ពន្លឺ​ថ្ងៃ និង​ទឹក​ដ៏​គ្រប់​គ្រាន់ បាន​ធ្វើ​ឲ្យ​ផ្កា​ព្រៃ​ដ៏​ស្រស់​ស្អាត ដុះ​បាន​ល្អ និង​គ្រប់​ដណ្តប់​ពី​លើ​តំបន់​មួយ​ចំនួន នៅ​រដ្ឋ​កាលីហ្វូញ៉ា ដែល​មាន​ដូច​ជា ជ្រលង​អ៊ែនទេឡូប និង​ភ្នំ​ហ្វ៊ីហ្គឺរ៉ោ​ជា​ដើម។​ ប៉ុន្តែ តើ​មាន​រឿង​អ្វី​កើត​ឡើង ពេល​ដែល​ភាព​រាំង​ស្ងួត​បាន​វាយ​ប្រហារ​មក​លើ​តំបន់​ទាំង​នេះ? អ្នក​វិទ្យា​សាស្រ្ត​បាន​រក​ឃើញ​ថា ផ្កា​ព្រៃ​ប្រភេទ​ខ្លះ​បាន​រក្សា​ទុក​នូវ​គ្រប់​ពូជ​របស់​វា​ ក្នុង​បរិមាណ​ដ៏​ច្រើន នៅ​ក្នុង​ដី ជា​ជាង​បណ្តោយ​ឲ្យ​ពួក​វា​ប្រឹង​ចាក់​ឫស​ចូល​ទៅ​ក្នុង​ដី ហើយ​លូត​លាស់។ បន្ទាប់​ពី​ភាព​រាំង​ស្ងួត​បាន​បញ្ចប់ រុក្ខ​ជាតិ​ទាំង​នោះ​ក៏​បាន​ប្រើ​គ្រប់​ពូជ​ដែល​វា​បាន​សន្សំ​ទុក ដើម្បី​ចាប់​ផ្តើម​ចម្រើន​ឡើង​វិញ។

ពួក​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ មាន​ការ​ចម្រើន​ឡើង ក្នុង​ទឹក​ដី​អេស៊ីព្ទ ទោះ​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់​យ៉ាង​ណា​ក៏​ដោយ។ ពួក​មេ​ទាសករ​បាន​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​ការ ក្នុង​វាល​ស្រែ និង​ធ្វើ​ឥដ្ឋ។ ពួក​មេ​ការ​ដ៏​កាច​សាហាវ​ទាំង​នោះ តម្រូវ​ឲ្យ​ពួក​គេ​សាង​សង់​ទីក្រុង​ទាំង​មូល​ថ្វាយ​ស្តេច​ផារ៉ោន។ ស្តេច​អេស៊ីព្ទ​ថែម​ទាំង​បាន​ប្រើ​វិធី​សាស្រ្ត​សម្លាប់​ទារក ដើម្បី​បន្ថយ​ចំនួន​ប្រជាជន​អ៊ីស្រាអែល​ទៀត​ផង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដោយសារ​ព្រះ​ទ្រង់​បាន​ទ្រទ្រង់​ពួក​គេ “ទោះ​គេ​ធ្វើ​ទុក្ខ​ប៉ុណ្ណា នោះ​ពួកគេ​ក៏​ចំរើន​ជាច្រើន ទាំង​សាយ​ពេញ​ពាស​ឡើង​ប៉ុណ្ណោះ​ដែរ”(និក្ខមនំ ១:១២)។ អ្នក​ប្រាជ្ញ​ព្រះ​គម្ពីរ​ជា​ច្រើន​បាន​ប៉ាន់​ប្រមាណ​ឃើញ​ថា នៅ​សម័យ​នោះ ចំនួន​ប្រជាជន​អ៊ីស្រាអែល​ទាំង​ប្រុស​ស្រី និង​កុមារ បាន​កើន​ចំនួន​ដល់​២​លាន​នាក់(ឬ​លើស​នេះ​ទៀត) ក្នុង​អំឡុង​ពេល​ដែល​ពួកគេ​ នៅ​នគរ​អេស៊ីព្ទ។

ព្រះ​ដែល​បាន​ថែរក្សា​រាស្រ្ត​ព្រះ​អង្គ នៅ​សម័យ​នោះ ក៏​កំពុង​តែ​ទ្រទ្រង់​យើង នៅ​សម័យ​បច្ចុប្បន្ន​ផង​ដែរ។ ព្រះ​អង្គ​អាច​ជួយ​យើង ទោះ​នៅ​ក្នុង​បរិស្ថាន​ណា​ក៏​ដោយ។ យើង​ប្រហែល​កំពុង​ព្រួយ​បារម្ភ អំពី​ការ​ស៊ូ​ទ្រាំ ក្នុង​អំឡុង​រដូវ​កាល​មួយ​ទៀត។ ប៉ុន្តែ ព្រះ​គម្ពីរ​ប៊ីប​បាន​ធានា​យើង​ថា ព្រះ​ដែល “បាប​តុបតែង​ស្មៅ​ដែល​នឹង​ក្រៀម​ស្វិត ហើយ​ត្រូវ​គេ​ដុត” ​ក៏​អាច​ផ្គត់​ផ្គង់​តម្រូវ​ការ​យើង​ផង​ដែរ(ម៉ាថាយ ៦:៣០)។—Jennifer Benson Schuldt