ខ្ញុំ​តែង​តែ​ឃើញ​នាង ទៅ​ទទួល​ស្វាគមន៍​ថ្ងៃ​រះ ជា​រៀង​រាល់​ពេល​ព្រឹក។ នាង​ជា​អ្នក​ហាត់​ប្រាណ​ដោយ​ការ​ដើរ​លឿន ក្នុង​តំបន់​ដែល​ខ្ញុំ​រស់​នៅ។ ពេល​ខ្ញុំ​បើក​ឡាន​ជូន​កូន​ទៅ​រៀន ខ្ញុំ​តែង​តែ​ឃើញ​នាង ដើរ​នៅ​លើ​ចិញ្ចើម​ផ្លូវ។  នាង​បាន​មាន​កាស់​ធំ​ខុស​ធម្មតា​ពាក់​នៅ​លើ​ត្រចៀក និង​ពាក់​ស្រោម​ជើង​វែង​ដល់​ក្បាល​ជង្គង់។ នាង​ដើរ​ទៅ​មុខ ដោយ​ចលនា​ដៃ និង​ជើង​ឆ្លាស់​គ្នា​យ៉ាង​លឿន​។ កីឡា​ប្រភេទ​នេះ មាន​ភាព​ខុស​ប្លែក​ពី​ការ​រត់​ហាត់​ប្រាណ​ត្រឹក​ៗ។ ការ​ដើរ​លឿន​គឺ​រាប់​បញ្ចូល​ការ​ទប់​ចិត្ត និង​រាងកាយ​ដែល​តាម​ធម្មតា យើង​ចង់​តែ​រត់ ពេល​ដែល​យើង​ដើរ​លឿន​ដូច​នេះ។ ទោះ​វា​មិន​ដូច​ការ​រត់ តែ​វា​មាន​ថា​ពល ការ​ផ្តោត​ចិត្ត និង​កម្លាំង ដូច​ការ​រត់​ត្រឹក​ៗ​ផង​ដែរ។ ប៉ុន្តែ គេ​មាន​ការ​គ្រប់​គ្រង​វា​បាន​ល្អ។​

អំណាច​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង គឺ​ជា​គន្លឹះ​ដ៏​សំខាន់។ ការ​បន្ទាប​ខ្លួន​តាម​ការ​បង្រៀន​ក្នុង​ព្រះ​គម្ពីរ គឺ​មិន​ខុស​ពី​ការ​ដើរលឿន​នោះ​ឡើយ គឺ​មនុស្ស​ច្រើន​តែ​គិត​ថា ការ​បន្ទាប​ខ្លួន ជា​ភាព​កម្សោយ។ តាម​ពិត គឺ​មិន​ដូច្នោះ​ទេ។ ការ​បន្ទាប​ខ្លួន គឺ​មិនមែន​ជា​ការ​បន្ថយ​កម្លាំង ឬ​សមត្ថ​ភាព​របស់​យើង​ទេ តែ​ផ្ទុយ​ទៅ​វិញ យើង​គ្រប់​គ្រង​កម្លាំង ឬ​លទ្ធ​ភាព​របស់​យើង គឺ​ដូច​ដែល​ដៃ និង​ជើង​យើង ស្ថិត​នៅ​ក្រោម​ការ​បញ្ជា​របស់​គំនិត ពេល​ដែល​គេ​ហាត់​ប្រាណ ដោយ​ការ​ដើរ​លឿន​យ៉ាង​ដូច្នោះ​ដែរ។​

ពាក្យ “ដើរ​ដោយ​សុភាព​រាប​ទាប” ​ក្នុង​បទ​គម្ពីរ​មីកា​ គឺ​បាន​ត្រាស់​ហៅ​យើង ឲ្យ​គ្រប់​គ្រង​ចំណង់​របស់​យើង ដែល​ចេះ​តែ​ចង់​ធ្វើ​អ្វី​លឿន ជាង​ការ​ដឹក​នាំ​របស់​ព្រះ។ យើង​ត្រូវ “​ប្រព្រឹត្ត​ដោយ​សុចរិត ឲ្យ​ស្រឡាញ់​សេចក្តី​សប្បុរស” (៦:៨) ហើយ​ការ​នេះ​អាច​នាំ​ឲ្យ​យើង​មាន​ចិត្ត​ចង់​ធ្វើ​អ្វី​ម្យ៉ាង ឲ្យ​បាន​ឆាប់​រហ័ស។ នេះ​ជា​រឿង​ធម្មតា ព្រោះ​យើង​មាន​អារម្មណ៍​ថា ពិភព​លោក​មាន​រឿង​អយុត្តិ​ធម៌​ច្រើន​ពេក។ ប៉ុន្តែ យើង​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង និង​ការ​ដឹក​នាំ​របស់​ព្រះ។ គោល​ដៅ​របស់​យើង គឺ​ដើម្បី​ឲ្យ​បំណង​ព្រះ​ទ័យ​ព្រះ​អង្គ បាន​សម្រេច ក្នុង​ការ​មក​ដល់​នៃ​នគរ​ព្រះ​អង្គ នៅ​លើ​ផែន​ដី​នេះ។​—John Blasé