មានពេលមួយអ្នកស្រីលីហ្ស(Liz) បានយំដោយអំណរ ពេលដែលគាត់ និងស្វាមីគាត់ បានទទួលសំបុត្រកំណើត និងលិខិតឆ្លងដែន សម្រាប់កូនចិញ្ចឹមរបស់ពួកគេ ដែលអាចឲ្យពួកគេទទួលចិញ្ចឹមកូននោះ ដោយស្របច្បាប់។ ឥឡូវនេះ មីលេណា(Milena) ក៏បានក្លាយជាកូនស្រីរបស់ពួកគេ ជាផ្នែកមួយនៃគ្រួសារពួកគេជារៀងរហូត។ ខណៈពេលដែលអ្នកស្រីលីហ្ស ជញ្ជឹងគិត អំពីនីតិវិធី ដើម្បីទទួលចិញ្ចឹមនាង គាត់ក៏បានគិត អំពី “ការផ្លាស់ប្តូរពិតប្រាកដ” ដែលកើតមាន ពេលដែលយើងក្លាយជាផ្នែកមួយនៃគ្រួសាររបស់ព្រះយេស៊ូវ ដោយយើងមិនជាប់ចំណងនៃអំពើបាប និងភាពប្រេះបែកទៀតឡើយ ផ្ទុយទៅវិញ យើងបានចូលទៅក្នុងនគរព្រះយ៉ាងពេញសិទ្ធិ ស្របតាមច្បាប់របស់ព្រះអង្គ ពេលដែលយើងត្រូវបានទទួលចិញ្ចឹម ជាកូនរបស់ព្រះអង្គ។
នៅសម័យសាវ័កប៉ុល ពេលដែលគ្រួសារជនជាតិរ៉ូម៉ាំងណាមួយ ទទួលចិញ្ចឹមកូនប្រុសម្នាក់ នោះសិទ្ធិ និងឯកសិទ្ធិរបស់គាត់ នឹងមានការផ្លាស់ប្តូរទាំងស្រុង។ បានសេចក្តីថា បំណុលដែលគាត់ជាប់ជំពាក់ក្នុងជីវិតចាស់ នឹងត្រូវគេលប់ចោល ហើយគាត់នឹងមានសិទ្ធិ និងឯកសិទ្ធិដូចសមាជិកនីមួយៗនៃគ្រួសារថ្មីគាត់។ ដូចនេះ សាវ័កប៉ុលចង់ឲ្យពួកជំនុំនៅទីក្រុងរ៉ូមដឹងថា ពួកគេក៏មានសិទ្ធិ និងឯកសិទ្ធិថ្មី ក្នុងមហាគ្រួសារព្រះផងដែរ។ ពួកគេមិនជាប់ចំណងនៃអំពើបាប និងទោសរបស់វានោះឡើយ តែឥឡូវនេះ ពួកគេដើរតាមព្រះវិញ្ញាណវិញ(រ៉ូម ៨:៤)។ ហើយអ្នកដែលព្រះវិញ្ញាណដឹកនាំ ជាអ្នកដែលព្រះទ្រង់បានទទួលចិញ្ចឹមជាកូនទ្រង់(ខ.១៤-១៥)។ សិទ្ធិ និងឯកសិទ្ធិរបស់ពួកគេមានការផ្លាស់ប្តូរ ពេលដែលពួកគេក្លាយជាពលរដ្ឋនៃស្ថានសួគ៌។
បើយើងបានទទួលអំណោយនៃសេចក្តីសង្រ្គោះ នោះយើងក៏ជាកូនព្រះ ទាយាទនៃនគរទ្រង់ ហើយក៏រួបរួមជាមួយព្រះគ្រីស្ទផងដែរ។ បំណុលយើងត្រូវបានលប់ ដោយអំណោយនៃការលះបង់របស់ព្រះយេស៊ូវ។ ដូចនេះ យើងមិនចាំបាច់ត្រូវរស់នៅ ដោយការភ័យខ្លាច ឬការថ្កោលទោសទៀតឡើយ។—Amy Boucher Pye