នៅប្រទេសប៉ាពូ ញូ គីនា កុលសម្ព័ន្ធខាន់ដា បានទន្ទឹងរង់ចាំ ដោយចិត្តរំភើបរីករាយ ចំពោះការមកដល់នៃព្រះគម្ពីរសញ្ញាថ្មី ដែលគេបានបោះពុម្ពផ្សាយជាភាសារបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីទៅដល់ភូមិរបស់ពួកគេ អ្នកដឹកជញ្ជូនព្រះគម្ពីរ ត្រូវធ្វើដំណើរតាមសមុទ្រ ដោយជិះកាណូតតូចៗ។
តើមានអ្វីធ្វើឲ្យពួកគេមានចិត្តក្លាហាន នៅក្នុងការធ្វើដំណើរ ឆ្លងកាត់ទឹកដ៏ធំដូចនេះ? ជាការពិតណាស់ ពួកគេមានជំនាញដើរសមុទ្រស្រាប់។ ប៉ុន្តែ ពួកគេក៏បានស្គាល់ព្រះដែលបានបង្កើតសមុទ្រផងដែរ។ ព្រះអង្គជាព្រះដែលដឹកនាំយើង កាត់តាមសមុទ្រជ្រៅ ដែលមានទឹករលកធំៗ។
ស្តេចដាវីឌបានពោលថា “តើទូលបង្គំនឹងទៅឯណា ឲ្យរួចពីព្រះវិញ្ញាណទ្រង់?”(ទំនុកដំកើង ១៣៩:៧)។ “ទោះបើទូលបង្គំនឹងឡើងទៅឯស្ថានសួគ៌ ក៏មានទ្រង់សណ្ឋិតនៅទីនោះ…ទោះបើទូលបង្គំនឹងយកស្លាបនៃបច្ចូសកាល ហោះទៅនៅឯទីបំផុតនៃសមុទ្រ គង់តែព្រះហស្តទ្រង់នឹងនាំទូលបង្គំនៅទីនោះ ហើយព្រះហស្តស្តាំទ្រង់នឹងក្តាប់ទូលបង្គំដែរ”(ខ.៨-១០)។
ពាក្យពេចន៍ទាំងនេះមានន័យជ្រាលជ្រៅ សម្រាប់កុលសម្ព័ន្ធខេនដាស ដែលកំពុងរស់នៅលើកោះ ដែលមានអាកាសធាតុត្រូពិច ព្រៃក្រាស់ និងភ្នំដែលមានថ្មច្រើន។ គេបានហៅកោះនេះថា “តំបន់ចុងក្រោយដែលគេស្គាល់”។ តែក្នុងនាមជាអ្នកជឿនៅទីនោះ និងនៅកន្លែងផ្សេង គ្មានទីកន្លែង ឬបញ្ហាអ្វី ដែលព្រះទ្រង់ឈោងមិនដល់នោះឡើយ។ គឺដូចដែលបទគម្ពីរទំនុកដំកើង ១៣៩:១២ បានចែងថា “ដូច្នេះទាំងសេចក្តីងងឹតនោះឯង មិនលាក់ពីទ្រង់ឡើយ ទោះទាំងយប់ក៏ភ្លឺដូចជាពេលថ្ងៃដែរ ឯសេចក្តីងងឹត និងពន្លឺភ្លឺ នោះស្មើគ្នានៅចំពោះទ្រង់”។
ដូចនេះ ព្រះទ្រង់មានបន្ទូលបង្ក្រាបទឹករលក និងខ្យល់ព្យុះដែលនៅពីមុខយើង ដោយបន្ទូលថា “ចូរស្ងៀមទៅ ហើយឈប់ចុះ”(ម៉ាកុស ៤:៣៩)។ ដូចនេះ ចូរកុំខ្លាចទឹកជ្រៅ ឬទឹកដែលរំជើបរំជួល ក្នុងជីវិតយើង នៅថ្ងៃនេះឡើយ។ ព្រះនៃយើងនាំយើង ទៅរកត្រើយ ដោយសុវត្ថិភាព។—Patricia Raybon