ក្នុងសៀវភៅដែលលោកដូណាល់ ប្រោន(Donald Brown) ដែលជានរវិទូ បាននិពន្ធ មានចំណងជើងថា មនុស្សជាសកល គាត់បានលើកឡើងអំពីអាកប្បកិរិយាជាង៤០ប្រភេទ ដែលគាត់គិតថា ជាអាកប្បកិរិយាដែលមនុស្សជាតិមានជាធម្មតា។ គាត់បានរាប់បញ្ចូលរបស់ក្មេងលេង រឿងកំប្លែង ការរាំ សុភាសិត ការខ្លាចសត្វពស់ និងការចងអ្វីៗ ដោយប្រើខ្សែ។ ទន្ទឹមនឹងនោះ គាត់ជឿថា វប្បធម៌ទាំងអស់សុទ្ធតែយល់ដឹង អំពីអ្វីខុសអ្វីត្រូវ ការឲ្យតម្លៃមកលើភាពសប្បុរស និងឲ្យតម្លៃមកលើការសន្យា ហើយក៏យល់ថា ភាពកំណាញ់ និងការសម្លាប់មនុស្ស គឺជាការអាក្រក់។ ទោះយើងមានប្រភពមកពីណាក៏ដោយ យើងរាល់គ្នាសុទ្ធតែមានសតិសម្បជញ្ញៈ ឬបញ្ញាចិត្ត។
សាវ័កប៉ុលបានលើកឡើងអំពីរឿងស្រដៀងនេះដែរ កាលពីប៉ុន្មានសតវត្សរ៍មុន។ ព្រះទ្រង់បានប្រទានជនជាតិយូដា នូវក្រឹត្យវិន័យទាំងដប់ប្រការ ដើម្បីឲ្យពួកគេដឹងច្បាស់ថា អ្វីត្រូវ អ្វីខុស តែសាវ័កប៉ុលបានកត់សំគាល់ឃើញថា ដោយសារសាសន៍ដទៃអាចធ្វើអ្វីដែលត្រឹមត្រូវ តាមសតិសម្បជញ្ញៈរបស់ពួកគេ ជាភស្តុតាងបញ្ជាក់ថា ក្រឹត្យវិន័យរបស់ព្រះ ក៏បានកត់ទុក នៅលើចិត្តរបស់អ្នកមិនជឿ តាំងពីកំណើតផងដែរ(រ៉ូម ២:១៤-១៥)។ តែមិនមានន័យថា មនុស្សតែងតែធ្វើអ្វីដែលត្រូវជានិច្ចនោះឡើយ។ សាសន៍ដទៃបានទាស់ប្រឆាំងនឹងសម្បជញ្ញៈរបស់ខ្លួន(១:៣២) ពួកសាសន៍យូដាក៏បានបំពានក្រឹត្យវិន័យ(២:១៧-២៤) ដូចនេះ ពួកគេសុទ្ធតែប្រព្រឹត្តខុស។ ប៉ុន្តែ តាមរយៈជំនឿលើព្រះយេស៊ូវ នោះយើងក៏បានរួចពីទោស នៃអំពើបាប ដែលជាសេចក្តីស្លាប់(៣:២៣-២៦ ៦:២៣)។
ដោយសារព្រះទ្រង់បានបង្កើតមនុស្សទាំងអស់ ឲ្យស្គាល់អ្វីខុសអ្វីត្រូវ នោះយើងម្នាក់ៗទំនងជាមានអារម្មណ៍ថា ខ្លួនមានកំហុស ដោយសារការអាក្រក់ ដែលយើងបានធ្វើ ឬការល្អដែលយើងមិនធ្វើ។ ពេលណាយើងសារភាពអំពើបាបទាំងនេះហើយ ព្រះទ្រង់ក៏លាងសម្អាតទោសកំហុសទាំងអស់ ឲ្យសស្អាតដូចហិមៈ។ អ្វីដែលយើងត្រូវធ្វើនោះ គឺត្រូវសូមព្រះអង្គ ទោះយើងនៅទីណា ឬមកពីកន្លែងណាក៏ដោយ។—Sheridan Voysey