ពេលដែលមិត្តភក្តិខ្ញុំម្នាក់ឈ្មោះ ម៉ាជី(Marge) បានជួប តាមី(Tami) នៅក្នុងការជួបជុំរៀនព្រះគម្ពីរ នាងបានកត់សំគាល់ឃើញថា នាងហាក់ដូចជាមិនសូវមានចំណុចដែលដូចតាមីទេ។ ប៉ុន្តែ ម៉ាជីបានរាប់អាននាងជាមិត្តភក្តិ ហើយក៏ទទួលរៀនបាននូវមេរៀនដ៏មានតម្លៃ ពីមិត្តភក្តិថ្មីម្នាក់នេះ។
កាលពីមុន តាមីមិនដែលបានចូលក្រុមសិក្សាព្រះគម្ពីរទេ ហើយនាងក៏ពិបាកយល់ អំពីអ្វីដែលស្រ្តីដទៃទៀត នៅក្នុងក្រុមកំពុងតែជជែកគ្នា។ ឧទាហរណ៍ ពួកគេនិយាយថា ព្រះបានទំនាក់ទំនងជាមួយពួកគេ ដែលនេះជាការអ្វីដែលនាងមិនដែលបានពិសោធន៍ពីមុនមកទេ។
នាងពិតជាមានចិត្តចង់ឮព្រះសូរសៀងព្រះណាស់ បានជានាងសម្រេចចិត្តធ្វើអ្វីម្យ៉ាង។ ក្រោយមក នាងក៏បានប្រាប់ម៉ាជីថា រៀងរាល់ពេលដែលនាងសិក្សាព្រះគម្ពីរប៊ីប នាងក៏បានទូលសូមព្រះយេស៊ូវឲ្យមានបន្ទូលមកកាន់នាង។ បន្ទាប់មក ពេលណានាងឃើញខគម្ពីរណាប៉ះពាល់ចិត្តនាង នាងក៏បានកត់ខគម្ពីរនោះ។ នាងក៏បានកត់ចំណាំខគម្ពីរជាច្រើន សម្រាប់ជញ្ជឹងគិត និងអនុវត្តតាម។ នាងក៏មានការលូតលាស់ខាងវិញ្ញាណ តាមរយៈការអធិស្ឋាន និងសិក្សាព្រះគម្ពីរ។
ខណៈពេលដែលព្រះយេស៊ូវមានបន្ទូលទៅកាន់ជនជាតិយូដា ដែលជាអ្នកជឿព្រះអង្គ ព្រះអង្គប្រាប់ពួកគេថា “បើអ្នករាល់គ្នានៅជាប់ក្នុងពាក្យខ្ញុំ នោះអ្នករាល់គ្នាជាសិស្សខ្ញុំមែន អ្នករាល់គ្នានឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច”(យ៉ូហាន ៨:៣១-៣២)។ ចូរយើងប្រកាន់ខ្ជាប់តាមការបង្រៀនរបស់ព្រះអង្គ ទោះជាដោយការកត់ចំណាំព្រះបន្ទូលព្រះអង្គ ឬទន្ទេញក្តី និងក៏ព្យាយាមអនុវត្តតាមជាដើម។ សេចក្តីពិត និងប្រាជ្ញា ក្នុងព្រះរាជសាររបស់ព្រះគ្រីស្ទ ជួយយើង ឲ្យលូតលាស់ ក្នុងព្រះអង្គ ហើយរំដោះយើងឲ្យមានសេរីភាព។—Dave Branon