ជួនកាល ពាក្យសម្តីរបស់ក្មេងៗ អាចអង្រួនចិត្តយើង ឲ្យមានការយល់ដឹងសេចក្តីពិតរបស់ព្រះ កាន់តែស៊ីជម្រៅ។ នៅពេលល្ងាចមួយនោះ កាលកូនស្រីខ្ញុំនៅក្មេង ខ្ញុំបាននិយាយប្រាប់គាត់ អំពីការអាថ៌កំបាំងដ៏អស្ចារ្យ នៃសេចក្តីជំនឿរបស់គ្រីស្ទាន។ ការអាថ៌កំបាំងនោះគឺថា ព្រះទ្រង់គង់នៅក្នុងកូនទ្រង់ម្នាក់ៗ តាមរយៈព្រះរាជបុត្រា និងព្រះវិញ្ញាណព្រះអង្គ។ ខ្ញុំក៏បានឲ្យនាងចូលគេង ហើយប្រាប់នាងថា ព្រះយេស៊ូវគង់នៅជាមួយនាង និងគង់នៅក្នុងនាង។ នាងក៏បានសួរខ្ញុំថា “តើព្រះអង្គគង់នៅក្នុងពោះកូនឬ?” ខ្ញុំក៏បានប្រាប់នាងថា “កូនមិនអាចលេបព្រះអង្គចូលក្នុងពោះបានទេ តែព្រះអង្គគង់នៅក្នុងចិត្តកូន”។
ការដែលកូនស្រីខ្ញុំកាត់ស្រាយអត្ថន័យត្រង់ៗ ដូចនេះ បានធ្វើឲ្យខ្ញុំឈប់បង្អង់ ហើយពិចារណា អំពីពេលដែលខ្ញុំបានយាងព្រះយេស៊ូវចូលគង់ក្នុងជីវិតខ្ញុំ ជាព្រះអង្គសង្រ្គោះ ហើយព្រះអង្គក៏បានយាងចូលគង់ ក្នុងខ្ញុំ។
សាវ័កប៉ុលបាននិយាយសំដៅទៅលើការអាថ៌កំបាំងនេះ ពេលដែលគាត់អធិស្ឋាន សូមឲ្យព្រះវិញ្ញាណបរិសុទ្ធចម្រើនកម្លាំងដល់អ្នកជឿ នៅទីក្រុងអេភេសូរ ដើម្បីឲ្យព្រះគ្រីស្ទបានគង់សណ្ឋិតក្នុងចិត្តពួកគេ ដោយសារសេចក្តីជំនឿ(អេភេសូរ ៣:១៧)។ ដោយសារពួកមានព្រះយេស៊ូវគង់នៅក្នុងចិត្ត នោះពួកគេអាចដឹងថា ព្រះអង្គស្រឡាញ់ពួកគេខ្លាំងប៉ុណ្ណា។ សេចក្តីស្រឡាញ់នេះ ក៏បានចម្រើនកម្លាំងពួកគេ ឲ្យពេញវ័យ ក្នុងជំនឿ និងក្នុងសេចក្តីស្រឡាញ់ ចំពោះអ្នកដទៃ ដោយការបន្ទាបខ្លួន និងសេចក្តីសំឡូត ដោយនិយាយចេញនូវសេចក្តីពិត ដោយក្តីស្រឡាញ់(៤:២,២៥)។
ការដែលព្រះយេស៊ូវគង់នៅក្នុងអ្នកដើរតាមទ្រង់ គឺមានន័យថា សេចក្តីស្រឡាញ់របស់ព្រះអង្គ នឹងមិនចាកចេញពីអ្នក ដែលបានយាងព្រះអង្គចូលគង់ក្នុងជីវិតឡើយ។ សេចក្តីស្រឡាញ់របស់ព្រះអង្គ ដែលហួសការយល់ដឹងរបស់មនុស្ស(៣:១៩) ក៏បានជួយឲ្យយើងចាក់ឫសចូលក្នុងព្រះអង្គ ដោយជួយយើងឲ្យដឹងថា ព្រះអង្គស្រឡាញ់យើងជ្រាលជ្រៅប៉ុណ្ណា។
គឺដូចដែលបទចម្រៀងកុមារមួយបទ បានច្រៀងថា “ព្រះយេស៊ូវស្រឡាញ់ខ្ញុំណាស់!”—Amy Boucher Pye