អូប្រ៊ីយ(Aubrey) បានទិញអាវរងាធ្វើពីរោមចៀម ឲ្យឪពុកគាត់ ដែលមានវ័យជរា ប៉ុន្តែ ឪពុកគាត់បានលាចាកលោក មុនពេលអាចពាក់អាវរងានោះ។ ដូចនេះ នាងក៏បានសរសេរពាក្យលើកទឹកចិត្តនៅលើក្រដាស ដាក់ចូលទៅក្នុងហោប៉ៅអាវនោះ ជាមួយនឹងប្រាក់២០ដុល្លា ហើយក៏បានយកអាវរងានោះ ទៅបរិច្ចាគដល់ការងារមនុស្សធម៌។
ខេលី(Kelly) ជាក្មេងអាយុ១៩ឆ្នាំ ដែលកំពុងរស់នៅ តំបន់ស្ថិតនៅចម្ងាយ១៥០គីឡូម៉ែត្រ ពីផ្ទះរបស់អូប្រ៊ីយ។ ថ្ងៃមួយ បន្ទាប់ពីខេលីមិនអាចស៊ូទ្រាំនឹងបញ្ហាក្នុងគ្រួសាររបស់គាត់តទៅទៀតបាន គាត់ក៏បានចាកចោលផ្ទះ ដោយមិនបានពាក់អាវរងា។ គាត់ដឹងថា មានតែកន្លែងមួយប៉ុណ្ណោះដែលគាត់ត្រូវទៅ គឺផ្ទះជីដូនគាត់ ដែលតែងតែអធិស្ឋានឲ្យគាត់។ ប៉ុន្មានម៉ោងក្រោយមក គាត់ក៏បានចេញពីឡានក្រុង ហើយចូលទៅក្នុងផ្ទះរបស់ជីដូនគាត់។ ជីដូនគាត់បានឱបគាត់ ដើម្បីការពារគាត់ ពីខ្យល់ដ៏ត្រជាក់នៅរដូវរងា។ ជីដូនគាត់ក៏បានប្រាប់គាត់ថា “យើងត្រូវទៅទិញអាវរងាឲ្យចៅ!” នៅហាងទំនិញរបស់បេសកកម្មមនុស្សធម៌ ខេលីក៏បានលអាវរងាមួយ ដែលគាត់ចូលចិត្ត។ ពេលគាត់លូកដៃចូលទៅក្នុងហោប៉ៅអាវនោះ គាត់ក៏បានរកឃើញស្រោមសំបុត្រមួយ ដែលមានលុយ២០ដុល្លា និងសំបុត្ររបស់អូប្រ៊ីនៅខាងក្នុង។
លោកយ៉ាកុបបានរត់គេចពីគ្រួសារដែលបែកបាក់ ដោយការភ័យខ្លាចសេចក្តីស្លាប់(លោកុប្បត្តិ ២៧:៤១-៤៥)។ ពេលគាត់ឈប់សម្រាកនៅពេលយប់ ព្រះទ្រង់ក៏បានបង្ហាញព្រះអង្គទ្រង់ ឲ្យគាត់ឃើញក្នុងសបិន្ត។ ព្រះអង្គក៏បានប្រាប់គាត់ថា “មើល អញនៅជាមួយនឹងឯង អញនឹងថែរក្សាឯងនៅកន្លែងណាដែលឯងទៅ”(លោកុប្បត្តិ ២៨:១៥)។ លោកយ៉ាកុបក៏បានប្តេជ្ញាចិត្តថា “បើព្រះទ្រង់គង់ជាមួយនឹងទូលបង្គំ ហើយរក្សាទូលបង្គំ… នោះទូលបង្គំនឹងយកព្រះយេហូវ៉ាទុកជាព្រះនៃទូលបង្គំពិត” (២០-២១)។
លោកយ៉ាកុបក៏បានសង់អាសនាមួយ ហើយក៏ហៅកន្លែងនោះថា ដំណាក់ព្រះ(ខ.២២)។ ខេលីក៏បានយកសំបុត្រ និងលុយ២០ដុល្លារបស់អូប្រ៊ីជាប់តាមខ្លួន។ ការអនុវត្តន៍ទាំងពីរនេះ គឺសុទ្ធតែបានរំឭកយើងថា ទោះយើងទៅដល់ទីណាក៏ដោយ ព្រះអង្គគង់នៅជាមួយយើងជានិច្ច។—Tim Gustafson