ឆ្កែរបស់ខ្ញុំមានវ័យចាស់ណាស់ហើយ។ មានពេលមួយ វាបានអង្គុយនៅក្បែរខ្ញុំ ហើយសម្លឹងមើលទៅផ្ទៃមេឃ។ តើវាកំពុងតែគិតអំពីអ្វី? តែខ្ញុំអាចដឹងថា វាមិនកំពុងតែគិតអំពីការស្លាប់នោះទេ ព្រោះសត្វឆ្កែមិនមាន “ការយល់ដឹង” អំពីការស្លាប់នោះទេ។ ពួកវាក៏មិនគិតអំពីពេលអនាគតដែរ។ តែយើងគិត។ ទោះយើងស្ថិតក្នុងវ័យណា ឬមានសុខភាពយ៉ាងណា ទោះមាន ឬក្រក្តី នៅពេលខ្លះ យើងគិតអំពីការស្លាប់។
តាមបទគម្ពីរ ទំនុកដំកើង ៤៩:២០ មូលហេតុ គឺដោយសារយើងមាន “ការយល់ដឹង ឬុយោបល់” គឺខុសពីសត្វតិរច្ឆាន។ យើងដឹងថា យើងនឹងស្លាប់នៅថ្ងៃណាមួយ ហើយយើងមិនអាចធ្វើអ្វីម្យ៉ាង ដើម្បីឃាត់សេចក្តីស្លាប់បានទេ។ “គ្មានអ្នកណាមួយនឹងអាចលោះបងប្អូនខ្លួន ឬយកដំឡៃសំរាប់លោះគេទៅថ្វាយដល់ព្រះបានឡើយ”(ខ.៧)។ គ្មាននរណាមានលុយគ្រប់គ្រាន់ ដើម្បីលោះខ្លួនឯង ឲ្យរួចពីសេចក្តីស្លាប់។
ប៉ុន្តែ មានផ្លូវមួយ សម្រាប់គេចចេញពីការស្លាប់អស់កល្បជានិច្ច គឺការប្រោសលោះរបស់ព្រះ ឲ្យយើងរួចផុតពីស្ថានឃុំព្រលឹង មនុស្សស្លាប់ ហើយនាំយើងចូលមករកអង្គទ្រង់(ខ.១៥)។ លោករ៉ូបឺត ហ្វ្រូស(Robert Frost) មានប្រសាសន៍ថា “ផ្ទះរបស់អ្នកជាទីកន្លែងមួយ ដែលពួកគេត្រូវទទួលស្វាគមន៍អ្នក ពេលដែលអ្នកត្រូវចូលខាងក្នុង”។ ព្រះទ្រង់បានរំដោះយើង ឲ្យរួចពីសេចក្តីស្លាប់ តាមរយៈព្រះរាជបុត្រាទ្រង់ ដែលបានថ្វាយព្រះអង្គទ្រង់ ទុកជាថ្លៃលោះមនុស្សទាំងអស់ ដែលត្រូវមានទីបន្ទាល់នៅពេលកំណត់ (១ធីម៉ូថេ ២:៦)។ ដូចនេះ ព្រះយេស៊ូវបានសន្យាថា ពេលណាយើងដល់ពេលដែលត្រូវទៅនៅជាមួយព្រះអង្គ នោះព្រះអង្គនឹងទទួលស្វាគមន៍យើង ហើយនាំយើងចូលកន្លែងដែលព្រះអង្គបានរៀបទុកឲ្យ(យ៉ូហាន ១៤:៣)។
ពេលដែលខ្ញុំត្រូវលាចាកលោកនេះ ព្រះយេស៊ូវដែលបានប្រោសលោះជីវិតខ្ញុំ នឹងទទួលស្វាគមន៍ខ្ញុំ ចូលទៅក្នុងដំណាក់នៃព្រះវរបិតាទ្រង់ ដោយព្រះពាហុបើកចំហ។—David H. Roper