ខ្ញុំ និងមិត្តភក្តិខ្ញុំដែលជាជនជាតិស្បែកស បានហៅខ្លួនយើងថា “បងប្អូនក្នុងព្រះគ្រីស្ទ” ប៉ុន្តែ ខ្ញុំ និងគាត់ក៏បានចាប់ផ្តើមប្រព្រឹត្តចំពោះគ្នាដូចខ្មាំងសត្រូវ។ នៅក្នុងការញ៉ាំកាហ្វេ នៅពេលព្រឹកថ្ងៃមួយ យើងបានប្រកែកគ្នា អំពីរឿងពូជសាសន៍ ដោយគ្មានការយោគយល់។ បន្ទាប់មក យើងក៏បានបែកគ្នា ដោយខ្ញុំបានតាំងចិត្តថា នឹងមិនជួបនាងទៀតឡើយ។ មួយឆ្នាំក្រោយមក យើងទាំងពីរក៏បានចូលធ្វើការ ក្នុងអង្គការគ្រីស្ទបរិស័ទតែមួយ ក្នុងផ្នែកតែមួយ ដោយមិនអាចជៀសវាងការទំនាក់ទំនងគ្នាបានឡើយ។ ពីដំបូង យើងក៏បានជជែកគ្នាអំពីជម្លោះ។ ក្រោយមក ព្រះទ្រង់ក៏បានជួយយើងឲ្យសុំទោសគ្នាទៅវិញទៅមក ហើយក៏បានទទួលការប្រោសឲ្យជា ហើយក៏បានខិតខំធ្វើការបម្រើព្រះអស់ពីចិត្ត។
ព្រះទ្រង់ក៏បានប្រទានការប្រោសឲ្យជា សម្រាប់ការបាក់បែករវាងលោកអេសាវ និងលោកយ៉ាកុបដែលជាបងប្អូនភ្លោះ ហើយក៏បានប្រទានពរដល់ជីវិតរបស់អ្នកទាំងពីរ។ លោកយ៉ាកុបបានប្រើល្បិច លួចពររបស់ឪពុកគាត់ ពីបងប្រុស ។ ប៉ុន្តែ ២០ឆ្នាំក្រោយមក ព្រះទ្រង់បានត្រាស់ហៅលោកយ៉ាកុប ឲ្យវិលត្រឡប់ទៅស្រុកកំណើតវិញ។ ដូចនេះ យ៉ាកុបក៏បាននាំអំណោយដ៏ច្រើនសន្ធឹក ដើម្បីលួងលោកអេសាវឲ្យឈប់ខឹង។ “អេសាវក៏រត់មកទទួល ហើយឱបថើប រួចយំជាមួយគ្នាទាំង២នាក់”(លោកុប្បត្តិ ៣៣:៤)។
ការជួបជុំរបស់ពួកគេ គឺជាឧទាហរណ៍ ដែលបង្រៀនអំពីការបង្គាប់របស់ព្រះ ឲ្យយើងផ្សះផ្សាគ្នាជាមួយនឹងបងប្អូនយើង មុននឹងយើងថ្វាយដង្វាយ ជាអំណោយទាន ឬទ្រព្យសម្បត្តិក្តី ដល់ព្រះអង្គ(ម៉ាថាយ ៥:២៣-២៤)។ គឺដូចមានសេចក្តីចែងថា “ត្រូវទុកដង្វាយរបស់អ្នកនៅមុខអាសនា ហើយទៅរកជានឹងបងប្អូនជាមុនសិន រួចសឹមមកថ្វាយដង្វាយអ្នកចុះ”(ខ.២៤)។ លោកយ៉ាកុបបានស្តាប់បង្គាប់ព្រះ ដោយផ្សះផ្សាជាមួយលោកអេសាវ ហើយក្រោយមក ក៏បានរៀបចំអាសនាមួយថ្វាយព្រះអង្គ(លោកុប្បត្តិ ៣៣:២០)។ យើងត្រូវអនុវត្តឲ្យត្រូវតាមលំដាប់លំដោយ : ទីមួយ យើងត្រូវព្យាយាមស្វែងរកការអត់ឱនទោស និងការផ្សះផ្សា។ បន្ទាប់មក ព្រះអង្គទទួលយើង នៅអាសនា។—Patricia Raybon