មានបុរសម្នាក់បានដើរចូលទៅក្នុងហាងលក់ទំនិញមួយ នៅទីក្រុងវ៉ូឡុនហ្គុង ប្រទេសអូស្រ្តាលី គាត់បានដាក់ក្រដាស់ប្រាក់ ២០ដុល្លា មួយសន្លឹកនៅលើតុគិតលុយ ដើម្បីសុំដូរលុយ។ ពេលដែលអ្នកគិតលុយបើកថតតុ បុរសនោះក៏បានដកកំាភ្លើងចេញមក ហើយក៏បានបង្គាប់ឲ្យគាត់ប្រគល់លុយទំាងអស់ ដែលមាននៅក្នុងថតតុ។ អ្នកគិតលុយក៏ព្រមប្រគល់ឲ្យ។ បុរសនោះក៏បានយកលុយពីអ្នកគិតលុយ ហើយរត់គេចខ្លួនបាត់ ដោយបន្សល់ទុកនូវក្រដាស់ប្រាក់២០ដុល្លា នៅលើតុ។ តាមពិត លុយក្នុងថតតុទាំងអស់ ដែលគាត់ប្លន់បាន មានតែ១៥ដុល្លា ប៉ុណ្ណោះ។
ពេលខ្លះ យើងបានប្រព្រឹត្តនូវទង្វើរដ៏ល្ងង់ខ្មៅ តែខុសពីចោរនោះ នៅត្រង់ថា យើងបានព្យាយាមធ្វើអ្វីដែលត្រឹមត្រូវ។ អ្វីដែលសំខាន់នោះគឺ តើយើងបានរៀនសូត្រអ្វីខ្លះ ពីទង្វើរដ៏ល្ងង់ខ្លៅនោះ។ បើគ្មានការកែតម្រង់ទេ ការសម្រេចចិត្តដែលខ្វះប្រាជ្ញានេះ អាចក្លាយជាទម្លាប់ ដែលនឹងក្លាយជាចរិតលក្ខណៈអវិជ្ជមានរបស់យើង។ និយាយរួម យើងនឹងក្លាយជា “មនុស្សល្ងីល្ងើ ដែលខ្វះប្រាជ្ញា”(សាស្តា ១០:៣)។
ជួនកាល យើងពិបាកទទួលស្គាល់ភាពល្ងង់ខ្លៅរបស់យើង ដោយសារយើងមិនចង់គិតអំពីវាច្រើន។ យើងប្រហែលជាចាំបាច់ត្រូវគិតពិចារណា អំពីភាពខ្វះចន្លោះ នៅក្នុងចរិតលក្ខណៈរបស់យើង ទោះវាមានការពិបាកក៏ដោយ។ ពុំនោះទេ យើងចាំបាច់ត្រូវទទួលស្គាល់ថា ពេលនោះ យើងបានធ្វើការសម្រេចចិត្តលឿនពេក ហើយពេលក្រោយ យើងនឹងមានការប្រុងប្រយ័ត្ន។ ទោះយើងធ្វើវា ដោយសារមូលហេតុអ្វីក៏ដោយ ទង្វើរល្ងង់ខ្លៅមិនដែលឲ្យយើងចំណេញឡើយ។
តែអរព្រះគុណព្រះ ដែលទ្រង់អាចប្រើភាពល្ងង់ល្ងើរបស់យើង ដើម្បីលត់ដំ និងកែប្រែយើង។ យើងប្រហែលមិនចូលចិត្តការលត់ដំទេ តែការហ្វឹកហាត់ នៅក្នុងការលត់ដំ នាំឲ្យយើងទទួលផលផ្លែល្អ នៅក្នុងរយៈពេលវែង(ហេព្រើរ ១២:១១)។ ចូរយើងទទួលយកការលត់ដំពីព្រះវរបិតានៃយើង ដើម្បីរស់នៅប្រកបដោយប្រាជ្ញា ហើយសូមព្រះអង្គជួយឲ្យយើងផ្លាស់ប្រែ តាមបំណងព្រះទ័យទ្រង់។—Con Campbell