នៅដើមដំបូងនៃសង្រ្គាមទាមទារឯករាជ្យរបស់អាមេរិក មានការចល័តទ័ពទៅប្រយុទ្ធជាមួយកងទ័ពអង់គ្លេស នៅទីក្រុងកេបេក។ ពេលដែលកងទ័ពទាំងនោះធ្វើដំណើរកាត់តាមទីក្រុងញូប៊ែរីភត រដ្ឋម៉ាសាឈូសេត តាមផ្លូវឆ្ពោះទៅរកប្រទេសកាណាដា ពួកគេក៏បានទៅមើលផ្នូររបស់លោកចច វ៉ាយហ្វៀល(George Whitefield) ដែលជាអ្នកផ្សាយដំណឹងល្អដ៏ល្បីល្បាញ។ គេក៏បានគាស់ផ្នូរ បើកក្តារមឈូសរបស់លោកវ៉ាយហ្វៀល ហើយក៏បានដោះខ្សែក្រវ៉ាត់ក និងដៃអាវរបស់គាត់ចេញពីសាកសពគាត់។ រួចគេក៏បានកាត់អាវគាត់ជាបំណែកតូចៗចែកគ្នា ដោយយល់ច្រឡំថា បំណែកអាវនោះអាចជួយពួកគេឲ្យមានជ័យជម្នះលើសត្រូវ។
បេសកកម្មរបស់កងទ័ពនោះក៏បានបរាជ័យ។ ប៉ុន្តែ ទង្វើរដ៏ល្ងង់ខ្លៅរបស់ទាហានទាំងនោះ បានបង្ហាញអំពីការដែលមនុស្សមានទំនោរទៅរកការទុកចិត្តលើអ្វីមួយ ជាជាងទុកចិត្តព្រះ។ ឧទាហរណ៍ យើងទុកចិត្តលុយ ឬកម្លាំងមនុស្ស ឬក៏ប្រពៃណីសាសនា ដើម្បីឲ្យមានក្តីសុខក្នុងការរស់នៅ។ ព្រះទ្រង់បានដាស់តឿនរាស្រ្តព្រះអង្គ ឲ្យមានការប្រុងប្រយ័ត្នចំពោះបញ្ហានេះ ពេលដែលសាសន៍អាសស៊ើរគំរាមថា នឹងលើកទ័ពមកឈ្លានពានពួកគេ ហើយពួកគេក៏បានស្វែងរកជំនួយពីស្តេចផារ៉ោន ជាជាងងាកបែរចេញពីអំពើបាបរបស់ពួកគេ និងងាកបែរទៅរកព្រះអង្គ ដោយផ្ទាល់ៗខ្លួន។ “ដ្បិតព្រះអម្ចាស់យេហូវ៉ា ជាព្រះដ៏បរិសុទ្ធនៃពួកអ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា ឯងរាល់គ្នានឹងបានសង្គ្រោះដោយវិលមកវិញ ហើយផ្អាកសំរាក ឯងរាល់គ្នានឹងមានកំឡាំងដោយនៅតែស្ងៀម ហើយមានសេចក្តីទុកចិត្ត តែឯងរាល់គ្នាមិនចូលចិត្តទេ គឺបានសបឆ្លើយថា ទេ យើងនឹងជិះសេះរត់ទៅ ដូច្នេះ ឯងរាល់គ្នានឹងត្រូវរត់ទៅមែន ហើយឯងថា យើងនឹងជិះសត្វលឿនដែរ ដូច្នេះ គេដែលដេញតាមឯងនឹងបានលឿនដូចគ្នា”(អេសាយ ៣០:១៥-១៦)។
ការប្រឹងប្រែងរបស់ពួកគេក៏បានបរាជ័យផងដែរ (គឺដូចដែលព្រះទ្រង់បានមានបន្ទូលហើយ) ហើយនគរយូដា មិនអាចទប់សាសន៍អាសស៊ើរជាប់ឡើយ។ ប៉ុន្តែ ព្រះទ្រង់ក៏បានប្រាស់រាស្រ្តព្រះអង្គថា “ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាទ្រង់រង់ចាំឱកាស នឹងផ្តល់ព្រះគុណដល់ឯងរាល់គ្នាដែរ ហើយទោះបើយ៉ាងនោះក៏ដោយ គង់តែទ្រង់នឹងចាំឯងលើកដំកើងទ្រង់ឡើង ដើម្បីឲ្យទ្រង់មានសេចក្តីអាណិតមេត្តាដល់ឯង ពីព្រោះព្រះយេហូវ៉ាទ្រង់ជាព្រះដ៏ប្រកបដោយយុត្តិធម៌។ មានពរហើយ អស់អ្នកណាដែលរង់ចាំទ្រង់”(ខ.១៨)។—James Banks