កវីអង់គ្លេស ឈ្មោះ ហ្វ្រង់ស៊ីស ថមសុន(Francis Thompson) បាននិពន្ធបទកំណាព្យ មានចំណងជើងថា “អ្នកប្រមាញ់មកពីស្ថានសួគ៌” ដែលក្នុងនោះ នៅបន្ទាត់ដំបូងគាត់បានសរសេរថា “ខ្ញុំបានរត់គេចពីព្រះអង្គ ទាំងយប់ថ្ងៃ”។ ត្រង់ចំណុចនេះ លោកថមសុន បានពិពណ៌នា អំពីការដែលព្រះយេស៊ូវបានដេញតាមគាត់ឥតឈប់ឈរ ទោះគាត់បានព្យាយាមលាក់ខ្លួន ឬរត់គេចពីព្រះអង្គយ៉ាងណាក៏ដោយ។ នៅឃ្លាចុងក្រោយគាត់ក៏បានសរសេរថា “ខ្ញុំជាមនុស្សដែលព្រះអង្គបានតាមរក”។
ខ្លឹមសារសំខាន់នៃកណ្ឌគម្ពីរយ៉ូណាស និយាយអំពី សេចក្តីស្រឡាញ់របស់ព្រះ ដែលតាមរកមនុស្សបាត់បង់។ ហោរារូបនេះបានទទួលការចាត់តាំងរបស់ព្រះ ឲ្យទៅប្រកាសប្រាប់ប្រជាជននៅទីក្រុងនីនីវេ(ដែលជាខ្មាំងសត្រូវរបស់ប្រជាជនអ៊ីស្រាអែល) ឲ្យងាកមករកព្រះ តែផ្ទុយទៅវិញ គាត់បានរត់គេចពីព្រះអង្គ(យ៉ូណាស ១:៣)។ គាត់ក៏បានរកឃើញផ្លូវរត់គេច តាមសំពៅ ដែលធ្វើដំណើរបញ្ច្រាសទិសដៅនៃទីក្រុងនីនីវេ តែមិនយូរប៉ុន្មាននាវានោះក៏ជួបខ្យល់ព្យុះដ៏កាចសាហាវមួយ។ ដើម្បីសង្រ្គោះមនុស្សនៅលើនាវានោះ គេក៏បានបោះលោកយ៉ូណាសចូលទៅក្នុងទឹកសមុទ្រ ហើយគាត់ក៏ត្រូវសត្វត្រីធំលេបទាំងរស់(១:១៥-១៧)។
ក្នុងបទកំណាព្យដ៏ពីរោះរបស់លោកយ៉ូណាស គាត់បានរំឭកថា ទោះគាត់ខំរត់គេចពីព្រះយ៉ាងណាក៏ដោយ ព្រះអង្គនៅតែតាមរកគាត់។ ពេលដែលលោកយ៉ូណាសចុះចាញ់ស្ថានភាពដ៏ពិបាករបស់គាត់ ហើយត្រូវការការសង្រ្គោះរបស់ព្រះ នោះគាត់ក៏បានអធិស្ឋានស្រែករកព្រះអង្គ ហើយងាកបែរមករកសេចក្តីស្រឡាញ់របស់ព្រះអង្គ(២:២,៨)។ ព្រះទ្រង់ឆ្លើយតប ហើយប្រទានការសង្រ្គោះមិនគ្រាន់តែសម្រាប់យ៉ូណាស តែក៏សម្រាប់សាសន៍អាសស៊ើរ ដែលជាសត្រូវរបស់គាត់ផងដែរ(៣:១០)។
គឺដូចដែលគាត់បានពិពណ៌នានា ក្នុងបទកំណាព្យរបស់គាត់ ជីវិតយើង អាចមានរដូវកាល ដែលយើងព្យាយាមរត់គេចពីព្រះ។ តែទោះជាយ៉ាងណាក៏ដោយ ព្រះយេស៊ូវនៅតែស្រឡាញ់យើង ហើយបន្តធ្វើការក្នុងចិត្តយើង ដើម្បីឲ្យយើងវិលត្រឡប់មករកការប្រកបស្និទ្ធស្នាលជាមួយព្រះអង្គ(១យ៉ូហាន ១:៩)។—Lisa M. Samra