ឆ្កែ​របស់​ខ្ញុំ​មាន​វ័យ​ចាស់​ណាស់​ហើយ។ មាន​ពេល​មួយ​ វា​បាន​អង្គុយ​នៅ​ក្បែរ​ខ្ញុំ ហើយ​សម្លឹង​មើល​ទៅ​ផ្ទៃ​មេឃ។ តើ​វា​កំពុង​តែ​គិត​អំពី​អ្វី? តែ​ខ្ញុំ​អាច​ដឹង​ថា វា​មិន​កំពុង​តែ​គិត​អំពី​ការ​ស្លាប់​នោះ​ទេ ព្រោះ​សត្វ​ឆ្កែ​មិន​មាន “ការ​យល់​ដឹង” អំពី​ការ​ស្លាប់​នោះ​ទេ។ ពួក​វា​ក៏​មិន​គិត​អំពី​ពេល​អនាគត​ដែរ។ តែ​យើង​គិត។ ទោះ​យើង​ស្ថិត​ក្នុង​វ័យ​ណា ឬ​មាន​សុខ​ភាព​យ៉ាង​ណា​ ទោះ​មាន​ ឬ​ក្រ​ក្តី នៅ​ពេល​ខ្លះ យើង​គិត​អំពី​ការ​ស្លាប់។

តាម​បទ​គម្ពីរ ទំនុក​ដំកើង ៤៩:២០ មូល​ហេតុ គឺ​ដោយ​សារ​យើង​មាន “ការ​យល់​ដឹង ឬុ​យោបល់” គឺ​ខុស​ពី​សត្វ​តិរច្ឆាន។  យើង​ដឹង​ថា យើង​នឹង​ស្លាប់​នៅ​ថ្ងៃ​ណា​មួយ ហើយ​យើង​មិន​អាច​ធ្វើ​អ្វី​ម្យ៉ាង ដើម្បី​ឃាត់​សេចក្តី​ស្លាប់​បាន​ទេ។ “​គ្មាន​អ្នក​ណា​មួយ​នឹង​អាច​លោះ​បង​ប្អូន​ខ្លួន ឬ​យក​ដំឡៃ​សំរាប់​លោះ​គេ​ទៅ​ថ្វាយ​ដល់​ព្រះ​បាន​ឡើយ”(ខ.៧)។ គ្មាន​នរណា​មាន​លុយ​គ្រប់​គ្រាន់ ដើម្បី​លោះ​ខ្លួន​ឯង ឲ្យ​រួច​ពី​សេចក្តី​ស្លាប់។

ប៉ុន្តែ មាន​ផ្លូវ​មួយ សម្រាប់​គេច​ចេញ​ពី​ការ​ស្លាប់​អស់​កល្ប​ជា​និច្ច គឺ​ការ​ប្រោស​លោះ​របស់​ព្រះ ឲ្យ​យើង​រួច​ផុត​ពី​ស្ថាន​ឃុំ​ព្រលឹង មនុស្ស​ស្លាប់ ហើយ​នាំ​យើង​ចូល​មក​រក​អង្គ​ទ្រង់(ខ.១៥)។ លោក​រ៉ូបឺត ហ្វ្រូស(Robert Frost) មាន​ប្រសាសន៍​ថា “ផ្ទះ​របស់​អ្នក​ជា​ទីកន្លែង​មួយ ដែល​ពួក​គេ​ត្រូវ​ទទួល​ស្វាគមន៍​អ្នក ពេល​ដែល​អ្នក​ត្រូវ​ចូល​ខាង​ក្នុង”។ ព្រះ​ទ្រង់​បាន​រំដោះ​យើង ឲ្យ​រួច​ពី​សេចក្តី​ស្លាប់ តាម​រយៈ​ព្រះ​រាជ​បុត្រា​ទ្រង់​ ដែល​បាន​ថ្វាយ​ព្រះអង្គ​ទ្រង់ ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ទាំង​អស់ ដែល​ត្រូវ​មាន​ទី​បន្ទាល់​នៅ​ពេល​កំណត់ (១ធីម៉ូថេ ២:៦)។ ដូច​នេះ ព្រះ​យេស៊ូវ​បាន​សន្យា​ថា ពេល​ណា​យើង​ដល់​ពេល​ដែល​ត្រូវ​ទៅ​នៅ​ជា​មួយ​ព្រះអង្គ នោះ​ព្រះ​អង្គ​នឹង​ទទួល​ស្វាគមន៍​យើង ហើយ​នាំ​យើង​ចូល​កន្លែង​ដែល​ព្រះ​អង្គ​បាន​រៀប​ទុក​ឲ្យ(យ៉ូហាន ១៤:៣)។

ពេល​ដែល​ខ្ញុំ​ត្រូវ​លាចាក​លោក​នេះ ព្រះ​យេស៊ូវ​ដែល​បាន​ប្រោស​លោះ​ជីវិត​ខ្ញុំ នឹង​ទទួល​ស្វាគមន៍​ខ្ញុំ ចូល​ទៅ​ក្នុង​ដំណាក់​នៃ​ព្រះ​វរបិតា​ទ្រង់ ដោយ​ព្រះ​ពាហុ​បើក​ចំហ។—David H. Roper