ខេដិន(Caden) ជា​យុវជន ដែល​នឹង​ចូល​ដល់​អាយុ​១៨​ឆ្នាំ ក្នុង​ពេល​ឆាប់​ៗ។ គាត់​កំពុង​ទន្ទឹង​រង់​ចំា​ពេល​ដែល​គាត់​នឹង​បាន​ចូល​រៀន​នៅ​មហា​វិទ្យាល័យ​ជា​លើក​ដំបូង ដោយ​មាន​អាហារ​រូបករណ៍។ គាត់​បាន​ចូល​រួម​ក្នុង​ការងារ​ផ្សាយ​ដំណឹង​ល្អ នៅ​វិទ្យាល័យ ហើយ​បាន​ទន្ទឹង​រង់​ចាំ​ពេល​ដែល​គាត់​នឹង​បាន​ចូល​រួម ក្នុង​ការងារ​ស្រដៀង​នេះ ក្នុង​បរិស្ថាន​ថ្មី។ គាត់​ក៏​បាន​សន្សំ​លុយ ដែល​គាត់​ទទួល​បាន​ពី​ការងារ​ពាក់​កណ្តាល​ពេល ហើយ​ក៏​បាន​មាន​ឱកាស​ដ៏​ល្អ ដើម្បី​ទទួល​បាន​ការងារ​ថ្មី។ គាត់​មាន​គោលដៅ​ល្អ​ៗ​មួយ​ចំនួន ហើយ​អ្វី​ៗ​ក៏​មាន​ដំណើរ​ការ​ល្អ តាម​គម្រោង​របស់​គាត់។

ហើយ​បន្ទាប់​មក នៅ​រដូវ​ផ្កា​រីក នៃ​ឆ្នាំ​២០២០ ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីត​បាន​ផ្លាស់​ប្តូរ​អ្វី​ៗ​គ្រប់​យ៉ាង។

សាលា​ក៏​បាន​ជូន​ដំណឹង​មក​ថា គាត់​ត្រូវ​រៀន​តាម​អន​ឡាន ក្នុង​ឆមាស​ទី​១។ ការ​ផ្សាយ​ដំណឹង​ល្អ នៅ​មហា​វិទ្យាល័យ​ក៏​បាន​ផ្អាក​។ ចិត្ត​ដែល​រំពឹង​ចង់​បាន​ការងារ​ល្អ ក៏​បាន​រីង​ស្ងួត ពេល​ដែល​កន្លែង​ធ្វើការ​ជា​ច្រើន​ត្រូវ​បាន​បិទ។ ខណៈ​ពេល​ដែល​គាត់​កំពុង​តែ​អស់​សង្ឃឹម មិត្ត​ភក្តិ​គាត់​ម្នាក់​ក៏​បាន​ដក​ស្រង់​ពាក្យ​របស់​អ្នក​ប្រដាល់​អាជីព​ដ៏​ល្បី​ម្នាក់​ដែល​បាន​និយាយ​ថា “មនុស្ស​ម្នាក់​ៗ​សុទ្ធ​តែ​មាន​ផែន​ការ​រៀង​ៗ​ខ្លួន ទាល់​តែ​ត្រូវ​គេ​ដាល់​ចំ​កញ្ចប់​មាត់”។

បទ​គម្ពីរ​សុភាសិត ជំពូក១៦ បាន​ប្រាប់​យើង​ថា ពេល​ណា​យើង​ថ្វាយ​ការ​ទាំង​អស់​ដែល​យើង​ធ្វើ​ដល់​ព្រះ ព្រះ​អង្គ​នឹង​ដឹក​នាំ​យើង​ក្នុង​ការ​រៀប​ចំ​ផែន​ការ ហើយ​អ្វី​ៗ​នឹង​ដំណើរ​ការ តាម​បំណង​ព្រះ​ទ័យ​ព្រះ​អង្គ​(ខ.៣-៤)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ប្តេជ្ញា​ចិត្ត​ដ៏​ពិត​អាច​មាន​ការ​ពិបាក។ ការ​ប្តេជ្ញា​ចិត្ត​ពិត​ប្រាកដ​តម្រូវ​ឲ្យ​យើង​បើក​ចិត្ត ទទួល​ការ​ដឹក​នាំ​ពី​ព្រះ ដោយ​មិន​ងាក​ទៅ​ឆ្វេង ឬ​ទៅ​ស្តាំ តាម​តែ​ចិត្ត​នឹក​ឃើញ​នោះ​ឡើយ​(ខ.៩ ១៩:២១)។

ក្តី​ស្រមៃ​ដែល​មិន​មាន​ផ្លែ​ផ្កា អាច​នាំ​ឲ្យ​មក​នូវ​ការ​ខក​ចិត្ត ប៉ុន្តែ ដោយ​សារ​យើង​មិន​អាច​មើល​ឃើញ​ពេល​អនាគត​ជា​មុន នោះ​យើង​ត្រូវ​តែ​ពឹង​ផ្អែក​ទៅ​លើ​ផ្លូវ​របស់​ព្រះ ដែល​ជ្រាប​គ្រប់​ការ​ទាំង​អស់។ ពេល​ណា​យើង​ចុះ​ចូល​នឹង​ព្រះ​អង្គ យើង​អាច​ដឹង​ច្បាស់​ថា ព្រះ​អង្គ​នៅ​តែ​ដឹក​នាំ​ជំហាន​យើង​ដោយ​ក្តី​ស្រឡាញ់ សូម្បី​តែ​នៅ​ពេល​ដែល​យើង​មិន​បាន​ឃើញ​ផ្លូវ​នៅ​ខាង​មុខ​ក៏ដោយ(១៦:៩)។—Cindy Hess Kasper