មានរូបភាពមួយចំនួន ដែលមានអំណាចណាស់ បានជាគេមិនអាចបំភ្លេចពួកវាបាន។ ខ្ញុំចាំថា ពេលដែលខ្ញុំបានមើលរូបថតដ៏ល្បីល្បាញមួយសន្លឹក របស់ព្រះនាងដាយអាណា(Diana) នៃប្រទេសវេល ខ្ញុំក៏មានបទពិសោធន៍ដូចនេះផងដែរ។ បើមើលតែមួយភ្លែត រូបថតនោះហាក់ដូចជាសាមញ្ញ ដោយមានរូបព្រះនាងចាប់ដៃបុរសម្នាក់ដែលខ្ញុំមិនស្គាល់ ដោយព្រះភក្ត្រញញឹមដ៏កក់ក្តៅ។ ប៉ុន្តែ ប្រវត្តិនៃរូបថតនេះ ពិតជាគួរឲ្យកត់សំគាល់ណាស់។
កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ ១៩៨៧ ពេលដែលព្រះនាងដាយអាណាទៅសួរសុខទុក្ខអ្នកជំងឺ នៅមន្ទីរពេទ្យមីឌលសេក នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសកំពុងតែស្ថិតក្នុងភាពតក់ស្លុត ដោយសារជំងឺអេដស៍កំពុងតែរាតត្បាតពេញប្រទេស។ កាលនោះ គេមិនទាន់បានដឹងថា ជំងឺដែលកំពុងឆក់យកជីវិតមនុស្ស ដោយល្បឿនដ៏គួរឲ្យតក់ស្លត់នេះ បានរីករាលដាលដោយរបៀបណាទេ ហេតុនេះហើយ សាធារណៈជនបានចាត់ទុកជនរងគ្រោះនៃជំងឺអេដស៍ ដូចមនុស្សដែលត្រូវកាត់ចេញពីសង្គម។
ដូចនេះ គេមានការភ្ញាក់ផ្អើលណាស់ ពេលដែលព្រះនាងដាយអាណា បានចាប់ដៃអ្នកជំងឺអេដស៍ នៅថ្ងៃនោះ ដោយមិនបានពាក់ស្រោមដៃ និងមានទឹកមុខញញឹមដ៏ស្មោះត្រង់។ រូបភាពនៃការគោរព និងភាពសប្បុរសនេះ បានបណ្តាលចិត្តពិភពលោកឲ្យប្រព្រឹត្តចំពោះអ្នកជំងឺអេដស៍ ដោយសេចក្តីមេត្តា និងការអាណិតស្រដៀងនេះផងដែរ។
រូបភាពនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ ដែលបានប្រទានដល់មនុស្សទាំងឡាយ ដោយឥតគិតថ្លៃ និងដោយព្រះទ័យដ៏សប្បុរស។ លោកយ៉ូហានបានរំឭកអ្នកជឿព្រះយេស៊ូវនៅសម័យដើមថា ការបណ្តោយឲ្យក្តីស្រឡាញ់ក្រៀមស្វិត ឬលាក់ខ្លួន ដោយសារការភ័យខ្លាច គឺជាការរស់នៅជាប់ “ក្នុងសេចក្តីស្លាប់” នៅឡើយ(១យ៉ូហាន ៣:១៤)។ ហើយការស្រឡាញ់ ដោយសេរី និងគ្មានការភ័យខ្លាច ដោយអំណាច និងការពេញដោយព្រះវិញ្ញាណបរិសុទ្ធ គឺជាការពិសោធន៍នឹងជីវិតនៃការរស់ឡើងវិញ ក្នុងភាពពេញលេញរបស់វា(ខ.១៤,១៦)។—Monica La Rose