ខ្ញុំ​អាច​បិទ​ភ្នែក ហើយ​នឹក​ចាំ​អំពី​ផ្ទះ ដែល​ខ្ញុំ​ធ្លាប់​រស់​នៅ និង​ចម្រើន​វ័យ​ធំ​ឡើង។ ខ្ញុំ​នឹក​ចាំ​ពេល​ដែល​ខ្ញុំ​មើល​ផ្កាយ​ ជា​មួយ​ឪពុក​របស់​ខ្ញុំ។ យើង​បាន​ដាក់​វេន​គ្នា​ឆ្លុះមើល​ផ្កាយ ដោយ​ប្រើ​កែវ​យឺត​តេឡេស្កូប ដោយ​ព្យាយាម​ផ្តោត​ទៅ​លើ​ផ្កាយ ដែល​មើល​ពី​ចម្ងាយ មាន​រាង​ជា​ចំណុច​ភ្លឺ​ៗ ព្រឹម​ៗ ព្រិច​ៗ។ ពន្លឺ​តូច​ៗ ​នៃ​ផ្កាយ​ដែល​កើត​ចេញ​ពី​កម្តៅ និង​ភ្លើង បាន​លេច​ធ្លោ នៅ​លើ​ផ្ទៃមេឃ​ងងឹត ដូច​ទឹក​ខ្មៅ។

តើ​អ្នក​គិត​ថា ខ្លួន​អ្នក​ជា​ផ្កាយ​ដែល​បញ្ចេញ​ពន្លឺ​ឬ​ទេ? ខ្ញុំ​មិន​និយាយ​សំដៅ​ទៅ​លើ​ការ​ឈាន​ទៅ​ដល់​កំរិត​កំពូល​នៃ​ជោគ​ជ័យ​របស់​មនុស្ស​នោះ​ទេ តែ​ជា​ការ​លេច​ធ្លោ នៅ​ពី​មុខ​ផ្ទៃ​ខាង​ក្រោយ​ដ៏​ងងឹត ដែល​មាន​ពេញ​ដោយ​ភាព​ប្រេះ​បែក និង​ការ​អាក្រក់។ សាវ័ក​ប៉ុល​បាន​ប្រាប់​អ្នក​ជឿ​នៅ​ទីក្រុង​ភីលីព​ថា ព្រះ​ទ្រង់​នឹង​បញ្ចេញ​ពន្លឺ នៅ​ក្នុង និង​តាម​រយៈ​ពួក​គេ ពេល​ណា​ពួក​គេ​នៅ​ជាប់ នឹង “ព្រះ​បន្ទូល​នៃ​ជីវិត” ហើយ​ជៀស​វាង ការ​រអ៊ូរទាំ និង​ការ​ឈ្លោះ​ប្រកែក​គ្នា​(ភីលីព ២:១៤-១៦)។

ការ​រួប​រួម​របស់​យើង ជា​មួយ​អ្នក​ជឿ​ដទៃ​ទៀត និង​ភាព​ស្មោះ​ត្រង់​ដែល​យើង​មាន​ចំពោះ​ព្រះ អាច​ញែក​យើង​ចេញ​ពី​លោកិយ។ បញ្ហា​ស្ថិត​នៅ​ត្រង់​ថា ការ​នេះ​មិន​អាច​ប្រព្រឹត្ត​ទៅ​ដោយ​ខ្លួន​ឯង​នោះ​ឡើយ។ យើង​ត្រូវ​ព្យាយាម​ជម្នះ​ការ​ល្បួង​ជា​និច្ច ដើម្បី​ឲ្យ​យើង​អាច​បន្ត​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ។ យើង​តយុទ្ធ​នឹង​ភាព​អាត្មា​និយម ដើម្បី​មាន​ភាព​សុខដុម​ជា​មួយ​បង​ប្អូន​ប្រុសស្រី​ខាង​វិញ្ញាណ​របស់​យើង។​

ប៉ុន្តែ យើង​នៅ​តែ​មាន​សង្ឃឹម។ ព្រះ​វិញ្ញាណ​គង់​នៅ​ក្នុង​អ្នក​ជឿ​ម្នាក់​ៗ ដោយ​ប្រទាន​កម្លាំង​យើង ឲ្យ​ចេះ​ដឹង​ខ្នាត មាន​ចិត្តសប្បុរស និង​ស្មោះ​ត្រង់​(កាឡាទី ៥:២២-២៣)។​ ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​យើង ឲ្យ​រស់​នៅ​លើស​ពី​លក្ខណៈ​ធម្មជាតិ​របស់​យើង ដោយ​ជំនួយ​ដ៏​អស្ចារ្យ​ពី​ព្រះ​អង្គ​(ភីលីព ២:១៣)។ បើ​អ្នក​ជឿ​ម្នាក់​ៗ ក្លាយ​ជា “ផ្កាយ​ដ៏​ចែង​ចាំង” តាម​រយៈ​អំណាច​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ សូម​យើង​ស្រមៃ​មើល​ថា ពន្លឺ​របស់​ព្រះ​នឹង​បាន​បណ្តេញ​ភាព​ងងឹត​ដែល​នៅ​ជុំវិញ​យើង បាន​ច្រើន​ប៉ុណ្ណា។—Jennifer Benson Schuldt