បន្ទាប់ពីខ្ញុំ និងស្វាមីខ្ញុំបានបែកចេញពីព្រះវិហារ ដែលយើងធ្លាប់ចូលរួមថ្វាយបង្គំជាយូរមកហើយ បីឆ្នាំក្រោយមក យើងក៏បានវិលត្រឡប់មកពួកជំនុំមួយនេះវិញ ។ ប៉ុន្តែ តើពួកគេនឹងស្វាគមន៍ពួកយើងឬទេ? តើពួកគេនៅមានក្តីស្រឡាញ់ចំពោះយើងទេ? តើពួកគេបានអត់ឱនទោសឲ្យយើង ដែលបានចាកចេញពីពួកគេឬទេ? យើងក៏បានទទួលចម្លើយសម្រាប់សំណួរទាំងនេះ នៅព្រឹកថ្ងៃអាទិត្យមួយ។ ខណៈពេលដែលយើងដើរចូលតាមទ្វារព្រះវិហារ យើងក៏បានឮមនុស្សជាច្រើន ហៅឈ្មោះយើងថា “ភែត!(Pat) ឌែន!(Dan) ពួកយើងរីករាយណាស់ ដែលបានជួបអ្នក!” អ្នកស្រីខេត ឌីខាមីឡូ(Kate DiCamillo) ដែលជាអ្នកនិពន្ធសៀវភៅកុមារ បានសរសេរក្នុងសៀវភៅដ៏ល្បីល្បាញរបស់គាត់ថា “ប្រិយមិត្តអ្នកអាន។ ក្នុងពិភពលោកដ៏សោកសៅនេះ គ្មានអ្វីដែលផ្អែមជាងសម្លេងមនុស្សជាទីស្រឡាញ់ហៅឈ្មោះអ្នកនោះទេ”។
ការធានាដូចនេះ ក៏មានសម្រាប់ប្រជាជនអ៊ីស្រាអែលផងដែរ។ ពួកយើងបានសម្រេចចិត្តទៅថ្វាយបង្គំនៅព្រះវិហារផ្សេងមួយរយៈ គឺមិនបានដាច់ចេញពីព្រះឡើយ ប៉ុន្តែ ពួកអ៊ីស្រាអែលបានបែរខ្នងដាក់ព្រះអង្គ។ ប៉ុន្តែ ព្រះអង្គបានស្វាគមន៍ពួកគេ ឲ្យវិលត្រឡប់មកវិញ។ ព្រះអង្គបានចាត់ហោរាអេសាយ ឲ្យនាំព្រះរាជសារធានាដល់ពួកគេថា “កុំឲ្យខ្លាចឡើយ ដ្បិតអញបានលោះឯងហើយ អញបានហៅចំឈ្មោះឯង ឯងជារបស់ផងអញ”(អេសាយ ៤៣:១) ។
ក្នុងពិភពលោកនេះ យើងអាចមានអារម្មណ៍ថា គេមើលយើងមិនឃើញ មិនឲ្យតម្លៃយើង ឬមិនស្គាល់យើង តែយើងអាចដឹងច្បាស់ថា ព្រះអង្គស្គាល់ឈ្មោះយើងម្នាក់ៗ។ ព្រះអង្គបានសន្យាថា ពួកគេមានតម្លៃវិសេសនៅចំពោះព្រះនេត្រព្រះអង្គ ក៏គួរលើកដំកើង និងជាទីស្រឡាញ់ដល់ព្រះអង្គផងដែរ(ខ.៤)។ ព្រះអង្គបានមានបន្ទូលថា “កាលណាឯងដើរកាត់ទឹកធំ នោះអញនឹងនៅជាមួយ កាលណាដើរកាត់ទន្លេ នោះទឹកនឹងមិនលិចឯងឡើយ”(ខ.២)។ ព្រះបន្ទូលសន្យានេះ មិនមែនសម្រាប់តែជនជាតិអ៊ីស្រាអែលប៉ុណ្ណោះទេ។ ព្រះយេស៊ូវបានលះបង់ព្រះជន្មព្រះអង្គ ដើម្បីបង់ថ្លៃលោះយើង។ ព្រះអង្គស្គាល់ឈ្មោះយើង។ យើងជាកម្មសិទ្ធិរបស់ព្រះអង្គ ដោយក្តីស្រឡាញ់។—Patricia Raybon