ពេលដែលម៉ាសៀ(Marcia) ចេញទៅទីសាធារណៈ នាងតែងតែព្យាយាមញញឹមដាក់អ្នកដទៃ។ នេះជារបៀបដែលនាងឈោងទៅរកអ្នកដទៃ ដែលត្រូវការមើលឃើញទឹកមុខដែលរួសរាយ។ ភាគច្រើន នាងក៏បានទទួលនូវទឹកមុខញញឹមពិតប្រាកដ តបមកវិញ។ ប៉ុន្តែ ក្នុងអំឡុងពេលដែលគេតម្រូវឲ្យម៉ាសៀពាក់ម៉ាស់ នាងក៏បានដឹងថា គេមិនអាចមើលឃើញមាត់របស់នាងទេ ដូចនេះ គ្មាននរណាម្នាក់អាចមើលឃើញស្នាមញញឹមនៅលើមាត់របស់នាងឡើយ។ នាងគិតថា នេះជារឿងដែលគួរឲ្យសោកស្តាយណាស់ តែខ្ញុំនឹងមិនឈប់ញញឹមដាក់គេឡើយ។ គេប្រហែលជាអាចឃើញស្នាមញញឹមក្នុងកែវភ្នែកខ្ញុំ ពេលដែលខ្ញុំញញឹម។
តាមវិទ្យាសាស្រ្ត សាច់ដុំនៅសងខាងមាត់ និងសាច់ដុំដែលធ្វើឲ្យចុងភ្នែកជ្រួញ ពេលយើងញញឹម អាចធ្វើការទន្ទឹមគ្នា។ គេបានពិពណ៌នាថា នេះជាការញញឹមដោយប្រើភ្នែក។
បទគម្ពីរសុភាសិតបានរំឭកយើងថា “ពន្លឺនៃភ្នែក នោះនាំឲ្យចិត្តរីករាយ” ហើយ “ចិត្តដែលសប្បាយជាថ្នាំយ៉ាងវិសេស”(១៥:៣០ ១៧:២២)។ ជាញឹកញាប់ ស្នាមញញឹមរបស់កូនព្រះ កើតចេញពីក្តីអំណរចេញពីក្នុងវិញ្ញាណរបស់យើង។ ជាអំណោយមកពីព្រះ ដែលហូរចូលជីវិតយើង ខណៈពេលដែលយើងលើកទឹកចិត្តអ្នកដែលមានបន្ទុកធ្ងន់ ឬចែកចាយដល់អ្នក ដែលកំពុងស្វែងរកចម្លើយ សម្រាប់បញ្ហាក្នុងជីវិត។ សូម្បីតែនៅពេលដែលយើងកំពុងជួបទុក្ខលំបាក ក្តីអំណររបស់យើង នៅតែអាចបញ្ចេញពន្លឺ។
ពេលដែលជីវិតយើងហាក់ដូចជាមានភាពងងឹត ចូរយើងជ្រើសរើសយកក្តីអំណរ។ ចូរឲ្យស្នាមញញឹមរបស់យើងបានធ្វើជាបង្អួចនៃក្តីសង្ឃឹម ដែលឆ្លុះបញ្ចាំង ឲ្យគេឃើញក្តីស្រឡាញ់ និងពន្លឺនៃព្រះវត្តមានរបស់ព្រះ ក្នុងជីវិតអ្នក។—Cindy Hess Kasper