បន្ទាប់ពីភ្នែកខាងឆ្វេងរបស់ខ្ញុំ បានទទួលការវះកាត់ដ៏ឈឺចាប់ វេជ្ជបណ្ឌិតក៏បានណែនាំខ្ញុំ ឲ្យធ្វើតេស្តភ្នែក ដើម្បីឲ្យដឹងថា ខ្ញុំមើលច្បាស់ប៉ុណ្ណា។ ខ្ញុំក៏បានបិទភ្នែកស្តាំដោយទំនុកចិត្ត ហើយក៏បានចង្អុលទៅបន្ទាត់នីមួយៗ នៅលើតារាង យ៉ាងងាយស្រួល តាមបង្គាប់របស់គ្រូពេទ្យ។ ខ្ញុំក៏បានបិទភ្នែកឆ្វេងទៀត ហើយក៏បានដកដង្ហើមដង្ហក់ ព្រោះពេលដែលបិទភ្នែកទាំងសង្ខាងដូចនេះ ខ្ញុំប្រៀបដូចជាមនុស្សខ្វាក់អញ្ចឹង។
ខណៈពេលដែលខ្ញុំសម្របខ្លួននឹងវែនតាថ្មី និងការមើលឃើញជាថ្មីឡើងវិញ ខ្ញុំក៏បានគិតដល់ ទុក្ខលំបាកប្រចាំថ្ងៃ ដែលច្រើនតែធ្វើឲ្យខ្ញុំមានភ្នែកមីញ៉ូបខាងវិញ្ញាណ។ បានសេចក្តីថា ពេលណាខ្ញុំផ្ដោតទៅលើអ្វីដែលខ្ញុំអាចមើលឃើញ នៅជិតខ្លួនខ្ញុំ ដែលមានដូចជាការឈឺចាប់ និងស្ថានភាពដែលផ្លាស់ប្តូរឥតឈប់ នោះខ្ញុំក៏បានប្រែជាខ្វាក់ មើលឃើញមិនឃើញ ភាពស្មោះត្រង់នៃព្រះដ៏អស់កល្ប និងមិនចេះប្រែប្រួល។ ដោយសារខ្ញុំមិនបានមើលវែងឆ្ងាយ នោះក្តីសង្ឃឹមហាក់ដូចជានៅឆ្ងាយ ក្នុងសភាពព្រាលៗ។
បទគម្ពីរសាំយ៉ូអែលទី១ បានប្រាប់យើង អំពីរឿងរបស់ស្រ្តីម្នាក់ទៀត ដែលមិនបានគិតដល់ភាពស្មោះត្រង់របស់ព្រះ ខណៈពេលដែលនាងកំពុងតែផ្តោតទៅលើការឈឺចាប់ ភាពមិនច្បាស់លាស់ និងការបាត់បង់ក្នុងពេលបច្ចុប្បន្ន។ នាងហាណាបានស៊ូទ្រាំនឹងភាពជាស្រីអារ អស់ជាច្រើនឆ្នាំមកហើយ ហើយក៏ទទួលរងការធ្វើទុកបុកម្នេញឥតឈប់ឈរ ពីនាងពេនីណា ដែលជាភរិយាម្នាក់ទៀត មួយលោកអែលកាណា។ ស្វាមីរបស់នាងហាណាបានស្រឡាញ់ និងឲ្យតម្លៃនាង តែនាងនៅតែមិនស្កប់ចិត្ត។ ថ្ងៃមួយ នាងក៏បានអធិស្ឋានសូមចិត្តស្មោះត្រង់។ ពេលដែលលោកអេលី ដែលជាសង្ឃរបស់ព្រះចោទសួរនាង នាងក៏បានពន្យល់ប្រាប់គាត់ អំពីស្ថានភាពរបស់នាង។ ពេលដែលនាងចាកចេញទៅ គាត់ក៏បានអធិស្ឋានសូមព្រះទ្រង់ឆ្លើយតប ចំពោះសេចក្តីសំណួររបស់នាង(១សាំយ៉ូអែល ១:១៧)។ ទោះស្ថានភាពរបស់នាងហាណាមិនបានផ្លាស់ប្តូរភ្លាមៗក៏ដោយ ក៏នាងនៅតែដើរចេញទៅ ដោយមានក្តីសង្ឃឹម និងជំនឿ(ខ.១៨)។
ការអធិស្ឋានរបស់នាង ក្នុងបទគម្ពីរ ១សាំយ៉ូអែល ២:១-២ បានបង្ហាញថា ការផ្តោតចិត្តរបស់នាងមានការផ្លាស់ប្តូរ។ មុនពេលកាលៈទេសៈរបស់នាងមានភាពល្អប្រសើរឡើង ការមើលឃើញបែបថ្មីរបស់នាងហាណា បានផ្លាស់ប្តូរទស្សនៈ និងអាកប្បកិរិយារបស់នាង។ នាងក៏មានការអរសប្បាយ ក្នុងព្រះវត្តមានដ៏ស្ថិតស្ថេររបស់ព្រះ ដែលជាថ្មដា និងក្តីសង្ឃឹមដ៏អស់កល្បរបស់នាង។—Xochitl Dixon