ពេលដែលលោកអេឌ្រាន(Adrian) ឡើងភ្នំ គាត់ក៏បានមើលមកខាងក្រោម ឃើញពពកដែលហោះទាបៗ។ ដោយមានថ្ងៃនៅពីក្រោយខ្នងគាត់ នោះគាត់ក៏បានមើលទៅក្រោម មិនគ្រាន់តែបានឃើញស្រមោលរបស់គាត់ តែក៏បានឃើញឥន្ទធនូដែលមានរាងមូលនៅពីក្រោយស្រមោលគាត់ផងដែរ។ នេះជាបាតុភូត ដែលបង្កើតឲ្យមានឥន្ទធនូដែលមានរាងមូលដូចរង្វង់ព័ទ្ធជុំវិញស្រមោលរបស់មនុស្ស។ វាកើតឡើង ពេលដែលពន្លឺថ្ងៃចំណាំងផ្លាតនៅក្នុងពពក ដែលនៅខាងក្រោមកំពូលភ្នំ។ លោកអេឌ្រានក៏បានពិពណ៌នាថា វាជាពេលដ៏អស្ចារ្យ ដែលធ្វើឲ្យគាត់មានចិត្តរីករាយយ៉ាងខ្លាំង។
យើងអាចស្រមៃថា លោកណូអេមានចិត្តរីករាយប៉ុណ្ណា ពេលដែលគាត់បានឃើញឥន្ទធនូជាលើកទីមួយ បន្ទាប់ពីទឹកជំនន់បានបញ្ចប់។ ឥន្ទធនូនោះមិនគ្រាន់តែមានភាពស្រស់ស្អាតសម្រាប់ភ្នែកគាត់ប៉ុណ្ណោះទេ តែពន្លឺដែលបានចំណាំងផ្លាតបញ្ចេញពណ៌ចម្រុះនោះ គឺបានធ្វើឲ្យខ្ញុំនឹកចាំ អំពីព្រះបន្ទូលសន្យារបស់ព្រះផងដែរ។ បន្ទាប់ពីទឹកជំនន់ដែលបានបង្កវិនាសកម្ម ព្រះទ្រង់ក៏បានធានាលោកណូអេថា “អញនឹងនឹកចាំពីសេចក្តីសញ្ញា ដែលអញបានតាំងនឹងឯងរាល់គ្នា ហើយនឹងអស់ទាំងសត្វគ្រប់ពូជដែរ នោះនឹងគ្មានទឹកជន់ឡើងលិចផែនដី ដើម្បីបំផ្លាញគ្រប់ទាំងសាច់ទៀតឡើយ”(លោកុប្បត្តិ ៩:១៥)។
ផែនដីយើងនៅមានទឹកជំនន់ និងអាកាសធាតុដែលគួរឲ្យភ័យខ្លាច នៅតាមតំបន់ផ្សេងៗ ដែលនាំឲ្យមានការខាតបង់ដ៏សោកសៅ ប៉ុន្តែ ឥន្ទធនូគឺជាសេចក្តីសន្យារបស់ព្រះ ដែលបានធានាថា ព្រះអង្គនឹងមិនជំនុំជម្រះផែនដី ដោយទឹកជំនន់ទូទាំងពិភពលោកទៀតទេ។ សេចក្តីសន្យានៃសេចក្តីស្មោះត្រង់របស់ព្រះអង្គ អាចរំឭកយើងថា ទោះយើងនឹងជួបការបាត់បង់ និងសេចក្តីស្លាប់នៅលើផែនដីនេះ ទោះដោយជម្ងឺ គ្រោះធម្មជាតិ ដោយកំហុស ឬដោយភាពចាស់ជរាក្តី ព្រះទ្រង់នឹងជួយយើង ដោយសេចក្តីស្រឡាញ់ និងព្រះវត្តមានទ្រង់ ក្នុងទុក្ខលំបាក ដែលយើងជួបប្រទះ។
ពន្លឺថ្ងៃដែលបញ្ចេញពន្លឺប៉ះចំទឹក បង្កើតជាឥន្ទធនូ ដែលមានពណ៌ចម្រុះ គឺបានរំឭកយើង អំពីភាពស្មោះត្រង់របស់ព្រះអង្គ ក្នុងការបំពេញផែនដីនេះ ដោយមនុស្សដែលមានរូបភាពដូចព្រះអង្គ និងឆ្លុះបញ្ចាំងអំពីសិរីល្អព្រះអង្គ ឲ្យអ្នកដទៃបានឃើញ។—Kirsten Holmberg