ខ្ញុំ និង​មិត្ត​ភក្តិ​ខ្ញុំ​ដែល​ជា​ជន​ជាតិ​ស្បែក​ស បាន​ហៅ​ខ្លួន​យើង​ថា “បង​ប្អូន​ក្នុង​ព្រះ​គ្រីស្ទ” ប៉ុន្តែ ខ្ញុំ និង​គាត់​ក៏​បាន​ចាប់​ផ្តើម​ប្រព្រឹត្ត​ចំពោះ​គ្នា​ដូច​ខ្មាំង​សត្រូវ។ នៅ​ក្នុង​ការ​ញ៉ាំ​កាហ្វេ នៅ​ពេល​ព្រឹក​ថ្ងៃ​មួយ យើង​បាន​ប្រកែក​គ្នា អំពី​រឿង​ពូជ​សាសន៍ ដោយ​គ្មាន​ការ​យោគ​យល់។ បន្ទាប់​មក យើង​ក៏​បាន​បែក​គ្នា ដោយ​ខ្ញុំ​បាន​តាំង​ចិត្ត​ថា នឹង​មិន​ជួប​នាង​ទៀត​ឡើយ។ មួយ​ឆ្នាំ​ក្រោយ​មក យើង​ទាំងពីរ​ក៏​បាន​ចូល​ធ្វើ​ការ ក្នុង​អង្គការ​គ្រីស្ទ​បរិស័ទ​តែ​មួយ ក្នុង​ផ្នែក​តែ​មួយ ដោយ​មិន​អាច​ជៀស​វាង​ការ​ទំនាក់​ទំនង​គ្នា​បាន​ឡើយ​។ ពី​ដំបូង យើង​ក៏​បាន​ជជែក​គ្នា​អំពី​ជម្លោះ។ ក្រោយ​មក ព្រះ​ទ្រង់​ក៏​បាន​ជួយ​យើង​ឲ្យ​សុំ​ទោស​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ក៏​បាន​ទទួល​ការ​ប្រោស​ឲ្យ​ជា ហើយ​ក៏​បាន​ខិត​ខំ​ធ្វើការ​បម្រើ​ព្រះ​អស់​ពី​ចិត្ត។

ព្រះ​ទ្រង់​ក៏​បាន​ប្រទាន​ការ​ប្រោស​ឲ្យ​ជា សម្រាប់​ការ​បាក់​បែក​រវាង​លោក​អេសាវ និង​លោក​យ៉ាកុប​ដែល​ជា​បង​ប្អូន​ភ្លោះ ហើយ​ក៏​បាន​ប្រទាន​ពរ​ដល់​ជីវិត​របស់​អ្នក​ទាំង​ពីរ។ លោក​យ៉ាកុប​បាន​ប្រើ​ល្បិច លួច​ពរ​របស់​ឪពុក​គាត់ ពី​បង​ប្រុស ។ ប៉ុន្តែ ២០​ឆ្នាំ​ក្រោយ​មក ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​លោក​យ៉ាកុប ឲ្យ​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ។ ដូច​នេះ យ៉ាកុប​ក៏​បាន​នាំ​អំណោយ​ដ៏​ច្រើន​សន្ធឹក ដើម្បី​លួង​លោក​អេសាវ​ឲ្យ​ឈប់​ខឹង។ “អេសាវ​ក៏​រត់​មក​ទទួល ហើយ​ឱប​ថើប រួច​យំ​ជា​មួយ​គ្នា​ទាំង​២​នាក់”(លោកុប្បត្តិ ៣៣:៤)។

ការ​ជួប​ជុំ​របស់​ពួក​គេ គឺ​ជា​ឧទាហរណ៍ ដែល​បង្រៀន​អំពី​ការ​បង្គាប់​របស់​ព្រះ ឲ្យ​យើង​ផ្សះ​ផ្សា​គ្នា​ជា​មួយ​នឹង​បង​ប្អូន​យើង មុន​នឹង​យើង​ថ្វាយ​ដង្វាយ ជា​អំណោយ​ទាន ឬ​ទ្រព្យ​សម្បត្តិ​ក្តី ដល់​ព្រះ​អង្គ​(ម៉ាថាយ ៥:២៣-២៤)។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ត្រូវ​ទុក​ដង្វាយ​របស់​អ្នក​នៅ​មុខ​អាសនា ហើយ​ទៅ​រក​ជា​នឹង​បង​ប្អូន​ជា​មុន​សិន រួច​សឹម​មក​ថ្វាយ​ដង្វាយ​អ្នក​ចុះ”(ខ.២៤)។ លោក​យ៉ាកុប​បាន​ស្តាប់​បង្គាប់​ព្រះ ដោយ​ផ្សះផ្សា​ជា​មួយ​លោក​អេសាវ ហើយ​ក្រោយ​មក ក៏​បាន​រៀប​ចំ​អាសនា​មួយ​ថ្វាយ​ព្រះ​អង្គ​(លោកុប្បត្តិ ៣៣:២០)។ យើង​ត្រូវ​អនុវត្ត​ឲ្យ​ត្រូវ​តាម​លំដាប់​លំដោយ : ទីមួយ យើង​ត្រូវ​ព្យាយាម​ស្វែង​រក​ការ​អត់​ឱន​ទោស និង​ការ​ផ្សះ​ផ្សា។ បន្ទាប់​មក ព្រះ​អង្គ​ទទួល​យើង នៅ​អាសនា។—Patricia Raybon