កវី​អង់គ្លេស ឈ្មោះ ហ្វ្រង់ស៊ីស ថមសុន(Francis Thompson) បាន​និពន្ធ​បទ​កំណាព្យ មាន​ចំណង​ជើង​ថា “អ្នក​ប្រមាញ់​មក​ពី​ស្ថាន​សួគ៌” ដែល​ក្នុង​នោះ នៅ​បន្ទាត់​ដំបូង​គាត់​បាន​សរសេរ​ថា “ខ្ញុំ​បាន​រត់​គេច​ពី​ព្រះ​អង្គ ទាំង​យប់​ថ្ងៃ”។ ត្រង់​ចំណុច​នេះ លោក​ថមសុន បាន​ពិពណ៌នា អំពី​ការ​ដែល​ព្រះ​យេស៊ូវ​បាន​ដេញ​តាម​គាត់​ឥត​ឈប់​ឈរ ទោះ​គាត់​បាន​ព្យាយាម​លាក់​ខ្លួន ឬ​រត់គេច​ពី​ព្រះ​អង្គ​យ៉ាង​ណា​ក៏​ដោយ។ នៅ​ឃ្លា​ចុង​ក្រោយ​គាត់​ក៏​បាន​សរសេរ​ថា “ខ្ញុំ​ជា​មនុស្ស​ដែល​ព្រះ​អង្គ​បាន​តាម​រក”។

ខ្លឹម​សារ​សំខាន់​នៃ​កណ្ឌ​គម្ពីរ​យ៉ូណាស និយាយ​អំពី សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​តាម​រក​មនុស្ស​បាត់​បង់។ ហោរា​រូប​នេះ​បាន​ទទួល​ការ​ចាត់​តាំង​របស់​ព្រះ ឲ្យ​ទៅ​ប្រកាស​ប្រាប់​ប្រជាជន​នៅ​ទីក្រុង​នីនីវេ​(ដែល​ជា​ខ្មាំង​សត្រូវ​របស់​ប្រជាជន​អ៊ីស្រាអែល​) ឲ្យ​ងាក​មក​រក​ព្រះ តែ​ផ្ទុយ​ទៅ​វិញ គាត់​បាន​រត់​គេច​ពី​ព្រះ​អង្គ​(យ៉ូណាស ១:៣)។ គាត់​ក៏​បាន​រក​ឃើញ​ផ្លូវ​រត់​គេច តាម​សំពៅ ដែល​ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​ដៅ​នៃ​ទីក្រុង​នីនីវេ តែ​មិន​យូរ​ប៉ុន្មាន​នាវា​នោះ​ក៏​ជួប​ខ្យល់​ព្យុះ​ដ៏​កាច​សាហាវ​មួយ។ ដើម្បី​សង្រ្គោះ​មនុស្ស​នៅ​លើ​នាវា​នោះ គេ​ក៏​បាន​បោះ​លោក​យ៉ូណាស​ចូល​ទៅ​ក្នុង​ទឹក​សមុទ្រ ហើយ​គាត់​ក៏​ត្រូវ​សត្វ​ត្រី​ធំ​លេប​ទាំង​រស់​(១:១៥-១៧)។

ក្នុង​បទ​កំណាព្យ​ដ៏​ពីរោះ​របស់​លោក​យ៉ូណាស គាត់​បាន​រំឭក​ថា ទោះ​គាត់​ខំ​រត់​គេច​ពី​ព្រះ​យ៉ាង​ណា​ក៏​ដោយ ព្រះ​អង្គ​នៅ​តែ​តាម​រក​គាត់។​ ពេល​ដែល​លោក​យ៉ូណាស​ចុះ​ចាញ់​ស្ថាន​ភាព​ដ៏​ពិបាក​របស់​គាត់ ហើយ​ត្រូវ​ការ​ការ​សង្រ្គោះ​របស់​ព្រះ នោះ​គាត់​ក៏​បាន​អធិស្ឋាន​ស្រែក​រក​ព្រះ​អង្គ ហើយ​ងាក​បែរ​មក​រក​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ(២:២,៨)។ ព្រះ​ទ្រង់​ឆ្លើយ​តប ហើយ​ប្រទាន​ការ​សង្រ្គោះ​មិន​គ្រាន់​តែ​សម្រាប់​យ៉ូណាស តែ​ក៏​សម្រាប់​សាសន៍​អាសស៊ើរ ដែល​ជា​សត្រូវ​របស់​គាត់​ផង​ដែរ​(៣:១០)។

គឺ​ដូច​ដែល​គាត់​បាន​ពិពណ៌នា​នា ក្នុង​បទ​កំណាព្យ​របស់​គាត់ ​ជីវិត​យើង​ អាច​មាន​រដូវ​កាល ដែល​យើង​ព្យាយាម​រត់​គេច​ពី​ព្រះ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​យេស៊ូវ​នៅ​តែ​ស្រឡាញ់​យើង ហើយ​បន្ត​ធ្វើ​ការ​ក្នុង​ចិត្ត​យើង ដើម្បី​ឲ្យ​យើង​វិល​ត្រឡប់​មក​រក​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ​អង្គ​(១យ៉ូហាន ១:៩)។—Lisa M. Samra