លោកខាត់បឺត(Cuthbert) ជាបុគ្គលដែលបានទទួលការស្រឡាញ់ ពីមនុស្សជាច្រើន នៅភាគខាងជើងនៃចក្រភពអង់គ្លេស។ គាត់មានការទទួលខុសត្រូវ នៅក្នុងការផ្សាយដំណឹងល្អ ក្នុងទីតាំងជាច្រើន ក្នុងតំបន់នោះ នៅសតវត្សរ៍ទី១៧ ដោយគាត់បានធ្វើការជាទីប្រឹក្សាដល់ពួកស្តេច ហើយមានឥទ្ធិពលមកលើកិច្ចការប្រទេសជាតិ ហើយបន្ទាប់ពីគាត់បានលាចាកលោក គេក៏បានសាងសង់ទីក្រុងដឺហាម ដើម្បីផ្តល់កិត្តិយសដល់គាត់។ ប៉ុន្តែ កេរដំណែលរបស់លោកខាត់បឺត មានភាពអស្ចារ្យជាងនេះទៀត។
បន្ទាប់ពីជំងឺរាតត្បាតបានរីករាលដាលពីតំបន់មួយទៅតំបន់មួយទៀត លោកខាត់បឺត ក៏បានធ្វើដំណើរទៅកាន់ទីប្រជុំជនទាំងឡាយ ដើម្បីលើកទឹកចិត្តប្រជាជន។ នៅភូមិមួយនោះ មុនពេលគាត់ចាកចេញ គាត់ក៏បានរកមើលអ្នកដែលគាត់មិនទាន់បានអធិស្ឋានឲ្យ។ ពេលនោះ មានស្រ្តីម្នាក់កំពុងតែឱបកូនរបស់ខ្លួន។ នាងបានបាត់បង់កូនប្រុសម្នាក់ ហើយកូនដែលនាងកំពុងតែបីនោះ ក៏ជិតស្លាប់ហើយដែរ។ លោកខាត់បឺតក៏បានបីកូនដែលកំពុងក្តៅខ្លួននោះ ហើយអធិស្ឋានឲ្យវា ហើយថើបថ្ងាសវា។ គាត់ក៏បានប្រាប់នាងថា “កុំខ្លាចអី គ្រួសាររបស់អ្នកនឹងមិនមានអ្នកស្លាប់ទៀតទេ”។ ក្រោយមក គេក៏បានរាយការណ៍ថា ក្មេងប្រុសនោះក៏រួចផុតពីសេចក្តីស្លាប់។
ព្រះយេស៊ូវធ្លាប់ពរក្មេងប្រុសតូចមួយ ដើម្បីបង្រៀនគេ អំពីភាពធំប្រសើរ។ គឺដូចដែលព្រះអង្គមានបន្ទូលថា “អ្នកណាដែលទទួលកូនតូច១ ដូចជាកូននេះ ដោយនូវឈ្មោះខ្ញុំ នោះក៏ឈ្មោះថាទទួលខ្ញុំ”(ម៉ាកុស ៩:៣៧)។ ក្នុងវប្បធម៌របស់សាសន៍យូដាសម័យនោះ ការទទួលនរណាម្នាក់ គឺមានន័យថា ត្រូវបម្រើគេ គឺដូចដែលម្ចាស់ផ្ទះទទួលស្វាគមន៍ភ្ញៀវ។ ដោយសារក្មេងៗត្រូវបម្រើមនុស្សធំ គឺមិនមែនឲ្យគេបម្រើខ្លួន នោះការបង្រៀនរបស់ព្រះអង្គប្រាកដជាធ្វើឲ្យគេមានការភ្ញាក់ផ្អើល។ ត្រង់ចំណុចនេះ ព្រះអង្គចង់បង្រៀនថា ភាពធំប្រសើរពិតប្រាកដ គឺស្ថិតនៅក្នុងការបម្រើអ្នកតូចទាបបំផុត(ខ.៣៥)។
លោកខាត់បឺតមានឈ្មោះល្បីជាទីប្រឹក្សារបស់ស្តេច ជាអ្នកមានឥទ្ធិពល ក្នុងប្រវត្តិសាស្រ្ត ហើយមានទីក្រុងមួយត្រូវបានសង់ឡើង ដើម្បីផ្តល់កិត្តិយសដល់គាត់។ ប៉ុន្តែ នគរស្ថានសួគ៌ប្រហែលជាបានកត់ត្រាអំពីកេរដំណែលរបស់គាត់ថា ជាអ្នកបម្រើដល់ស្រ្តីទន់ខ្សោយ ដោយអធិស្ឋាន ហើយថើបថ្ងាសរបស់កូនប្រុសគាត់ ដែលមានជម្ងឺស្ទើរបាត់បង់ជីវិត ជាជីវិតដ៏តូចទាប ដែលឆ្លុះបញ្ចាំងអំពីព្រះអម្ចាស់របស់គាត់។—Sheridan Voysey