កាល​ពី​ឆ្នាំ​២០១៩ អ្នក​ឡើង​ភ្នំ​ម្នាក់​បាន​ឃើញ​ថ្ងៃ​រះ​ជា​លើក​ចុង​ក្រោយ នៅ​លើ​កំពូល​ភ្នំ​អេវើរេស។ គាត់​បាន​រួច​ផុត​ពី​សេចក្តី​ស្លាប់ នៅ​ក្នុង​ការ​ឡើង​ភ្នំ ប៉ុន្តែ រយៈ​កម្ពស់​ដ៏​ខ្ពស់​បាន​ធ្វើ​ឲ្យ​គាត់​គាំង​បេះដូង ហើយ​គាត់​ក៏​បាន​បាត់​បង់​ជីវិត នៅ​ក្នុង​ដំណើរ​ចុះ​ពីលើ​ភ្នំ​មក​វិញ។​ អ្នក​ជំនាញ​ផ្នែក​សុខាភិបាល​ម្នាក់​បាន​ដាស់​តឿន​អ្នក​ឡើងភ្នំ​ទាំង​ឡាយ កុំ​ឲ្យ​គិត​ថា កំពូល​ភ្នំ​អេវើរេស គឺ​ជា​ចំណុច​ចុង​ក្រោយ​នៃ​ការ​ធ្វើ​ដំណើរ​របស់​ពួកគេ។ ពួក​គេ​ត្រូវ​តែ​ប្រញាប់​ក្រោក​ឡើង ហើយ​ចុះ​មក​ក្រោម​វិញ ដោយ​ចាំ​ថា ពួក​គេ​កំពុង​តែ​ស្ថិត​ក្នុង “តំបន់​ស្លាប់” ដែល​ខ្វះ​ខ្យល់​អុកស៊ីហ្សែន​ដក​ដង្ហើម។

ស្តេច​ដាវីឌ​បាន​រួច​ផុត​ពី​សេចក្តី​ស្លាប់ មុន​នឹង​ទ្រង់​បាន​ឡើង​ទៅ​ដល់​កំពូល។ ទ្រង់​បាន​សម្លាប់​សត្វ​តោ និង​ខ្លា​ឃ្មុំ ហើយ​បានសម្លាប់​កូលីយ៉ាត គេច​ផុត​ពី​លំពែង​ដែល​ស្តេច​សូល​បាន​ចោល​សំដៅ​មក​ទ្រង់ និង​បាន​គេច​ផុត​ពី​កង​ទ័ព​ដែល​ដេញ​តាម​ទ្រង់ ហើយ​ក្រោយ​មក​ក៏​បាន​គ្រប់​គ្រង​ទឹក​ដី​របស់​សាសន៍​ភីលីស្ទីន និង​អាំម៉ូរី ​ដោយ​ក្លាយ​ជា​ស្តេច​នៃ​តំបន់​ភ្នំ។

ប៉ុន្តែ ទ្រង់​បាន​ភ្លេច​ថា ទ្រង់​កំពុង​ស្ថិត​ក្នុង​តំបន់​ស្លាប់។ នៅ​ពេល​ដែល​ទ្រង់​ឈាន​ដល់​ចំណុច​កំពូល​នៃ​ភាព​ជោគ​ជ័យ​របស់​ទ្រង់ ដោយ​ព្រះអម្ចាស់​បាន​ប្រទាន​ជ័យ​ជម្នះ នៅ​កន្លែង​ណា​ដែល​ទ្រង់​យាង​ទៅ(២សាំយ៉ូអែល ៨:៦) ទ្រង់​ក៏​បាន​ប្រព្រឹត្ត​អំពើ​ផិតក្បត់​ជា​មួយ​ប្រពន្ធ​គេ ហើយ​ធ្វើ​ឃាត​ប្តី​គេ។ ដើម​ហេតុ​គឺ​ដោយសារ​ទ្រង់​នៅ​សម្ងំ​នៅ​លើ​កំពូល​ភ្នំ​នៃ​ភាព​ជោគ​ជ័យ​របស់​ទ្រង់។​ ពេល​ដែល​កង​ទ័ព​របស់​ទ្រង់​ចេញ​ទៅ​រក​សមរភូមិ តែ​ទ្រង់ “គង់​នៅ​ក្នុង​ទីក្រុង​យេរូសាឡិម”(១១:១)។ ស្តេច​ដាវីឌ​ធ្លាប់​ស្ម័គ្រចិត្ត​ចេញ​ទៅ​ប្រយុទ្ធ​តតាំង​នឹង​កូលីយ៉ាត តែ​ពេល​នេះ​ទ្រង់​បាន​សម្រាក នៅ​ក្នុង​ភាព​រុង​រឿង​នៃ​ភាព​ជោគ​ជ័យ​របស់​ទ្រង់។

ការ​ជម្នះ​ចិត្ត​ដែល​មាន​មោទកភាព​មិន​មែន​ជា​ការ​ងាយ​ទេ ពេល​ដែល​មនុស្ស​ម្នាក់​ៗ​និយាយ​ថា អ្នក​ជា​មនុស្ស​ពិសេស​(៧:១១-១៦)។ ប៉ុន្តែ យើង​ត្រូវ​តែ​ជម្នះ​វា។​ ពេល​ដែល​យើង​ទទួល​បាន​ជោគ​ជ័យ​ខ្លះ​ៗ  យើង​ប្រហែល​ជា​ចង់​អបអរ​សមិទ្ធ​ផល​របស់​យើង យើង​ទទួល​យក​ការ​អប​អរ​ពី​អ្នក​ដទៃ ប៉ុន្តែ យើង​ត្រូវ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។​ យើង​កំពុង​ស្ថិត​ក្នុង​តំបន់​ដ៏​គ្រោះ​ថ្នាក់។ ចូរ​យើង​ប្រញាប់​ចុះ​ពី​កំពូល​ភ្នំ​នោះ ហើយ​បម្រើ​អ្នក​ដទៃ នៅ​ជើង​ភ្នំ ដោយ​ទូល​សូម​ព្រះ​ការពារ​ចិត្ត និង​ជំហាន​របស់​អ្នក។​—Mike Wittmer