កាលពីឆ្នាំ២០១៩ អ្នកឡើងភ្នំម្នាក់បានឃើញថ្ងៃរះជាលើកចុងក្រោយ នៅលើកំពូលភ្នំអេវើរេស។ គាត់បានរួចផុតពីសេចក្តីស្លាប់ នៅក្នុងការឡើងភ្នំ ប៉ុន្តែ រយៈកម្ពស់ដ៏ខ្ពស់បានធ្វើឲ្យគាត់គាំងបេះដូង ហើយគាត់ក៏បានបាត់បង់ជីវិត នៅក្នុងដំណើរចុះពីលើភ្នំមកវិញ។ អ្នកជំនាញផ្នែកសុខាភិបាលម្នាក់បានដាស់តឿនអ្នកឡើងភ្នំទាំងឡាយ កុំឲ្យគិតថា កំពូលភ្នំអេវើរេស គឺជាចំណុចចុងក្រោយនៃការធ្វើដំណើររបស់ពួកគេ។ ពួកគេត្រូវតែប្រញាប់ក្រោកឡើង ហើយចុះមកក្រោមវិញ ដោយចាំថា ពួកគេកំពុងតែស្ថិតក្នុង “តំបន់ស្លាប់” ដែលខ្វះខ្យល់អុកស៊ីហ្សែនដកដង្ហើម។
ស្តេចដាវីឌបានរួចផុតពីសេចក្តីស្លាប់ មុននឹងទ្រង់បានឡើងទៅដល់កំពូល។ ទ្រង់បានសម្លាប់សត្វតោ និងខ្លាឃ្មុំ ហើយបានសម្លាប់កូលីយ៉ាត គេចផុតពីលំពែងដែលស្តេចសូលបានចោលសំដៅមកទ្រង់ និងបានគេចផុតពីកងទ័ពដែលដេញតាមទ្រង់ ហើយក្រោយមកក៏បានគ្រប់គ្រងទឹកដីរបស់សាសន៍ភីលីស្ទីន និងអាំម៉ូរី ដោយក្លាយជាស្តេចនៃតំបន់ភ្នំ។
ប៉ុន្តែ ទ្រង់បានភ្លេចថា ទ្រង់កំពុងស្ថិតក្នុងតំបន់ស្លាប់។ នៅពេលដែលទ្រង់ឈានដល់ចំណុចកំពូលនៃភាពជោគជ័យរបស់ទ្រង់ ដោយព្រះអម្ចាស់បានប្រទានជ័យជម្នះ នៅកន្លែងណាដែលទ្រង់យាងទៅ(២សាំយ៉ូអែល ៨:៦) ទ្រង់ក៏បានប្រព្រឹត្តអំពើផិតក្បត់ជាមួយប្រពន្ធគេ ហើយធ្វើឃាតប្តីគេ។ ដើមហេតុគឺដោយសារទ្រង់នៅសម្ងំនៅលើកំពូលភ្នំនៃភាពជោគជ័យរបស់ទ្រង់។ ពេលដែលកងទ័ពរបស់ទ្រង់ចេញទៅរកសមរភូមិ តែទ្រង់ “គង់នៅក្នុងទីក្រុងយេរូសាឡិម”(១១:១)។ ស្តេចដាវីឌធ្លាប់ស្ម័គ្រចិត្តចេញទៅប្រយុទ្ធតតាំងនឹងកូលីយ៉ាត តែពេលនេះទ្រង់បានសម្រាក នៅក្នុងភាពរុងរឿងនៃភាពជោគជ័យរបស់ទ្រង់។
ការជម្នះចិត្តដែលមានមោទកភាពមិនមែនជាការងាយទេ ពេលដែលមនុស្សម្នាក់ៗនិយាយថា អ្នកជាមនុស្សពិសេស(៧:១១-១៦)។ ប៉ុន្តែ យើងត្រូវតែជម្នះវា។ ពេលដែលយើងទទួលបានជោគជ័យខ្លះៗ យើងប្រហែលជាចង់អបអរសមិទ្ធផលរបស់យើង យើងទទួលយកការអបអរពីអ្នកដទៃ ប៉ុន្តែ យើងត្រូវបន្តដំណើរទៅមុខទៀត។ យើងកំពុងស្ថិតក្នុងតំបន់ដ៏គ្រោះថ្នាក់។ ចូរយើងប្រញាប់ចុះពីកំពូលភ្នំនោះ ហើយបម្រើអ្នកដទៃ នៅជើងភ្នំ ដោយទូលសូមព្រះការពារចិត្ត និងជំហានរបស់អ្នក។—Mike Wittmer