះគ្រីស្ទបានធ្វើសម្រាប់យើង(ខ.២) តើយើងចង់មើលទៅអ្នកដទៃ ដូចដែលព្រះអង្គបានទតមើលយើងឬទេ?—Monica La Rose