ថ្មីៗនេះ ខ្ញុំ និងមិត្តភក្តិខ្ញុំម្នាក់បានដើរកម្សាន្តនៅកន្លែង ដែលខ្ញុំចូលចិត្តទៅ។ យើងបានឡើងភ្នំដែលមិនមានដើមឈើដុះច្រើន យើងដើរកាត់តាមវាល ដែលមានផ្កាព្រៃ ហើយចូលទៅក្នុងព្រៃដែលមានដើមស្រល់ខ្ពស់ៗត្រដែត បន្ទាប់មក យើងក៏បានចុះតាមជ្រលងភ្នំមួយ ហើយក៏បានផ្អាកដំណើរមួយរយៈ។ យើងឃើញពពកអណ្តែតយ៉ាងស្រទន់ពីលើយើង។ មានទឹកអូរមួយនៅក្បែរនោះ។ យើងស្តាប់ឮតែសម្លេងសត្វចាបច្រៀងយ៉ាងពីរោះ។ ខ្ញុំ និងចេសិន(Jason) ក៏បានឈរនៅទីនោះ យ៉ាងស្ងាត់ស្ងៀម អស់រយៈពេល១៥នាទី ដើម្បីទទួលយកនូវអ្វីៗគ្រប់យ៉ាង នៅទីនោះ ដែលព្រះទ្រង់បានបង្កើតយ៉ាងស្រស់ស្អាត។
យើងក៏បានដឹងថា អ្វីដែលយើងបានធ្វើនៅថ្ងៃនោះ គឺពិតជាមានប្រយោជន៍ណាស់។ យោងតាមការស្រាវជ្រាវនៅសកលវិទ្យាល័យ ដឺប៊ី មនុស្សដែលឈប់បង្អង់ ដើម្បីគយគន់សម្រស់ធម្មជាតិ គឺបានពិសោធនូវសុភមង្គលមួយកំរិតទៀត ការថប់បារម្ភក៏បានថយចុះ ហើយមានការយកចិត្តទុកដាក់កាន់តែខ្លាំងមកលើភពផែនដី។ ទោះជាយ៉ាងណាក៏ដោយ បើគ្រាន់តែដើរកម្សាន្តកាត់តាមព្រៃភ្នំ នោះគឺមិនគ្រប់គ្រាន់ឡើយ។ អ្នកត្រូវគយគន់ពពក ស្តាប់សម្លេងសត្វបក្សីយំ។ ដែលសំខាន់នោះ គឺយើងបានកត់សំគាល់មកលើធម្មជាតិ គឺមិនគ្រាន់តែបានចូលទៅក្នុងធម្មជាតិនោះឡើយ។
តើការទទួលអត្ថប្រយោជន៍ពីធម្មជាតិ មានហេតុផលខាងវិញ្ញាណដែរឬទេ? សាវ័កប៉ុលបានមានប្រសាសន៍ថា ស្នាព្រះហស្តរបស់ព្រះ បង្ហាញឲ្យគេឃើញអំណាច និងលក្ខណៈរបស់ព្រះអង្គ(រ៉ូម ១:២០)។ ព្រះទ្រង់បានប្រាប់លោកយ៉ូបឲ្យមើលទៅសមុទ្រ ផ្ទៃមេឃ និងផ្កាយ ដើម្បីរកមើលភស្តុតាងនៃព្រះវត្តមានព្រះអង្គ(យ៉ូប ៣៨-៣៩)។ ព្រះយេស៊ូវមានបន្ទូលថា ការជញ្ជឹងគិតអំពី “សត្វបក្សីនៅលើអាកាស” និង “ផ្កាដែលដុះនៅទីវាល” អាចបង្ហាញឲ្យយើងដឹងថា ព្រះអង្គក៏យកព្រះទ័យទុកដាក់ចំពោះយើង ហើយការនេះក៏បានកាត់បន្ថយការថប់បារម្ភរបស់យើងផងដែរ(ម៉ាថាយ ៦:២៥-៣០)។
អ្នកវិទ្យាសាស្រ្តក៏បានឆ្ងល់ផងដែរថា ហេតុអ្វីធម្មជាតិមានឥទ្ធិពលជាវិជ្ជមានខ្លាំងយ៉ាងនេះ មកលើយើង។ មូលហេតុទីមួយ គឺអាចមកពីការគិតអំពីធម្មជាតិ អាចធ្វើឲ្យយើងគិតដល់ព្រះ ដែលបានបង្កើតវាមក ហើយយកព្រះទ័យទុកដាក់ចំពោះយើង។—Sheridan Voysey