គេបានដាក់រហ័សនាមឲ្យសត្វសេះដែលត្រូវរបួសនោះថា ក្មេងវាយស្គរ។ វាស្ថិតក្នុងចំណោមសត្វសេះទាំង១១២ក្បាល ដែលទាហានអង់គ្លេសបានជិះសម្រុកចូលសមរភូមិ ក្នុងអំឡុងពេលនៃការវាយសម្រុកនៃកងពលតូចដ៏ល្បីល្បាញ។ សត្វសេះនេះបានបង្ហាញចេញនូវភាពក្លាហាន និងការអត់ធន់យ៉ាងខ្លាំង បានជាលោកអនុសេនីយ៍ ដឺ សាលីស(de Salis) បានសម្រេចចិត្តថា សេះរបស់គាត់មួយក្បាលនេះសមនឹងទទួលមេដាយ ដូចកងពលដ៏ក្លាហានរបស់គាត់ផងដែរ។ គេក៏បានឲ្យមេដាយដល់សត្វសេះនេះ ទោះការប្រយុទ្ធរបស់ពួកគេបានទទួលបរាជ័យក៏ដោយ។ ប៉ុន្តែ សេចក្តីក្លាហានរបស់កងទ័ពសេះនេះ បូករួមនឹងសេចក្តីក្លាហានរបស់សេះរបស់ពួកគេ បានបង្កើតឲ្យមានការប៉ះទង្គិច ដែលស្ថិតក្នុងចំណោមព្រឹត្តិការណ៍សង្រ្គាមដ៏ធំបំផុតរបស់ចក្រភពអង់គ្លេស ដែលសព្វថ្ងៃនេះ គេនៅតែបន្តអបអរ។
ទោះជាយ៉ាងណាក៏ដោយ ការប្រឈមមុខនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីប្រាជ្ញាក្នុងបទគម្ពីរសុភាសិត ដែលបានចែងថា “គេត្រៀមសេះទុកសំរាប់ថ្ងៃសឹកសង្គ្រាម តែការដែលមានជ័យជំនះ នោះស្រេចនៅព្រះយេហូវ៉ាទេ។”(សុភាសិត ២១:៣១)។ ព្រះគម្ពីរប៊ីបបានបញ្ជាក់យ៉ាងច្បាស់ថា “ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់យាងទៅជាមួយនឹងឯង ដើម្បីច្បាំងនឹងពួកខ្មាំងសត្រូវជំនួសឯង ហើយនឹងជួយសង្គ្រោះឯងផង”(ចោទិយកថា ២០:៤)។ ជាការពិតណាស់ សូម្បីតែនៅពេលប្រឈមមុខដាក់សេចក្តីស្លាប់ សាវ័កប៉ុលបានសរសេរថា “រីឯទ្រនិចនៃសេចក្តីស្លាប់ គឺជាអំពើបាប ហើយអំណាចរបស់បាប គឺជាក្រឹត្យវិន័យ តែអរព្រះគុណដល់ព្រះអង្គ ពីព្រោះទ្រង់ប្រទានឲ្យយើងរាល់គ្នាមានជ័យជំនះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង”(១កូរិនថូស ១៥:៥៦-៥៧)។
ហេតុនេះហើយ កិច្ចការរបស់យើង គឺត្រូវរៀបចំខ្លួនសម្រាប់ការប្រឡងដ៏លំបាកនៃជីវិត។ ដើម្បីបង្កើតការងារបម្រើព្រះ យើងសិក្សា ធ្វើការ និងអធិស្ឋាន។ ដើម្បីបង្កើតស្នាដៃសិល្បៈដ៏ស្រស់ស្អាត យើងត្រូវមានជំនាញសិល្បៈនោះ។ ដើម្បីឡើងភ្នំ យើងត្រូវមានឧបករណ៍ និងកម្លាំងគ្រប់គ្រាន់។ បន្ទាប់មក ពេលដែលយើងបានត្រៀមខ្លួនហើយ នោះយើងលើសពីអ្នកមានជ័យជម្នះ តាមរយៈសេចក្តីស្រឡាញ់ដ៏រឹងមាំរបស់ព្រះគ្រីស្ទ។—Patricia Raybon