ពេល​ដែល​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​ឈ្មោះ ម៉ាជី(Marge) បាន​ជួប តាមី(Tami) នៅ​ក្នុង​ការ​ជួប​ជុំ​រៀន​ព្រះ​គម្ពីរ នាង​បាន​កត់​សំគាល់​ឃើញ​ថា នាង​ហាក់​ដូច​ជា​មិន​សូវ​មាន​ចំណុច​ដែល​ដូច​តាមី​ទេ។ ប៉ុន្តែ ម៉ាជី​បាន​រាប់​អាន​នាង​ជា​មិត្ត​ភក្តិ ហើយ​ក៏​ទទួល​រៀន​បាន​នូវ​មេរៀន​ដ៏​មាន​តម្លៃ ពី​មិត្ត​ភក្តិ​ថ្មី​ម្នាក់​នេះ។

កាល​ពី​មុន តាមី​មិន​ដែល​បាន​ចូល​ក្រុម​សិក្សា​ព្រះ​គម្ពីរ​ទេ ហើយ​នាង​ក៏​ពិបាក​យល់ អំពី​អ្វី​ដែល​ស្រ្តី​ដទៃ​ទៀត នៅ​ក្នុង​ក្រុម​កំពុង​តែ​ជជែក​គ្នា។ ឧទាហរណ៍ ពួក​គេ​និយាយ​ថា ព្រះ​បាន​ទំនាក់​ទំនង​ជា​មួយ​ពួក​គេ ដែល​នេះ​ជា​ការ​អ្វី​ដែល​នាង​មិន​ដែល​បាន​ពិសោធន៍​ពី​មុន​មក​ទេ។

នាង​ពិត​ជា​មាន​ចិត្ត​ចង់​ឮ​ព្រះ​សូរសៀង​ព្រះ​ណាស់ បាន​ជា​នាង​សម្រេច​ចិត្ត​ធ្វើ​អ្វី​ម្យ៉ាង។ ក្រោយ​មក នាង​ក៏​បាន​ប្រាប់​ម៉ាជី​ថា រៀង​រាល់​ពេល​ដែល​នាង​សិក្សា​ព្រះ​គម្ពីរ​ប៊ីប នាង​ក៏​បាន​ទូល​សូម​ព្រះ​យេស៊ូវ​ឲ្យ​មាន​បន្ទូល​មក​កាន់​នាង។ បន្ទាប់​មក ពេល​ណា​នាង​ឃើញ​ខគម្ពីរ​ណា​ប៉ះ​ពាល់​ចិត្ត​នាង នាង​ក៏​បាន​កត់​ខគម្ពីរ​នោះ។ នាង​ក៏​បាន​កត់​ចំណាំ​ខគម្ពីរ​ជា​ច្រើន សម្រាប់​ជញ្ជឹង​គិត និង​អនុវត្ត​តាម។ នាង​ក៏​មាន​ការ​លូត​លាស់​ខាង​វិញ្ញាណ តាម​រយៈ​ការ​អធិស្ឋាន និង​សិក្សា​ព្រះ​គម្ពីរ។

ខណៈ​ពេល​ដែល​ព្រះយេស៊ូវ​មាន​បន្ទូល​ទៅ​កាន់​ជន​ជាតិ​យូដា ដែល​ជា​អ្នក​ជឿ​ព្រះ​អង្គ ព្រះ​អង្គ​ប្រាប់​ពួក​គេ​ថា “បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​ពាក្យ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​ជា​សិស្ស​ខ្ញុំ​មែន អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្តី​ពិត ហើយ​សេចក្តី​ពិត​នោះ​នឹង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច”(យ៉ូហាន ៨:៣១-៣២)។ ចូរ​យើង​ប្រកាន់​ខ្ជាប់​តាម​ការ​បង្រៀន​របស់​ព្រះ​អង្គ ទោះ​ជា​ដោយ​ការ​កត់​ចំណាំ​ព្រះ​បន្ទូល​ព្រះ​អង្គ ឬ​ទន្ទេញ​ក្តី និង​ក៏​ព្យាយាម​អនុវត្ត​តាម​ជា​ដើម។ សេចក្តី​ពិត និង​ប្រាជ្ញា ក្នុង​ព្រះ​រាជ​សារ​របស់​ព្រះ​គ្រីស្ទ ជួយ​យើង ឲ្យ​លូត​លាស់ ក្នុង​ព្រះ​អង្គ ហើយ​រំដោះ​យើង​ឲ្យ​មាន​សេរី​ភាព។​—Dave Branon