កាលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៩៩៩ យន្តហោះតូចមួយគ្រឿង ដែលបើកបរដោយលោកចន អេហ្វ ខេនេឌី ជូនា(John F. Kennedy Jr.) បានធ្លាក់ នៅក្នុងមហាសមុទ្រអាត្លង់ទិច។ អ្នកស៊ើបអង្កេតទាំងឡាយ បានសន្និដ្ឋានថា គ្រោះថ្នាក់នេះ គឺបណ្តាលមកពីកំហុសដ៏សាមញ្ញមួយ ក្នុងការបើកបរ ដែលគេហៅថា ការវង្វេងស្មារតីនៅលើអាកាស។ បាតុភូតិនេះកើតឡើង ពេលដែលអ្នកបើកបរមិនអាចមើលឃើញច្បាស់ ហើយក៏វង្វេងស្មារតី និងភ្លេចពឹងផ្អែកលើឧបករណ៍របស់ខ្លួន ដើម្បីស្វែងរកគោលដៅដោយសុវត្ថិភាព។
ខណៈពេលដែលយើងធ្វើដំណើរក្នុងជីវិតនេះ ជាញឹកញាប់ ពេលណាយើងមានអារម្មណ៍ថា ការរស់នៅហាក់ដូចជាពិបាកពេក យើងក៏បានវង្វេងស្មារតី។ រឿងដ៏សោកសៅ ដែលមិននឹកស្មានដល់ មានដូចជា ការកើតជម្ងឺមហារីកការស្លាប់របស់មនុស្សជាទីស្រឡាញ់ ការបាត់បង់ការងារ ការក្បត់របស់មិត្តភក្តិជាដើម គឺសុទ្ធតែងាយនឹងនាំឲ្យយើងមានអារម្មណ៍វង្វេង និងភ័ន្តភាំង។
ពេលណាយើងស្ថិតក្នុងស្ថានភាពបែបនេះ យើងអាចអធិស្ឋានតាមបទគម្ពីរទំនុកដំកើង ជំពូក ៤៣។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងនេះ កំពុងតែមានអារម្មណ៍ថា ពិបាកពេក ដោយជួបការបាត់បង់ ហើយហ៊ុមព័ទ្ធទៅដោយ ការអាក្រក់ និងអំពើអយុត្តិធម៌។ ស្ថិតក្នុងពេលដ៏អស់សង្ឃឹមនោះ គាត់ក៏បានទូលអង្វរដល់ព្រះ សូមការដឹកនាំរបស់ព្រះអង្គ ដើម្បីជួយឲ្យគាត់អាចឆ្លងកាត់ស្ថានភាពដ៏ពិបាកនោះ ទៅដល់គោលដៅរបស់គាត់ ដែលជាព្រះវត្តមានព្រះអង្គ(ខ.៣-៤)។ គាត់ដឹងថា គាត់នឹងរកឃើញក្តីសង្ឃឹម និងក្តីអំណរជាថ្មី ក្នុងព្រះវត្តមានព្រះ។
តើអ្នកនិពន្ធបទគម្ពីរទំនុកដំកើងបានទូលសូមការនាំផ្លូវពីព្រះ យ៉ាងណាខ្លះ? គឺពន្លឺនៃសេចក្តីពិត និងការធានាថា ព្រះវិញ្ញាណបរិសុទ្ធនឹងគង់នៅក្បែរគាត់ជានិច្ច។
ពេលដែលអ្នកមានអារម្មណ៍វង្វេងស្មារតី ការដឹកនាំដ៏ស្មោះត្រង់របស់ព្រះ តាមរយៈព្រះវិញ្ញាណព្រះអង្គ និងព្រះវត្តមាននៃក្តីស្រឡាញ់ អាចកម្សាន្តចិត្តអ្នក និងបំភ្លឺផ្លូវអ្នក។—Lisa M. Samra