នៅ​សតវត្សរ៍​ទី​៧ ចក្រ​ភព​អង់​គ្លេស ជា​ទឹក​ដី ដែល​មាន​នគរ​ជា​ច្រើន ដែល​មាន​សង្រ្គាម​ជា​មួយ​គ្នា​ជា​ញឹកញាប់។ ពេល​ដែល​ស្តេច​មួយ​អង្គ ព្រះ​នាម អូស្វ៊ល នៃ​នគរ​នតសាំព្រា(Oswald of Northumbria) ក្លាយ​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ គាត់​ក៏​បាន​អំពាវ​នាវ ឲ្យ​មាន​បេសកជន​ម្នាក់ នាំ​ដំណឹង​ល្អ ចូល​តំបន់​របស់​ទ្រង់។​ គេក៏​បាន​ចាត់​បុរស​ម្នាក់​ឈ្មោះ​ ឃរមែន(Corman) ឲ្យ​ទៅផ្សាយ​ដំណឹង​ល្អ​នៅ​ទីនោះ ​តែ​អ្វី​ៗ​មិន​មាន​ដំណើរ​ការ​ល្អ។ គាត់​ឃើញ​ជន​ជាតិ​អង់​គ្លេស​មាន​ចិត្ត “រឹង​ចចេស” មាន​អត្ត​ចរិត ដូចមនុស្ស​ព្រៃ ហើយ​មិន​ចាប់​អារម្មណ៍ ចំពោះ​ការ​បង្រៀន​របស់​គាត់​ ដូច​នេះ គាត់​ក៏​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​ចិត្ត​នឿយ​ណាយ។

អ្នក​បម្រើ​ព្រះ​ម្នាក់​ទៀត​ឈ្មោះ​ អេដិន(Aidan) ក៏​បាន​ប្រាប់ទៅ​លោក​ឃរមិន​ថា ការបង្រៀនរបស់គាត់ លើស​ពី​កំរិត ដែល​អ្នក​ស្តាប់​របស់​គាត់​អាច​យល់​បាន។ គាត់​មិន​បាន​ផ្តល់​ឲ្យ​ប្រជាជន​នៅ​នគរ​នត​សាំព្រា នូវ “គោល​លទ្ធិ​ងាយ​ៗ ដែលប្រៀប​ដូច​ជា​ទឹក​ដោះ​ខាង​វិញ្ញាណ”នោះ​ទេ តែ​គាត់​បាន​ផ្តល់​ឲ្យ​ពួក​គេ នូវ​ការ​បង្រៀន ដែល​ពួក​គេ​មិន​ទាន់​អាច​យល់​ដល់។ លោក​អេដិន​ក៏​បាន​ទៅ​នគរ​នត​សំាព្រា ហើយ​ក៏​បាន​បង្រៀន​ប្រជាជន​នៅ​ទីនោះ តាម​កំរិត​នៃ​ការ​យល់​ដឹង​របស់​គេ។ មនុស្សរាប់​ពាន់​នាក់​ក៏​បាន​ទទួល​ជឿ​ព្រះ​យេស៊ូវ។

ត្រង់​ចំណុច​នេះ លោក​អេដិន ធ្វើ​បេសក​កម្ម ដោយ​យល់​ស្ថាន​ភាព ដោយ​ផ្អែក​ទៅ​លើ​ព្រះ​គម្ពីរ។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បានប្រាប់​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស​ថា “ខ្ញុំ​បាន​ឲ្យ​ទឹក​ដោះ​មក​អ្នក​រាល់​គ្នា​ផឹក មិន​បាន​ឲ្យ​សាច់​បរិភោគ​ទេ ដ្បិត​កាល​ណោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​បរិភោគ​បាន ហើយ​ឥឡូវ​នេះ ក៏​មិន​ទាន់​បាន​ដែរ”(១កូរិនថូស ៣:២)។ បទ​គម្ពីរ​ហេព្រើរ បានចែងថា មុនពេល​យើង​អាច​រស់​នៅ​ជា​គ្រីស្ទ​បរិស័ទ ឲ្យ​បាន​ត្រឹម​ត្រូវ យើង​ត្រូវ​យល់​ការ​បង្រៀន​ជា​មូល​ដ្ឋាន អំពី​ព្រះ​យេស៊ូវ ការ​ប្រែ​ចិត្ត និង​ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​(ហេព្រើរ ៥:១៣-៦:២)។ បន្ទាប់​មក យើង​អាច​ពេញ​វ័យ​ខាង​វិញ្ញាណ​(៥:១៤) ដែល​នេះ​ជា​លំដាប់​លំ​ដោយ ដែល​យើង​មិន​ត្រូវ​មើល​រំលង។ ទឹក​ដោះ ត្រូវ​មក​មុន​សាច់។ មនុស្ស​មិន​អាច​ស្តាប់​បង្គាប់​តាម ការ​បង្រៀន​ ដែល​ពួកគេ​មិន​យល់​នោះ​ឡើយ។

ទី​បំផុត ប្រជា​ជន​នៅ​នគរ​នត​សាំព្រា ក៏​បាន​ផ្សព្វ​ផ្សាយ​ជំនឿ​របស់​ខ្លួន​ពាស​ពេញ​ចក្រ​ភព​អង់​គ្លេស និង​ទៅ​ដល់​ប្រទេស​ក្រៅ​ទៀត។ ពេល​ណា​យើង​ផ្សាយ​ដំណឹង​ល្អ​ដល់​អ្នក​ដទៃ យើង​ចាំ​បាច់​ត្រូវ​យល់​អំពី​កំរិត​ដែល​ពួក​គេ​អាច​យល់​។—Sheridan Voysey