កាលអ្នកបើកឡានតាក់ស៊ីកំពុងតែជូនយើងទៅអាកាសយានដ្ឋានហ៊ីតស្រូ នៅទីក្រុងឡុងដ៍ គាត់បានយករឿងរបស់គាត់ មកនិយាយប្រាប់យើង។ គាត់មករស់នៅក្នុងចក្រភពអង់គ្លេស តែម្នាក់ឯង ពេលគាត់មានអាយុ១៥ឆ្នាំ ដើម្បីរត់គេចពីសង្រ្គាម និងគ្រោះទុរភិក្ស។ មកដល់ពេលនេះ គឺ១៥ឆ្នាំហើយ។ គាត់មានគ្រួសារផ្ទាល់ខ្លួន និងអាចផ្គត់ផ្គង់ពួកគេ តាមមធ្យោបាយដែលគាត់មិនអាចធ្វើបាន ក្នុងស្រុកកំណើតគាត់។ ប៉ុន្តែ គាត់បានពោលទំនួញថា គាត់នៅតែបែកខ្ញែកពីឪពុកម្តាយ និងបងប្អូនបង្កើតរបស់គាត់។ គាត់ប្រាប់យើងថា គាត់មានការធ្វើដំណើរដ៏លំបាកលំបិន ដែលនឹងមិនបញ្ចប់ ទាល់តែគាត់មិនបានជួបជុំគ្រួសារគាត់វិញ។
ការបែកខ្ញែកពីមនុស្សជាទីស្រឡាញ់ ក្នុងជីវិតនេះ គឺពិតជាពិបាកណាស់ ប៉ុន្តែ ការបាត់បង់មនុស្សជាទីស្រឡាញ់ ដែលបានស្លាប់ គឺពិបាកលើសនេះទៀត ហើយក៏បានធ្វើឲ្យយើងមានអារម្មណ៍ថា មានការបាត់បង់ ដែលហាក់ដូចជាមិនចេះធូរស្បើយ ទាល់តែយើងបានជួបជុំជាមួយពួកគេឡើងវិញ។ ពេលដែលអ្នកជឿថ្មី នៅទីក្រុងថែស្សាឡូនិចមានការងឿងឆ្ងល់ អំពីការបាត់បង់ដូចនេះ សាវ័កប៉ុលបានសរសេរតបទៅពួកគេវិញថា “បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាឥតដឹង ពីពួកអ្នកដែលដេកលក់ទៅហើយទេ ក្រែងអ្នករាល់គ្នាកើតទុក្ខព្រួយ ដូចជាអ្នកឯទៀត ដែលគ្មានសង្ឃឹម”(១ថែស្សាឡូនិច ៤:១៣)។ គាត់បានពន្យល់ថា ក្នុងនាមយើងជាអ្នកជឿព្រះយេស៊ូវ យើងរស់នៅ ដោយការរំពឹងថា នឹងបានជួបជុំគ្នាឡើងវិញ ជារៀងរហូត ក្នុងព្រះវត្តមានព្រះគ្រីស្ទ(ខ.១៧)។
មានបញ្ហាតិចណាស់ ដែលធ្វើឲ្យយើងឈឺចាប់ខ្លាំង ដូចការបែកបាក់ ដែលយើងទទួលរង ប៉ុន្តែ ក្នុងព្រះយេស៊ូវយើងមានសង្ឃឹមថា នឹងបានជួបជុំគ្នាឡើងវិញ។ ហើយក្នុងពេលដែលយើងសោកសង្រេង និងជួបការបាត់បង់ យើងអាចរកឃើញការកម្សាន្តចិត្ត ក្នុងព្រះបន្ទូលសន្យាដ៏ស្ថិតស្ថេរ(ខ.១៨)។—Bill Crowder