លោក​ចន លូអ៊ីស(John Lewis) ជា​សមាជិក​សភា​អាមេរិក និង​ជា​អ្នក​ដឹក​នាំ​ចលនា​ទាមទា​សិទ្ធិ​ពល​រដ្ឋ។ ពេល​ដែល​គាត់​ទទួល​មរណៈ​ភាព​នៃ​ឆ្នាំ​២០២០ មនុស្ស​ជា​ច្រើន ដែល​មាន​និន្នាការ​នយោបាយ​ខុស​ៗ​គ្នា បាន​នាំ​គ្នា​កាន់​ទុក្ខ។ កាល​ពី​ឆ្នាំ​១៩៦៥ លោក​លូអ៊ីស បាន​ដើរ​ដង្ហែរ​ក្បួន​ជា​មួយ​លោក​ម៉ាទីន លូស័រ ឃីង ជូនា(Martin Luther King Jr.) ដើម្បី​ទាមទា​ឲ្យ​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ​មាន​សិទ្ធិ​បោះ​ឆ្នោត។ ក្នុង​អំឡុង​ពេល​ដង្ហែ​ក្បួន​នោះ លោក​លូអ៊ីស​ត្រូវ​គេ​វាយ​ដំ បណ្តាល​ឲ្យ​ប្រេះ​លលា​ក្បាល  និង​មាន​ស្នាម​សម្លាក​លើ​រាង​កាយ ពេញ​មួយ​ជីវិត។ គាត់​មាន​ប្រសាសន៍​ថា​ “ពេល​ដែល​អ្នក​បាន​ឃើញ​អ្វី​មួយ ដែល​មិន​ត្រឹម​ត្រូវ មិន​យុត្តិធម៌ មិន​ស្មើ​ភាព នោះ​អ្នក​មាន​កាតព្វកិច្ច​តាម​ផ្លូវ​សីលធម៌ ដែល​ត្រូវ​និយាយ និង​ធ្វើ​អ្វី​ម្យ៉ាង។ កុំ​ខ្លាច ក្នុង​ការ​ស្រែក​ទាម​ទា ហើយ​កុំ​ខ្លាច​មាន​រឿង ដែល​មាន​ប្រយោជន៍​នោះ​ឡើយ”។​

លោក​លូអ៊ីស​បាន​ដឹង​តាំង​ពី​ដំបូង​ថា ការ​ធ្វើអ្វី​ដែល​ត្រឹម​ត្រូវ ហើយ​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​សេចក្តី​ពិត តម្រូវ​ឲ្យ​យើង​ហ៊ាន​ប្រឈម​មុខ​ដាក់​បញ្ហា ដែល “មាន​ប្រយោជន៍”។ គាត់​ចាំ​បាច់​ត្រូវ​និយាយ ទោះ​មនុស្ស​ភាគ​ច្រើន​មិន​ចូល​ចិត្ត​ក៏​ដោយ។ ហោរា​អេម៉ុស​ក៏​បាន​ដឹង​អំពី​បញ្ហា​នេះ​ផង​ដែរ។ ពេល​ដែល​គាត់​បាន​ឃើញ​អំពើ​បាប និង​ភាព​អយុត្តិធម៌​ដែល​ពួក​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត  គាត់​មិន​អាច​នៅ​ស្ងៀម​បាន​ឡើយ។ លោក​អេម៉ុស​ក៏​បាន​ប្រកាស​ថ្កោល​ទោស​ពួក​អ្នក​មាន​អំណាច ដែល​កំពុង​គាប​សង្កត់​ជន​ស្លូត​ត្រង់ ស៊ី​សំណូក ហើយ​កាត់​ក្តី​ឲ្យ​អ្នក​ក្រ ដោយ​អយុត្តិធម៌ ព្រម​ទំាង​សង់​ផ្ទះ​ថ្ម និង​មាន​ចំការ​ទំពាំង​បាយ​ជូរ​ដ៏​ត្រសុំ​ត្រសាយ​(អេម៉ុស ៥:១១-១២)។ លោក​អេម៉ុស​មិន​ខិត​ខំ​ស្វែង​រក​សុវត្ថិភាព និង​ភាព​ស្រណុក​ស្រួល​នោះ​ទេ ផ្ទុយ​ទៅ​វិញ គាត់​បាន​និយាយ​ប្រឆាំង​នឹង​ការ​អាក្រក់។ ដូច​នេះ លោក​ហោរា​រូប​នេះ​បាន​នាំ​បញ្ហា​​ដាក់​ខ្លួន តែ​ជា​បញ្ហា​ដែល​មាន​ប្រយោជន៍។​

គាត់​បាន​ប្រឈម​មុខ​ដាក់​បញ្ហា​នេះ ក្នុង​គោល​បំណង ដើម្បី​ស្វែង​រក​ប្រយោជន៍ ឬ​យុត្តិធម៌​សម្រាប់​គេ​រាល់​គ្នា។ គឺ​ដូច​ដែល​លោក​អេម៉ុស​បាន​ប្រកាស​ថា “ត្រូវ​ឲ្យ​មាន​សេចក្តី​យុត្តិធម៌​ហូរ​ដូច​ទឹក ហើយ​សេចក្តី​សុចរិត​ដូច​ជា​ទន្លេ​ធំ​វិញ”(ខ.២៤)។ ចូរ​យើង​ប្រឈម​មុខ​ដាក់​បញ្ហា​ដែល​មាន​ប្រយោជន៍(ដែល​សុចរិត យុត្តិធម៌ និង​អហិង្សា ) ក្នុង​គោលដៅ​ដើម្បី​សេចក្តី​ល្អ  និង​ការ​ប្រោស​ឲ្យ​ជា។​—Winn Collier