កាល​ពី​ដើម​ឆ្នាំ​២០១៩ លោក​ឆាលី វែនឌ័រមា(Charlie VanderMeer) បាន​ស្លាប់ ក្នុង​អាយុ​៨៤​ឆ្នាំ។ អស់​រយៈ​ពេល​ជាច្រើន​ទសវត្សរ៍​កន្លង​មក​នេះ មនុស្ស​រាប់​ពាន់​នាក់​បាន​ស្គាល់​គាត់ ថា​ជា​លោក​ពូ ឆាលី(Uncle Charlie) ដែល​ជា​ពិធីករ នៃ​កម្ម​វិធី​វិទ្យុ​ជាតិ ក្នុង​កម្ម​វិធី​ព្រះ​គម្ពីរ​សម្រាប់​កុមារ។ រយៈ​ពេល​មួយ​ថ្ងៃ មុន​ពេល​គាត់​លា​ចាក​លោក​ចូល​ទៅ​ក្នុង​ភាព​អស់​កល្ប គាត់​បាន​ប្រាប់​មិត្ត​ល្អ​របស់​គាត់​ម្នាក់​ថា “អ្វី​ដែល​សំខាន់​នោះ គឺ​មិន​មែន​ជា​អ្វី​ដែល​អ្នក​ស្គាល់​ តែ​ជា​បុគ្គល ដែល​អ្នក​ស្គាល់។ ជា​ការ​ពិត​ណាស់ ខ្ញុំ​កំពុង​តែ​និយាយ​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ”​។​

សូម្បី​តែ​នៅ​ពេល​ដែល​គាត់​កំពុង​ប្រឈម​មុខ​ដាក់​ចុង​បញ្ចប់​នៃ​ជីវិត​ ក៏​គាត់​នៅ​តែ​មិន​អាច​ឈប់​និយាយ​អំពី​ព្រះ​យេស៊ូវ  និង​អំពី​ភាព​ចាំ​បាច់​ដែល​មនុស្ស​យើង​ត្រូវ​ទទួល​ព្រះ​អង្គ​ជា​ព្រះ​អម្ចាស់ និង​ព្រះ​សង្រ្គោះ។​

សាវ័ក​ប៉ុល​ក៏​បាន​ចាត់​ទុក​ការ​ស្គាល់​ព្រះ​យេស៊ូវ​ ​ជា​កិច្ចការ​ដែល​សំខាន់​បំផុត បាន​ជា​គាត់​មាន​ប្រសាសន៍​ថា “ហើយ​ខ្ញុំ​ក៏​រាប់​គ្រប់​ទាំង​អស់​ទុក​ដូច​ជា​ខាត​ដែរ ដោយ​ព្រោះ​សេចក្តី​ដែល​ប្រសើរ​ជាង គឺ​ដោយ​ស្គាល់​ព្រះគ្រីស្ទយេស៊ូវ ជា​ព្រះអម្ចាស់​នៃ​ខ្ញុំ ដែល​ដោយ​យល់​ដល់​ទ្រង់ ខ្ញុំ​បាន​ខាត​គ្រប់​ទាំង​អស់ ហើយ​បាន​រាប់​ទាំង​អស់​ទុក​ដូច​ជា​សំរាម ប្រយោជន៍​ឲ្យ​បាន​ព្រះគ្រីស្ទ​វិញ  ហើយ​ឲ្យ​គេ​បាន​ឃើញ​ខ្ញុំ​នៅ​ក្នុង​ទ្រង់”(ភីលីព ៣:៨-៩)។ តើ​យើង​ស្គាល់​ព្រះ​យេស៊ូវ​ដោយ​របៀប​ណា? “បើ​មាត់​អ្នក​នឹង​ទទួល​ថ្លែង​ប្រាប់​ពី​ព្រះអម្ចាស់យេស៊ូវ ហើយ​អ្នក​ជឿ​ក្នុង​ចិត្ត​ថា ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​សង្គ្រោះ​ពិត”(រ៉ូម ១០:៩)។

យើង​អាច​ដឹង​អំពី​សេចក្តី​ពិត ដែល​ចែង​អំពី​ព្រះ​យេស៊ូវ យើង​អាច​ដឹង​អំពី​ពួក​ជំនុំ ហើយ​ថែម​ទាំង​អាច​ចេះ​ព្រះ​គម្ពីរ​ទៀត​ផង។ ប៉ុន្តែ ដើម្បី​ទទួល​ព្រះ​អង្គ​ជា​ព្រះ​សង្រ្គោះ យើង​ត្រូវ​ទទួល​យក​អំណោយ​នៃ​សេចក្តី​សង្រ្គោះ​របស់​ព្រះ​អង្គ ដោយ​ឥត​គិត​ថ្លៃ។ ព្រះ​អង្គ​ជា​អង្គ​បុគ្គល ដែល​យើង​ចាំ​បាច់​ត្រូវ​ស្គាល់។​—Dave Branon