គ្រូបង្រៀនព្រះបន្ទូលនៅក្នុងជួរទ័ពអាមេរិកទាំងបួននាក់នោះ មិនមានឈ្មោះល្បីជា “វីរបុរស” នោះទេ។ ប៉ុន្តែ នៅពេលយប់ដែលរងាខ្លាំង ក្នុងខែកុម្ភៈ ឆ្នាំ១៩៤៣ នាវាដឹកជញ្ជូនទ័ព ឈ្មោះSS Dorchester ដែលពួកគេបានជិះ ត្រូវនាវាមុជទឹករបស់សត្រូវបាញ់ចំ នៅក្បែរឆ្នេរសមុទ្រ នៃតំបន់គ្រីនលែន ក្នុងអំឡុងសម័យសង្រ្គាមលោកលើកទី២។ ពេលនោះ អ្នកទាំងបួនក៏បានប្រឹងប្រែងអស់សមត្ថភាព ដើម្បីជួយសម្រួលអារម្មណ៍របស់ពួកទាហានដែលកំពុងតែស្លន់ស្លោ។ ក្នុងចំណោមអ្នកដែលរួចជីវិត មានម្នាក់បាននិយាយថា ខណៈពេលដែលនាវាកំពុងតែលិច ហើយអ្នករបួសកំពុងតែលោតចូលទៅក្នុងទូកសង្រ្គោះដែលមានមនុស្សលើសចំណុះ គ្រូបង្រៀនព្រះបន្ទូលទាំងបួនក៏បានសម្រួលអារម្មណ៍អស់អ្នកដែលកំពុងឆ្លេឆ្លា ដោយ “ចែកចាយព្រះបន្ទូលអំពីសេចក្តីក្លាហាន”។
ពេលដែលគេខ្វះអាវការពារកុំឲ្យលង់ទឹក អ្នកទាំងបួនសុទ្ធតែបានដោះអាវការពាររបស់ខ្លួន ឲ្យទៅយុវជនម្នាក់ដែលកំពុងមានការភ័យខ្លាច។ ពួកគេបានសម្រេចចិត្តលិចទឹកស្លាប់ជាមួយនាវា ដើម្បីឲ្យអ្នកដទៃបានរស់។ អ្នកដែលបានរួចជីវិតម្នាក់បាននិយាយថា “វាជារឿងល្អបំផុតដែលខ្ញុំបានជួប”។
ពួកគេក៏បានកាន់ដៃគ្នាខណៈពេលដែលនាវាចាប់ផ្តើមលិចទៅក្នុងទឹក ហើយអធិស្ឋានឮៗទាំងអស់គ្នា ដោយផ្តល់ការលើកទឹកចិត្តដល់អ្នកដែលហៀបនឹងស្លាប់ជាមួយពួកគេ។
រឿងនេះបានបង្ហាញនូវសេចក្តីក្លាហាន។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីស្រឡាញ់ បានធ្វើឲ្យការលះបង់របស់ពួកគេមានន័យយ៉ាងខ្លាំង។ សាវ័កប៉ុលបានជំរុញអ្នកជឿទាំងអស់ ដែលរាប់បញ្ចូលទាំងពួកជំនុំនៅទីក្រុងកូរិនថូស ឲ្យមានសេចក្តីស្រឡាញ់ដូចនេះផងដែរ។ ពួកជំនុំនៅទីក្រុងកូរិនថូសបានជួបបញ្ហាជម្លោះ ពុករលួយ និងអំពើបាបជាច្រើន បានជាគាត់ជំរុញពួកគេថា “ចូរចាំយាម ចូរឈរឲ្យមាំមួនក្នុងសេចក្តីជំនឿ ចូរប្រព្រឹត្តឲ្យពេញជាភាពបុរស ចូរឲ្យមានកំឡាំង”(១កូរិនថូស ១៦:១៣)។ ហើយបន្ទាប់មក គាត់ក៏បានបន្ថែមទៀតថា “ត្រូវឲ្យអ្នករាល់គ្នាធ្វើការទាំងអស់ ដោយសេចក្តីស្រឡាញ់”(ខ.១៤)។
នេះជាសេចក្តីបង្គាប់ដ៏សំខាន់ សម្រាប់អ្នកជឿព្រះយេស៊ូវទាំងអស់ ជាពិសេស ក្នុងអំឡុងពេលមានវិបត្តិ។ ក្នុងជីវិតយើង ពេលដែលភាពវឹកវរកំពុងតែគំរាមកំហែង ការឆ្លើយតបដ៏ក្លាហានបំផុតរបស់យើង នឹងនាំឲ្យគេស្គាល់ព្រះគ្រីស្ទ ដោយផ្តល់ឲ្យអ្នកដទៃ នូវក្តីស្រឡាញ់របស់ព្រះអង្គ។—Patricia Raybon