មានពេលមួយ ខ្ញុំបានដាក់ព្រះគម្ពីរប៊ីបរបស់ខ្ញុំ នៅលើតុអាសនា ហើយក៏បានមើលទៅទឹកមុខរបស់ហ្វូងមនុស្ស ដែលកំពុងរង់ចាំស្តាប់ ខ្ញុំចែកចាយ។ ខ្ញុំបានអធិស្ឋាន និងបានរៀបចំខ្លួន សម្រាប់ការចែកចាយនេះរួចហើយ។ ហេតុអ្វីខ្ញុំមិនអាចនិយាយបាន?
ឯងគ្មានតម្លៃ។ គ្មាននរណាចង់ស្តាប់ឯងទេ ជាពិសេស បើសិនជាពួកគេដឹង អំពីអតីតកាលរបស់ឯង។ ហើយព្រះមិនសព្វព្រះទ័យនឹងប្រើឯងទេ។ នេះជាពាក្យសម្តីដែលខ្ញុំបានឮក្នុងចិត្ត និងគំនិតខ្ញុំជាញឹកញាប់ តែជាការកុហក ដែលខ្ញុំងាយនឹងជឿ តែខ្ញុំបានព្យាយាមប្រយុទ្ធប្រឆាំងនឹងវា អស់រយៈពេលប្រហែល១ទសវត្សរ៍មកហើយ។ ខ្ញុំដឹងហើយថា ពាក្យសម្តីនេះ មិនពិតទេ តែខ្ញុំហាក់ដូចជាមិនអាចគេចចេញពីភាពមិនច្បាស់លាស់ និងការភ័យខ្លាចរបស់ខ្ញុំ។ ដូចនេះ ខ្ញុំក៏បានបើកព្រះគម្ពីររបស់ខ្ញុំ។
ខ្ញុំក៏បានបើកមើលបទគម្ពីរសុភាសិត ៣០:៥។ ខ្ញុំដកដង្ហើមចេញចូលយឺតៗ មុនពេលអានឮៗថា “គ្រប់ទាំងព្រះបន្ទូលនៃព្រះ សុទ្ធតែបរិសុទ្ធ ទ្រង់ជាខែល ដល់អស់អ្នកដែលពឹងជ្រកក្នុងទ្រង់”។ ខ្ញុំក៏បានបិទភ្នែក ខណៈពេលដែលចិត្តខ្ញុំមានពេញដោយសន្តិភាព ហើយខ្ញុំក៏បានចាប់ផ្តើមចែកចាយទីបន្ទាល់របស់ខ្ញុំដល់ហ្វូងមនុស្ស។
យើងបានពិសោធន៍នឹងអំណាចរបស់ពាក្យសម្តី និងគំនិតអវិជ្ជមាន ដែលអ្នកដទៃមានចំពោះយើង ដែលធ្វើឲ្យយើងរកធ្វើអ្វីមិនកើត។ ទោះជាយ៉ាងណាក៏ដោយ ព្រះបន្ទូលព្រះល្អឥតខ្ចោះ ហើយមានន័យជ្រាលជ្រៅណាស់។ ពេលណា យើងជួបការល្បួងដែលនាំឲ្យយើងជឿពាក្យសម្តី ឬគំនិតអវិជ្ជមាន អំពីតម្លៃ និងគោលបំណងរបស់យើង ជាកូនរបស់ព្រះ នោះសេចក្តីពិតដ៏ស្ថិតស្ថេរ និងមិនប្រែប្រួលរបស់ព្រះ នឹងការពារគំនិត និងចិត្តរបស់យើង។ យើងអាចនឹកចំា បទគម្ពីរទំនុកដំកើង ដែលបានចែងថា “ឱព្រះយេហូវ៉ាអើយ ទូលបង្គំបាននឹកចាំពីបញ្ញត្តទ្រង់ ដ៏មានពីបុរាណមក ជាការនាំឲ្យទូលបង្គំបានក្សាន្តចិត្ត”(ទំនុកដំកើង ១១៩:៥២)។
ចូរយើងប្រយុទ្ធប្រឆាំងនឹងការកុហក អំពីព្រះ ខ្លួនយើង និងអ្នកដទៃ ដោយជំនួសពាក្យអវិជ្ជមាន ដោយខគម្ពីរវិញ។—Xochitl Dixon