ថ្មីៗនេះ ខ្ញុំ និង​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​ដើរ​កម្សាន្ត​នៅ​កន្លែង ដែល​ខ្ញុំ​ចូល​ចិត្ត​ទៅ។ យើង​បាន​ឡើង​ភ្នំ​ដែល​មិន​មាន​ដើម​ឈើ​ដុះ​ច្រើន យើង​ដើរ​កាត់​តាម​វាល ​ដែល​មាន​ផ្កា​ព្រៃ ហើយ​ចូល​ទៅ​ក្នុង​ព្រៃ​ដែល​មាន​ដើម​ស្រល់​ខ្ពស់​ៗ​ត្រដែត បន្ទាប់​មក យើង​ក៏​បាន​ចុះ​តាម​ជ្រលង​ភ្នំ​មួយ ហើយ​ក៏​បាន​ផ្អាក​ដំណើរ​មួយ​រយៈ។ យើង​ឃើញ​ពពក​អណ្តែត​យ៉ាង​ស្រទន់​ពី​លើ​យើង។ មាន​ទឹក​អូរ​មួយ​នៅ​ក្បែរ​នោះ។ យើង​ស្តាប់​ឮ​តែ​សម្លេង​សត្វ​ចាប​ច្រៀង​យ៉ាង​ពីរោះ។ ខ្ញុំ និង​ចេសិន(Jason) ក៏​បាន​ឈរ​នៅ​ទីនោះ យ៉ាង​ស្ងាត់ស្ងៀម អស់​រយៈ​ពេល​១៥​នាទី ដើម្បី​ទទួល​យក​នូវ​អ្វី​ៗ​គ្រប់​យ៉ាង នៅ​ទីនោះ ដែល​ព្រះ​ទ្រង់​បាន​បង្កើត​យ៉ាង​ស្រស់​ស្អាត។

យើង​ក៏​បាន​ដឹង​ថា អ្វី​ដែល​យើង​បាន​ធ្វើ​នៅ​ថ្ងៃ​នោះ គឺ​ពិត​ជា​មាន​ប្រយោជន៍​ណាស់។ យោង​តាម​ការ​ស្រាវ​ជ្រាវ​នៅ​សកល​វិទ្យាល័យ ដឺប៊ី មនុស្ស​ដែល​ឈប់​បង្អង់ ដើម្បី​គយ​គន់​សម្រស់​ធម្ម​ជាតិ គឺ​បាន​ពិសោធ​នូវ​សុភមង្គល​មួយ​កំរិត​ទៀត ការ​ថប់​បារម្ភ​ក៏បាន​ថយ​ចុះ ហើយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ខ្លាំង​មក​លើ​ភព​ផែន​ដី។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​គ្រាន់​តែ​ដើរ​កម្សាន្ត​កាត់​តាម​ព្រៃ​ភ្នំ នោះ​គឺ​មិន​គ្រប់​គ្រាន់​ឡើយ។ អ្នក​ត្រូវ​គយ​គន់​ពពក ស្តាប់​សម្លេង​សត្វ​បក្សី​យំ។ ដែល​សំខាន់​នោះ គឺ​យើង​បាន​កត់​សំគាល់​មក​លើ​ធម្មជាតិ គឺ​មិន​គ្រាន់​តែ​បាន​ចូល​ទៅ​ក្នុង​ធម្ម​ជាតិ​នោះ​ឡើយ។

តើ​ការ​ទទួល​អត្ថ​ប្រយោជន៍​ពី​ធម្មជាតិ មាន​ហេតុ​ផល​ខាង​វិញ្ញាណ​ដែរ​ឬទេ? សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា ស្នា​ព្រះ​ហស្ត​របស់​ព្រះ បង្ហាញ​ឲ្យ​គេ​ឃើញ​អំណាច និង​លក្ខណៈ​របស់​ព្រះ​អង្គ​(រ៉ូម ១:២០)។ ព្រះ​ទ្រង់​បាន​ប្រាប់​លោក​យ៉ូប​ឲ្យ​មើល​ទៅ​សមុទ្រ ផ្ទៃ​មេឃ និង​ផ្កាយ ដើម្បី​រក​មើល​ភស្តុតាង​នៃ​ព្រះ​វត្ត​មាន​ព្រះ​អង្គ​(យ៉ូប ៣៨-៣៩)។ ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា ការ​ជញ្ជឹងគិត​អំពី “សត្វ​បក្សី​នៅ​លើ​អាកាស” និង “ផ្កា​ដែល​ដុះ​នៅ​ទីវាល” អាច​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ព្រះ​អង្គ​ក៏​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង ហើយ​ការ​នេះ​ក៏​បាន​កាត់​បន្ថយ​ការ​ថប់​បារម្ភ​របស់​យើង​ផង​ដែរ​(ម៉ាថាយ ៦:២៥-៣០)។

អ្នក​វិទ្យា​សាស្រ្ត​ក៏​បាន​ឆ្ងល់​ផង​ដែរ​ថា ហេតុ​អ្វី​ធម្មជាតិ​មាន​ឥទ្ធិ​ពល​ជា​វិជ្ជ​មាន​ខ្លាំង​យ៉ាង​នេះ​ មក​លើ​យើង។ មូល​ហេតុ​ទីមួយ​ គឺ​អាច​មក​ពី​ការ​គិត​អំពី​ធម្ម​ជាតិ អាច​ធ្វើ​ឲ្យ​យើង​គិត​ដល់​ព្រះ ដែល​បាន​បង្កើត​វា​មក ហើយ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង​។—Sheridan Voysey