លោករ៉ាយអិន ហ៊ល(Ryan Hall) ជាកីឡាករអាមេរិក ដែលបានបំបែកឯកត្តកម្មនៅក្នុងការរត់ប្រណំាងពាក់កណ្តាលម៉ារ៉ាតុន។ គាត់បានបញ្ចប់ការរត់ ក្នុងរយៈចម្ងាយ២១គីឡូម៉ែត្រ ដោយប្រើរយៈពេល៥០នាទី ៤៣វិនាទី ធ្វើឲ្យគាត់ក្លាយជាកីឡាករអាមេរិក ដែលបានរត់ប្រណាំង ដោយប្រើរយៈពេលតិចជាង១ម៉ោង។ លោកហ៊ល បានអបអរជោគជ័យ ដែលជាការបំបែកឯកត្តកម្ម តែគាត់ក៏ធ្លាប់ជួបការខកចិត្ត ដោយសារគាត់មិនអាចបញ្ចប់ការប្រកួតមួយ។
គាត់បានស្គាល់រស់ជាតិជោគជ័យ ហើយក៏ធ្លាប់ស្គាល់រស់ជាតិបរាជ័យផងដែរ តែគាត់បានទទួលស្គាល់ថា ជំនឿដែលគាត់មានចំពោះព្រះយេស៊ូវ បានទ្រទ្រង់គាត់។ គាត់បានទទួលការលើកទឹកចិត្តពីខគម្ពីរដែលគាត់ចូលចិត្តជាងគេ ដែលមានបទគម្ពីរសុភាសិតជាដើម ដែលចែងថា “ដ្បិតមនុស្សសុចរិត ទោះបើគេដួលដល់៧ដងក៏ដោយ គង់តែនឹងក្រោកឡើងវិញបាន”(សុភាសិត ២៤:១៦)។ បទគម្ពីរសុភាសិតនេះបានរំឭកយើងថា មនុស្សសុចរិត គឺអ្នកដែលមានជំនឿ និងមានទំនាក់ទំនងជាមួយព្រះ នឹងនៅតែជួបការលំបាក ហើយទុក្ខព្រួយ។ ទោះជាយ៉ាងណាក៏ដោយ ខណៈពេលដែលពួកគេបន្តស្វែងរកព្រះអង្គ នៅពេលមានការលំបាក ព្រះទ្រង់ប្រទានកម្លាំង ដោយព្រះទ័យស្មោះត្រង់ ដើម្បីឲ្យពួកគេក្រោកឡើងវិញ។
ថ្មីៗនេះ តើអ្នកបានជួបការខកចិត្ត ឬបរាជ័យដ៏ធ្ងន់ធ្ងរ ដែលធ្វើឲ្យអ្នកមានអារម្មណ៍ថា ហាក់ដូចជាបានដួលចុះ មិនអាចក្រោកឈរឬទេ? ព្រះគម្ពីរប៊ីបបានលើកទឹកចិត្តយើង មិនឲ្យពឹងផ្អែកទៅលើកម្លាំងរបស់យើង តែឲ្យបន្តទុកចិត្តលើព្រះ និងព្រះបន្ទូលសន្យារបស់ព្រះអង្គ។ ពេលណាយើងទុកចិត្តព្រះអង្គ ព្រះវិញ្ញាណទ្រង់នឹងប្រទានកម្លាំងមកយើង ដើម្បីប្រឈមមុខដាក់បញ្ហាក្នុងជីវិត រាប់ចាប់តាំងពីបញ្ហាតូចតាច រហូតដល់បញ្ហាធំ(២កូរិនថូស ១២:៩)។—Lisa M. Samra