ខេដិន(Caden) ជាយុវជន ដែលនឹងចូលដល់អាយុ១៨ឆ្នាំ ក្នុងពេលឆាប់ៗ។ គាត់កំពុងទន្ទឹងរង់ចំាពេលដែលគាត់នឹងបានចូលរៀននៅមហាវិទ្យាល័យជាលើកដំបូង ដោយមានអាហាររូបករណ៍។ គាត់បានចូលរួមក្នុងការងារផ្សាយដំណឹងល្អ នៅវិទ្យាល័យ ហើយបានទន្ទឹងរង់ចាំពេលដែលគាត់នឹងបានចូលរួម ក្នុងការងារស្រដៀងនេះ ក្នុងបរិស្ថានថ្មី។ គាត់ក៏បានសន្សំលុយ ដែលគាត់ទទួលបានពីការងារពាក់កណ្តាលពេល ហើយក៏បានមានឱកាសដ៏ល្អ ដើម្បីទទួលបានការងារថ្មី។ គាត់មានគោលដៅល្អៗមួយចំនួន ហើយអ្វីៗក៏មានដំណើរការល្អ តាមគម្រោងរបស់គាត់។
ហើយបន្ទាប់មក នៅរដូវផ្ការីក នៃឆ្នាំ២០២០ ការរាតត្បាតនៃជំងឺកូវីតបានផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង។
សាលាក៏បានជូនដំណឹងមកថា គាត់ត្រូវរៀនតាមអនឡាន ក្នុងឆមាសទី១។ ការផ្សាយដំណឹងល្អ នៅមហាវិទ្យាល័យក៏បានផ្អាក។ ចិត្តដែលរំពឹងចង់បានការងារល្អ ក៏បានរីងស្ងួត ពេលដែលកន្លែងធ្វើការជាច្រើនត្រូវបានបិទ។ ខណៈពេលដែលគាត់កំពុងតែអស់សង្ឃឹម មិត្តភក្តិគាត់ម្នាក់ក៏បានដកស្រង់ពាក្យរបស់អ្នកប្រដាល់អាជីពដ៏ល្បីម្នាក់ដែលបាននិយាយថា “មនុស្សម្នាក់ៗសុទ្ធតែមានផែនការរៀងៗខ្លួន ទាល់តែត្រូវគេដាល់ចំកញ្ចប់មាត់”។
បទគម្ពីរសុភាសិត ជំពូក១៦ បានប្រាប់យើងថា ពេលណាយើងថ្វាយការទាំងអស់ដែលយើងធ្វើដល់ព្រះ ព្រះអង្គនឹងដឹកនាំយើងក្នុងការរៀបចំផែនការ ហើយអ្វីៗនឹងដំណើរការ តាមបំណងព្រះទ័យព្រះអង្គ(ខ.៣-៤)។ ទោះជាយ៉ាងណាក៏ដោយ ការប្តេជ្ញាចិត្តដ៏ពិតអាចមានការពិបាក។ ការប្តេជ្ញាចិត្តពិតប្រាកដតម្រូវឲ្យយើងបើកចិត្ត ទទួលការដឹកនាំពីព្រះ ដោយមិនងាកទៅឆ្វេង ឬទៅស្តាំ តាមតែចិត្តនឹកឃើញនោះឡើយ(ខ.៩ ១៩:២១)។
ក្តីស្រមៃដែលមិនមានផ្លែផ្កា អាចនាំឲ្យមកនូវការខកចិត្ត ប៉ុន្តែ ដោយសារយើងមិនអាចមើលឃើញពេលអនាគតជាមុន នោះយើងត្រូវតែពឹងផ្អែកទៅលើផ្លូវរបស់ព្រះ ដែលជ្រាបគ្រប់ការទាំងអស់។ ពេលណាយើងចុះចូលនឹងព្រះអង្គ យើងអាចដឹងច្បាស់ថា ព្រះអង្គនៅតែដឹកនាំជំហានយើងដោយក្តីស្រឡាញ់ សូម្បីតែនៅពេលដែលយើងមិនបានឃើញផ្លូវនៅខាងមុខក៏ដោយ(១៦:៩)។—Cindy Hess Kasper