កាលពីដើមឆ្នាំ២០១៩ លោកឆាលី វែនឌ័រមា(Charlie VanderMeer) បានស្លាប់ ក្នុងអាយុ៨៤ឆ្នាំ។ អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ មនុស្សរាប់ពាន់នាក់បានស្គាល់គាត់ ថាជាលោកពូ ឆាលី(Uncle Charlie) ដែលជាពិធីករ នៃកម្មវិធីវិទ្យុជាតិ ក្នុងកម្មវិធីព្រះគម្ពីរសម្រាប់កុមារ។ រយៈពេលមួយថ្ងៃ មុនពេលគាត់លាចាកលោកចូលទៅក្នុងភាពអស់កល្ប គាត់បានប្រាប់មិត្តល្អរបស់គាត់ម្នាក់ថា “អ្វីដែលសំខាន់នោះ គឺមិនមែនជាអ្វីដែលអ្នកស្គាល់ តែជាបុគ្គល ដែលអ្នកស្គាល់។ ជាការពិតណាស់ ខ្ញុំកំពុងតែនិយាយអំពីព្រះយេស៊ូវគ្រីស្ទ”។
សូម្បីតែនៅពេលដែលគាត់កំពុងប្រឈមមុខដាក់ចុងបញ្ចប់នៃជីវិត ក៏គាត់នៅតែមិនអាចឈប់និយាយអំពីព្រះយេស៊ូវ និងអំពីភាពចាំបាច់ដែលមនុស្សយើងត្រូវទទួលព្រះអង្គជាព្រះអម្ចាស់ និងព្រះសង្រ្គោះ។
សាវ័កប៉ុលក៏បានចាត់ទុកការស្គាល់ព្រះយេស៊ូវ ជាកិច្ចការដែលសំខាន់បំផុត បានជាគាត់មានប្រសាសន៍ថា “ហើយខ្ញុំក៏រាប់គ្រប់ទាំងអស់ទុកដូចជាខាតដែរ ដោយព្រោះសេចក្តីដែលប្រសើរជាង គឺដោយស្គាល់ព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃខ្ញុំ ដែលដោយយល់ដល់ទ្រង់ ខ្ញុំបានខាតគ្រប់ទាំងអស់ ហើយបានរាប់ទាំងអស់ទុកដូចជាសំរាម ប្រយោជន៍ឲ្យបានព្រះគ្រីស្ទវិញ ហើយឲ្យគេបានឃើញខ្ញុំនៅក្នុងទ្រង់”(ភីលីព ៣:៨-៩)។ តើយើងស្គាល់ព្រះយេស៊ូវដោយរបៀបណា? “បើមាត់អ្នកនឹងទទួលថ្លែងប្រាប់ពីព្រះអម្ចាស់យេស៊ូវ ហើយអ្នកជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះពិត”(រ៉ូម ១០:៩)។
យើងអាចដឹងអំពីសេចក្តីពិត ដែលចែងអំពីព្រះយេស៊ូវ យើងអាចដឹងអំពីពួកជំនុំ ហើយថែមទាំងអាចចេះព្រះគម្ពីរទៀតផង។ ប៉ុន្តែ ដើម្បីទទួលព្រះអង្គជាព្រះសង្រ្គោះ យើងត្រូវទទួលយកអំណោយនៃសេចក្តីសង្រ្គោះរបស់ព្រះអង្គ ដោយឥតគិតថ្លៃ។ ព្រះអង្គជាអង្គបុគ្គល ដែលយើងចាំបាច់ត្រូវស្គាល់។—Dave Branon