លោក​ខាត់បឺត(Cuthbert) ជា​បុគ្គល​ដែល​បាន​ទទួល​ការ​ស្រឡាញ់ ពី​មនុស្ស​ជា​ច្រើន នៅ​ភាគ​ខាង​ជើង​នៃ​ចក្រ​ភព​អង់គ្លេស។ គាត់​មាន​ការ​ទទួល​ខុស​ត្រូវ នៅ​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ ក្នុង​ទីតាំង​ជា​ច្រើន ក្នុង​តំបន់​នោះ នៅ​សតវត្សរ៍​ទី​១៧ ដោយ​គាត់​បាន​ធ្វើ​ការ​ជា​ទី​ប្រឹក្សា​ដល់​ពួក​ស្តេច ហើយ​មាន​ឥទ្ធិពល​មក​លើ​កិច្ចការ​ប្រទេស​ជាតិ ហើយ​បន្ទាប់​ពី​គាត់​បាន​លាចាក​លោក គេ​ក៏​បាន​សាង​សង់​ទីក្រុង​ដឺហាម ដើម្បី​ផ្តល់​កិត្តិយស​ដល់​គាត់។ ប៉ុន្តែ កេរ​ដំណែល​របស់​លោក​ខាត់បឺត មាន​ភាព​អស្ចារ្យ​ជាង​នេះ​ទៀត។

បន្ទាប់​ពី​ជំងឺ​រាតត្បាត​បាន​រីក​រាល​ដាល​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ទៀត លោក​ខាត់បឺត ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីប្រជុំជន​ទាំង​ឡាយ ដើម្បី​លើក​ទឹក​ចិត្ត​ប្រជាជន។ នៅ​ភូមិ​មួយ​នោះ មុន​ពេល​គាត់​ចាក​ចេញ គាត់​ក៏​បាន​រក​មើល​អ្នក​ដែល​គាត់​មិន​ទាន់​បាន​អធិស្ឋាន​ឲ្យ។ ពេល​នោះ មាន​ស្រ្តី​ម្នាក់​កំពុង​តែ​ឱប​កូន​របស់​ខ្លួន។ នាង​បាន​បាត់​បង់​កូន​ប្រុស​ម្នាក់ ហើយ​កូន​ដែល​នាង​កំពុង​តែ​បី​នោះ ក៏​ជិត​ស្លាប់​ហើយ​ដែរ។ លោក​ខាត់បឺត​ក៏​បាន​បី​កូន​ដែល​កំពុង​ក្តៅ​ខ្លួន​នោះ ហើយ​អធិស្ឋាន​ឲ្យ​វា ហើយ​ថើប​ថ្ងាស​វា។ គាត់​ក៏​បាន​ប្រាប់​នាង​ថា “កុំ​ខ្លាច​អី គ្រួសារ​របស់​អ្នក​នឹង​មិន​មាន​អ្នក​ស្លាប់​ទៀត​ទេ”។ ក្រោយ​មក គេ​ក៏​បាន​រាយការណ៍​ថា ក្មេង​ប្រុស​នោះ​ក៏​រួច​ផុត​ពី​សេចក្តី​ស្លាប់។

ព្រះយេស៊ូវ​ធ្លាប់​ពរ​ក្មេង​ប្រុស​តូច​មួយ ដើម្បី​បង្រៀន​គេ អំពី​ភាព​ធំ​ប្រសើរ។ គឺ​ដូច​ដែល​ព្រះ​អង្គ​មាន​បន្ទូល​ថា “អ្នក​ណា​ដែល​ទទួល​កូន​តូច​១ ដូច​ជា​កូន​នេះ ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា​ទទួល​ខ្ញុំ”(ម៉ាកុស ៩:៣៧)។ ក្នុង​វប្បធម៌​របស់​សាសន៍​យូដា​សម័យ​នោះ ការ​ទទួល​នរណា​ម្នាក់ គឺ​មាន​ន័យ​ថា ត្រូវ​បម្រើ​គេ គឺ​ដូច​ដែល​ម្ចាស់​ផ្ទះ​ទទួល​ស្វាគមន៍​ភ្ញៀវ។ ដោយសារ​ក្មេង​ៗ​ត្រូវ​បម្រើ​មនុស្ស​ធំ គឺ​មិន​មែន​ឲ្យ​គេ​បម្រើ​ខ្លួន នោះ​ការ​បង្រៀន​របស់​ព្រះ​អង្គ​ប្រាកដ​ជា​ធ្វើ​ឲ្យ​គេ​មាន​ការ​ភ្ញាក់​ផ្អើល។ ត្រង់​ចំណុច​នេះ ព្រះ​អង្គ​ចង់​បង្រៀន​ថា ភាព​ធំ​ប្រសើរ​ពិត​ប្រាកដ គឺ​ស្ថិត​នៅ​ក្នុង​ការ​បម្រើ​អ្នក​តូច​ទាប​បំផុត​(ខ.៣៥)។

លោក​ខាត់បឺត​មាន​ឈ្មោះ​ល្បី​ជា​ទីប្រឹក្សា​របស់​ស្តេច ជា​អ្នក​មាន​ឥទ្ធិពល ក្នុង​ប្រវត្តិសាស្រ្ត ហើយ​មាន​ទីក្រុង​មួយ​ត្រូវ​បាន​សង់​ឡើង ដើម្បី​ផ្តល់​កិត្តិយស​ដល់​គាត់។ ប៉ុន្តែ នគរ​ស្ថាន​សួគ៌​ប្រហែល​ជា​បាន​កត់​ត្រា​អំពី​កេរ​ដំណែល​របស់​គាត់​ថា ជា​អ្នក​បម្រើ​ដល់​ស្រ្តី​ទន់​ខ្សោយ ដោយ​អធិស្ឋាន ហើយ​ថើប​ថ្ងាស​របស់​កូន​ប្រុស​គាត់ ដែល​មាន​ជម្ងឺ​ស្ទើរ​បាត់​បង់​ជីវិត ជា​ជីវិត​ដ៏​តូច​ទាប ដែល​ឆ្លុះ​បញ្ចាំង​អំពី​ព្រះ​អម្ចាស់​របស់​គាត់។—Sheridan Voysey