ពេល​ខ្ញុំ​យក​ឡាន​ទៅ​លាង នៅ​កន្លែង​លាង​ឡាន​ស្វ័យ​ប្រវត្តិ មាន​បុរស​ម្នាក់​កំពុង​បើក​ឡាន​ចូល​កន្លែង​លាង មុន​ខ្ញុំ។ គាត់​ក៏បាន​ចុះ​ដើរ​ទៅ​ខាង​ក្រោយ​ឡាន​គាត់ ដើម្បី​ដោះ​ទំពក់​សណ្តោង​ចេញ​ពី​ឡាន​ភីក​អាប់​របស់​គាត់ ដើម្បី​កុំ​ឲ្យ​វា​ទាក់​នឹង​ច្រាស​ស្វ័យ​ប្រវត្តិ ដែល​គេ​បង្វឹល​ដុះ​លាង​រថយន្ត។ គាត់​ក៏​បាន​បង់​ថ្លៃ​លាង​ឡាន ហើយ​ក៏​បាន​បើក​ឡាន​ចូល​ទៅ​ក្នុង​ផ្លូវ​បើក​ស្វ័យ​ប្រវត្តិ។ បុគ្គលិក​លាង​ឡាន​ក៏​បាន​ស្រែក​ប្រាប់​គាត់ ឲ្យ​កាច់​ចង្កឹះ​លេខ​ឡាន​ ដាក់​លេខ​ N ។ ប៉ុន្តែ គាត់​បាន​បិទ​កញ្ចក់​ឡាន មិនបាន​ស្តាប់​ឮ។ គាត់​ក៏​បាន​បើក​ឡាន​កាត់​តាម​បន្ទប់​លាង​ឡាន​ស្វ័យ​ប្រវត្តិ បាន​តែ​៤​វិនាទី​ប៉ុណ្ណោះ។ ដូច​នេះ ឡាន​គាត់​ស្ទើរ​តែ​មិន​ប៉ះ​ទឹក​សោះ។​

លោក​អេលីយ៉ា​មាន​បេសកកម្ម​មួយ ដែល​ត្រូវ​ធ្វើ។ គាត់​កំពុង​តែ​រវល់​បម្រើ​ព្រះ ដោយ​សម្រេច​កិច្ច​ការ​ធំ​ៗ​មួយ​ចំនួន។ គាត់​ទើប​តែ​បាន​ឈ្នះ​ហោរា​របស់​ព្រះ​បាល ក្នុង​ការ​ប្រកួត​ការ​អស្ចារ្យ ហើយ​គាត់​ក៏​បាន​អស់​កម្លាំង​(មើល​ ១ពង្សាវតាក្សត្រ ១៨:១៦-៣៩)។​ គាត់​ត្រូវ​ការ​ពេល​សម្រាក។ ព្រះ​ទ្រង់​ក៏​បាន​នាំ​គាត់ ទៅ​ភ្នំ​ហូរែប ជា​កន្លែង​ដែល​ទ្រង់​ធ្លាប់​បង្ហាញ​ព្រះ​អង្គ​ទ្រង់​ឲ្យ​គាត់​ឃើញ​កាល​ពី​យូរ​មក​ហើយ។ ពេល​នោះ ព្រះ​អង្គ​មិន​បាន​ធ្វើ​ឲ្យ​មាន​ខ្យល់​ព្យុះ​កំបុត​ត្បូង រញ្ជួយ​ដី ឬ​មាន​ភ្លើង​ឆាប​ឆេះ​នោះ​ទេ ផ្ទុយ​ទៅ​វិញ ព្រះ​អង្គ​បាន​មាន​បន្ទូល​មក​គាត់ ដោយ​សម្លេង​តូច​រហៀង យ៉ាង​ស្រទន់។ “​អេលីយ៉ា​បាន​ឮ​ហើយ នោះ​លោក​ក៏​យក​ក្រមា​គ្រលុំ​មុខ ចេញ​មក​ឈរ​នៅ​មាត់​រអាង”(១ពង្សាវតាក្សត្រ ១៩:១៣)។

ខ្ញុំ និង​អ្នក​ក៏​មាន​បេសកកម្ម ដែល​ត្រូវ​ធ្វើ​ផង​ដែរ។ យើង​ត្រូវ​ដាក់​ជីវិត​យើង នៅ​លើ​ផ្លូវ​របស់​ព្រះ ដើម្បី​សម្រេច​ការ​ដ៏​ធំ ថ្វាយ​ព្រះអង្គ​សង្រ្គោះ​របស់​យើង។ ប៉ុន្តែ បើ​យើង​មិន​ដែល​ឈប់​បង្អង់ ដើម្បី​សម្រាក​ទេ នោះ​ជីវិត​យើង​អាច​ទៅ​លឿន​ជ្រុល ដោយ​មិន​បាន​ស្តាប់​ព្រះ​សូរ្យ​សៀង​ព្រះ។ គឺ​ដូច​ដែល​ព្រះ​អង្គ​មាន​បន្ទូល​ខ្សឹប​មក​យើង​ថា “ចូរ​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា អញ​ជា​ព្រះ”(ទំនុកដំកើង ៤៦:១០)។—Mike Wittmer