អូប្រ៊ីយ(Aubrey) បាន​ទិញ​អាវ​រងា​ធ្វើ​ពី​រោម​ចៀម ឲ្យ​ឪពុក​គាត់ ដែល​មាន​វ័យ​ជរា ប៉ុន្តែ ឪពុក​គាត់​​បាន​លាចាក​លោក មុន​ពេល​អាច​ពាក់​អាវ​រងា​នោះ។ ដូចនេះ នាង​ក៏​បាន​សរសេរ​ពាក្យ​លើក​ទឹក​ចិត្ត​នៅ​លើ​ក្រដាស ដាក់​ចូល​ទៅ​ក្នុង​ហោ​ប៉ៅ​អាវ​នោះ ជា​មួយ​នឹង​ប្រាក់​២០​ដុល្លា ហើយ​ក៏​បាន​យក​អាវ​រងា​នោះ​ ទៅ​បរិច្ចាគ​ដល់​ការងារ​មនុស្ស​ធម៌។​

ខេលី(Kelly) ជា​ក្មេង​អាយុ​១៩​ឆ្នាំ ដែល​កំពុង​រស់​នៅ តំបន់​ស្ថិត​នៅ​ចម្ងាយ​១៥០​គីឡូម៉ែត្រ ពី​ផ្ទះ​របស់​អូប្រ៊ីយ។ ថ្ងៃ​មួយ ​បន្ទាប់​ពី​ខេលី​មិន​អាច​ស៊ូទ្រាំ​នឹង​បញ្ហា​ក្នុង​គ្រួសារ​របស់​គាត់​តទៅ​ទៀត​បាន គាត់​ក៏​បាន​ចាក​ចោល​ផ្ទះ ដោយ​មិន​បាន​ពាក់​អាវ​រងា។ គាត់​ដឹង​ថា មាន​តែ​កន្លែង​មួយ​ប៉ុណ្ណោះ​ដែល​គាត់​ត្រូវ​ទៅ គឺ​ផ្ទះ​​ជីដូន​គាត់ ដែល​តែង​តែ​អធិស្ឋាន​ឲ្យ​គាត់។ ប៉ុន្មាន​ម៉ោង​ក្រោយ​មក គាត់​ក៏​បាន​ចេញ​ពី​ឡាន​ក្រុង ហើយ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ជីដូន​គាត់។ ជី​ដូន​គាត់​បាន​ឱប​គាត់ ដើម្បី​ការពារ​គាត់ ពី​ខ្យល់​ដ៏​ត្រជាក់​នៅ​រដូវ​រងា។ ជី​ដូន​គាត់​ក៏​បាន​ប្រាប់​គាត់​ថា “យើង​ត្រូវ​ទៅ​ទិញ​អាវ​រងា​ឲ្យ​ចៅ!” នៅ​ហាង​ទំនិញ​របស់​បេសកកម្ម​មនុស្ស​ធម៌ ខេលី​ក៏​បាន​ល​អាវ​រងា​មួយ​​ ដែល​គាត់​ចូល​ចិត្ត។ ពេល​គាត់​លូក​ដៃ​ចូល​ទៅ​ក្នុង​ហោ​ប៉ៅ​អាវ​នោះ គាត់​ក៏​បាន​រក​ឃើញ​ស្រោម​សំបុត្រ​មួយ ដែល​មាន​លុយ​២០​ដុល្លា និង​សំបុត្រ​របស់​អូប្រ៊ី​នៅ​ខាង​ក្នុង។

លោក​យ៉ាកុប​បាន​រត់​គេច​ពី​គ្រួសារ​ដែល​បែក​បាក់ ដោយ​ការ​ភ័យ​ខ្លាច​សេចក្តី​ស្លាប់​(លោកុប្បត្តិ ២៧:៤១-៤៥)។ ពេល​គាត់​ឈប់​សម្រាក​នៅ​ពេល​យប់ ព្រះ​ទ្រង់​ក៏​បាន​បង្ហាញ​ព្រះ​អង្គ​ទ្រង់ ឲ្យ​គាត់​ឃើញ​ក្នុង​សបិន្ត។ ព្រះ​អង្គ​ក៏​បាន​ប្រាប់​គាត់​ថា “មើល អញ​នៅ​ជា​មួយ​នឹង​ឯង អញ​នឹង​ថែ​រក្សា​ឯង​នៅ​កន្លែង​ណា​ដែល​ឯង​ទៅ”(លោកុប្បត្តិ ២៨:១៥)។ លោក​យ៉ាកុប​ក៏​បាន​ប្តេជ្ញា​ចិត្ត​ថា “បើ​ព្រះ​ទ្រង់​គង់​ជា​មួយ​នឹង​ទូល​បង្គំ ហើយ​រក្សា​ទូល​បង្គំ… នោះ​ទូល​បង្គំ​នឹង​យក​ព្រះ​យេហូវ៉ា​ទុក​ជា​ព្រះ​នៃ​ទូល​បង្គំ​ពិត​” (២០-២១)។

លោក​យ៉ាកុប​ក៏​បាន​សង់​អាសនា​មួយ ហើយ​ក៏​ហៅ​កន្លែង​នោះ​ថា ដំណាក់​ព្រះ​(ខ.២២)។ ខេលី​ក៏​បាន​យក​សំបុត្រ និង​លុយ​២០​ដុល្លា​របស់​អូប្រ៊ី​ជាប់​តាម​ខ្លួន។ ការ​អនុវត្តន៍​ទាំង​ពីរ​នេះ គឺ​សុទ្ធ​តែ​បាន​រំឭក​យើង​ថា ទោះ​យើង​ទៅ​ដល់​ទីណា​ក៏​ដោយ ព្រះ​អង្គ​គង់​នៅ​ជា​មួយ​យើង​ជា​និច្ច។—Tim Gustafson