ក្នុង​អំឡុង​សម័យ​សង្រ្គាម​ស៊ីវិល អាមេរិក លោក​ប្រធានាធិបតី អ័ប្រាហាំ លីនខិន(Abraham Lincoln) ចង់​ផ្គាប់​ចិត្ត​អ្នក​នយោបាយ​ម្នាក់ ដូច​នេះ គាត់​ក៏​បាន​បង្គាប់​ឲ្យ​កង​ទ័ព​ផ្លាស់​ប្តូរ​ទី​តាំង ទៅ​កន្លែង​ផ្សេង។ ពេល​ដែល​លោក អេដវីន ស្តាតុន(Edwin Stanton)  ដែល​ជា​រដ្ឋ​មន្រ្តី​ការពារ​ជាតិ បាន​ទទួល​បញ្ជា​នេះ គាត់​ក៏​បាន​បដិសេធ​មិន​ព្រម​អនុវត្ត​តាម។ គាត់​ថា លោក​ប្រធានាធិបតី​ជា​មនុស្ស​ភ្លីភ្លើ។ គេ​ក៏​បាន​ជម្រាប​លោក​លីនខិន អំពី​អ្វី​ដែល​លោក​ស្តាតុន​បាន​និយាយ ហើយ​គាត់​ក៏​បាន​ឆ្លើយ​តប​ថា “បើ​លោក​ស្តាតុន​ថា ខ្ញុំ​ជា​មនុស្ស​ភ្លីភ្លើ នោះ​ខ្ញុំ​ប្រាកដ​ជា​ភ្លី​ភ្លើ​មែន​ហើយ ព្រោះ​គាត់​និយាយ​ត្រូវ​ស្ទើរ​តែ​គ្រប់​ពេល។ ខ្ញុំ​យល់​ហើយ”។ ខណៈ​ពេល​ដែល​អ្នក​ទាំង​ពីរ​ពិភាក្សា​គ្នា លោក​ប្រធានាធិបតី​ក៏​បាន​ដឹង​ថា ការ​សម្រេច​ចិត្ត​របស់​ខ្លួន គឺ​ជា​កំហុស​ដ៏​ធ្ងន់​ធ្ងរ​មួយ ហើយ​គាត់​ក៏​បាន​ដក​បទ​បញ្ជា​នោះ​ចេញ​វិញ ដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ។ លោក​ស្តាតុន បាន​ហៅ​លោក​លីនខិន​ថា ជា​ជា​មនុស្ស​ភ្លីភ្លើ​មែន តែ​លោក​លីនខិន​ក៏​បាន​ធ្វើ​នូវ​រឿង​ដ៏​ឆ្លាត​វ័យ ដោយ​មិន​បាន​ប្រកាន់​យក​ចិត្ត​មានៈ ពេល​ដែល​លោក​ស្តាតុន​មិន​យល់​ស្រប​នឹង​គំនិត​គាត់។  ផ្ទុយ​ទៅ​វិញ គាត់​បាន​ស្តាប់​យោបល់​របស់​លោក​ស្តាតុន ហើយ​ក៏​បាន​ផ្លាស់​ប្តូរ​គំនិត។​

តើ​អ្នក​ធ្លាប់​ជួប​នរណា​ម្នាក់ ដែល​មិន​ព្រម​ស្តាប់​យោបល់​គេ​ទេ?(មើល ១ពង្សាវតាក្សត្រ ១២:១-១១)។ រឿង​នេះ​អាច​ធ្វើ​ឲ្យ​យើង​ខឹង តើ​មែន​ទេ? ពុំ​នោះ​ទេ តើ​អ្នក​ធ្លាប់​បដិសេធ​មិន​ព្រម​ស្តាប់​យោបល់​របស់​គេ​ទេ? គឺ​ដូច​ដែល​បទ​គម្ពីរ​សុភាសិត ១២:១៥ បាន​ចែង​ថា “មនុស្ស​ល្ងីល្ងើ រមែង​ឃើញ​ផ្លូវ​របស់​ខ្លួន​ជា​ត្រឹមត្រូវ​ហើយ តែ​អ្នក​ដែល​មាន​ប្រាជ្ញា នោះ​តែង​ស្តាប់​សេចក្តី​ដំបូន្មាន​វិញ”។ មនុស្ស​មិន​តែង​តែ​ត្រូវ​រហូត​ទេ។ មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​ដឹង​ថា នរណា​ក៏​ចេះ​ធ្វើ​ខុស​ដែរ ដូច​នេះ​មាន​តែ​មនុស្ស​ល្ងី​ល្ងើ​ទេ ដែល​គិត​ថា ខ្លួន​មិន​ដែល​ធ្វើ​ខុស។ ផ្ទុយ​ទៅ​វិញ ចូរ​យើង​ប្រើ​ប្រាជ្ញា​មក​ពី​ព្រះ ហើយ​ស្តាប់​យោបល់​ដ៏​ឆ្លាត​វ័យ​របស់​អ្នក​ដទៃ ទោះ​យើង​មិន​យល់​ស្រប​ពី​ដំបូង​ក៏​ដោយ។ ជួន​កាល នេះ​ជា​របៀប​ដែល​ព្រះ​ទ្រង់​ធ្វើ​ការ ដើម្បី​ជា​ប្រយោជន៍​យើង​(ខ.២)។—Con Campbell